សមត្ថកិច្ចខេត្តកំពត ចាប់ខ្លួន អតីតស្នងការរងខេត្តស្ទឹងត្រែង ករណីជួញដូរគ្រឿងញៀន

ខេត្តកំពត ៖ កាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២០ខែកញ្ញា អតីតស្នងការរង នគរបាលខេត្តស្ទឹងត្រែង និងបក្សពួក ត្រូវបាននគរបាលស្រុក កំពង់ត្រាចខេត្តកំពត ចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ក្នុងផ្ទះសំណាក់ ឈ្មោះកាំងកាំងស្ថិតក្នុងភូមិកំពង់ត្រាចទី១ឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាច ខេត្តកំពត។

មន្ត្រីនគរបាលបានឱ្យដឹងថាបុរសដែលត្រូវបានចាប់ខ្លួននេះឈ្មោះម៉ាសុប៉ិន អាយុ ៦១ឆ្នាំ ជាអតីតស្នងការរងនគរបាលខេត្តស្ទឹងត្រែង បច្ចុប្បន្នរស់នៅភូមិថ្មលាត ឃុំ ស្រះឫស្សី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ដែលធ្លាប់ជាប់ពន្ធនាគារ ម្ដងរួចមក ហើយ រយៈពេលជាង១០ឆ្នាំដោយជាប់ពាក់ព័ន្ធនឹងក្រុម CFF និងបុរសម្នាក់ទៀត ឈ្មោះ នួន សេងណាំ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិរវាង ឃុំថ្នល់ដំបង ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ។

បន្ទាប់ពីបានឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានឆែកឆេររកឃើញ ថ្នាំញៀន១កញ្ចប់។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងសាកសួរ នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បី កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕