ចិន​ខឹងសម្បារ​ខ្លាំង​ពេល​ប្រធានសភា​អឺរ៉ុប​ជួប​សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-20-2016, 9:19 pm         208

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន​ខឹងសម្បារ​ខ្លាំង​ពេល​ប្រធានសភា​អឺរ៉ុប​ជួប​សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា​​ប្រទេស​ចិន បានបង្ហាញ​ការខឹង​សម្បារ​របស់ខ្លួន​ជុំវិញ​ជំនួប​រវាង​សម្ដេច​សង្ឃ​ទី​បេ ដា​ឡៃ ឡា​ម៉ា និង​មេដឹកនាំ​សភា​អឺរ៉ុប បើទោះជា​ចិន​ប្រឆាំង​ដាច់ខាត​ក៏ដោយចុះ​។ ក្រៅពី​ខឹងសម្បារ​នោះ ក្រុង​ប៉េកាំង ក៏​គំរាម​ចាត់វិធានការ​លើ​អឺរ៉ុប ដែល​មិន​ស្ដាប់​ការណែនាំ​របស់ខ្លួន ព្រោះ​ក្រុង​ប៉េកាំង​តែង​ចាត់ទុក​សម្ដេច​សង្ឃ​អង្គ​នេះ ជា​អ្នក​ផ្ដាច់ខ្លួន​ទាមទារ​ឯករាជ្យ​ឲ្យ​តំបន់​ទី​បេ​វិញ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ជំនួប​រវាង​មេដឹកនាំ​ផ្ដាច់ខ្លួន​ទី​បេស​ម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា និង​ប្រធានសភា​អឺរ៉ុប ធ្វើ​ឲ្យ​ចិន ខឹង​យ៉ាងខ្លាំង ព្រមទាំង​ព្រមាន​ចាត់វិធានការ​ឆ្លើយតប​ផងដែរ​។ បើតាម​សេចក្ដីរាយការណ៍ សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា បាន​ជួប​ជាមួយ​ប្រធានសភា​អឺរ៉ុប លោក Martin Schulz (​ម៉ា​ទីន ស្យួ​ល​) និង​ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស លោក Elmar Brok(​អ៉ែ​ល​ម៉ា ប្រូ​ក​) នៅ​ទីក្រុង Strasbourg (​ស្ត្រា​ស​ប៊ឺ​ក​) កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​កន្លងទៅ​។​

​ក្នុងការ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី ១៩ ខែកញ្ញា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang និយាយថា អឺរ៉ុប​បាន​បំផ្លាញ​ការសន្យា​រវាង​ខ្លួន​ជាមួយ​ចិន ដោយ​ហ៊ាន​ជួប​ជាមួយ​មេដឹកនាំ​ទី​បេ ដោយ​មិន​ខ្វល់​ពី​ការព្រមាន​របស់​ចិន​។ លោក Lu បន្តថា ចិន​ប្រឆាំង​ដាច់ខាត​នឹង​កំហុស​របស់​សហភាព​អឺរ៉ុប ហើយ​សកម្មភាព​នេះ បាន​ប៉ះពាល់​ផលប្រយោជន៍​របស់​ចិន​យ៉ាងខ្លាំង ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​ដែរ​។​

​អ្នកនាំពាក្យ​ខាងលើ​បញ្ជាក់ទៀតថា ក្រុង​ប៉េកាំង​មិនអាច​នៅ​ស្ងៀម​ឡើយ ហើយ​ខ្លួន​នឹង​ពិនិត្យមើល​ជម្រើស​ជាក់លាក់​ណាមួយ បន្ទាប់ពី​ការវាយតម្លៃ​លើ​ជំនួប​នេះ​។ យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ទេ​ថា ក្រុង​ប៉េកាំង នឹងធ្វើ​អ្វី​បន្តទៀត​នោះឡើយ ព្រោះ​ចិន​ក៏បាន​ព្រមាន​ចាត់វិធានការ​រួចហើយ​ដែរ​។​

​មិនតែប៉ុណ្ណោះ លោក Lu Kang ក៏​អះអាង​ដែរ​ថា ចិន​ប្រឆាំង​រាល់​ជំនួប​រវាង​មេដឹកនាំ​ផ្ដាច់ខ្លួន​ទី​បេ និង​មេដឹកនាំ​ដទៃទៀត ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​ចុះ ហើយ​ចិន​ក៏​មិន​ពេញចិត្ត​នឹង​ទំនាក់ទំនង​រវាង​សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ជាមួយនឹង​អ្នកណាម្នាក់​ដែរ​។ មកទល់ពេលនេះ មាន​មេដឹកនាំ​តិច​តូច​បំផុត ដែល​ជួប​សម្ដេច​សង្ឃ​អង្គ​នេះ ហើយ​ញឹកញាប់​ជាងគេ​នោះ គឺ​ប្រធានាធិបតី​អាមេរិក​តែម្ដង​។    

​សូម​រម្លឹក​ដែរ​ថា កាលពី​សប្ដាហ៍​មុន ចិន ក៏​ទើបតែ​ព្រមាន​កោះ​តៃវ៉ាន់​មិន​ឲ្យ​ទទួល​សម្ដេច​សង្ឃ​ទី​បេ ដា​ឡៃ ឡា​ម៉ា ដែរ បន្ទាប់​សមាជិកសភា​តៃវ៉ាន់ អញ្ជើញ​មេដឹកនាំ​សាសនា​អង្គ​នេះ មក​ទស្សនកិច្ច​នៅ​តៃវ៉ាន់​នោះ​។ សម្រាប់​ចិន ទាំង​ទឹកដី​ទី​បេ ទាំង​កោះ​តៃវ៉ាន់ គឺជា​ទឹកដី​របស់ខ្លួន​ទាំងអស់ និង​មិនអាច​បំបែក​បានឡើយ​៕