ជនជាតិ​ជប៉ុន​ជាង​៤០​ភាគរយ សារភាពថា​នៅ​«​ហ្ស៊ី​ន​» និពន្ធដោយ : ថ្មីៗ       September-20-2016, 8:39 pm         2585

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជនជាតិ​ជប៉ុន​ជាង​៤០​ភាគរយ សារភាពថា​នៅ​«​ហ្ស៊ី​ន​»​អ្នកណាៗ ក៏​ដឹងថា​ជប៉ុន គឺ​ប្រទេសមួយ​នៃ​ពិភពលោក​ដែល​កម្រិត​ប្រជាសាស្ត្រ​ទាប ពោលគឺ​មិនសូវមាន​កំណើនប្រជាជន​ប៉ុន្មាន​នោះទេ ខណៈ​អាត្រា​មនុស្ស​ចាស់​កាន់តែ​កើនឡើង​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​នោះ របាយការណ៍​ស្ទាបស្ទង់​ចុងក្រោយ បាន​រកឃើញថា​ទាំង​បុរស និង​ស្ត្រី​ភាគច្រើន​ដែល​មិនទាន់​រៀបការ ក៏​នៅ​មិនទាន់មាន​ទំនាក់ទំនង​ស្នេហា ហើយ​ពួកគេ ថែមទាំង​អះអាងថា នៅ​«​ព្រហ្មចារី​»​ទៀតផង​ដែរ​។

​យោងតាម​លទ្ធផល​ស្ទាបស្ទង់​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ជាតិ​ទទួលបន្ទុក​ប្រជាជន និង​របប​សន្តិសុខ​សង្គម ដែល​បាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន Japan Times នៅ​សប្តាហ៍​មុននេះ ប្រជាជន​ដែលមាន​អាយុ​ចន្លោះ ១៨-៣៤ ឆ្នាំ ត្រូវបាន​រកឃើញថា មាន​បុរស​ដែល​មិនទាន់​រៀបការ​៧០​ភាគរយ និង​ស្ត្រី​ដែល​មិនទាន់​រៀបការ​៦០​ភាគរយ សុទ្ធសឹងតែ​មិនទាន់មាន​ទំនាក់ទំនង​ស្នេហា​នៅឡើយ​នោះទេ​។​

​លើសពីនេះទៅទៀត​នោះ របាយការណ៍​នោះ ក៏បាន​រកឃើញ​ដែរ​ថា បុរស​ប្រមាណ​៤២​ភាគរយ និង​ស្ត្រី ៤៤.២​ភាគរយ បាន​សារភាពថា ពួកគេ នៅមាន​«​ព្រហ្មចារី​»​ទៀត​។ ចំនួន​នេះ បាន​កើនឡើង​គួរកត់សម្គាល់ បើ​ប្រៀបធៀប​ទៅនឹង​របាយការណ៍​ចុងក្រោយ​ក្នុង​ឆ្នាំ​២០១០ ដែល​ពេលនោះ បុរស និង​ស្ត្រី ដែល​អះអាងថា​នៅ​ព្រហ្មចារី មាន​ត្រឹមតែ​ជាង​៣០​ភាគរយ​ប៉ុណ្ណោះ​។ ហើយ​មូលហេតុ​នោះ​គឺ ដោយសារ​ពួកគេ មិនសូវមាន​ពេល​ជួបជុំ និង​ក្បែរ​ដើម្បី​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ ឬ​ស្នេហា​។

​បើតាម​បញ្ជាក់​របស់  Futoshi Ishii ប្រធាន​ស្រាវជ្រាវ​នៃ​របាយការណ៍​នេះ​ជាមួយនឹង​សារព័ត៌មាន Japan Times បុរស និង​ស្ត្រី​ទាំងនោះ ក៏​ចង់​រៀបការ​នៅពេល​ណាមួយ​ដែរ ក៏ប៉ុន្តែ ពួកគេ នៅមាន​ភាពស្ទាក់ស្ទើរ និង​ភាពមិនច្បាស់លាស់​។

​ជុំវិញ​លទ្ធផល​នេះ ប្រាកដ​ណាស់ ថា​រដ្ឋាភិបាល​ជប៉ុន មិន​សប្បាយចិត្ត​នោះទេ ដ្បិត វា នឹង​ប៉ះពាល់​ដល់​អត្រា​កំណើនប្រជាជន ខណៈ ជប៉ុន មាន​បញ្ហា​ប្រជាសាស្ត្រ​ស្រាប់​នោះ​។ កន្លងមក រដ្ឋបាល​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ បាន​ជំរុញ​ទឹកចិត្ត​ប្រជាជន តាមរយៈ​ការជួយជ្រោមជ្រែង​លើ​ការថែទាំ​កុមារ និង​ផ្នែក​សុខាភិបាល​ផងដែរ​នោះ​៕