បទ​ឈប់​បាញ់​ថ្មី​នៅ​ស៊ី​រី កាន់តែ​ធ្វើ​ឲ្យ​ជម្លោះ​ស្មុគស្មាញ និង​ពិបាក​បញ្ចប់​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-20-2016, 9:59 pm         149

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បទ​ឈប់​បាញ់​ថ្មី​នៅ​ស៊ី​រី កាន់តែ​ធ្វើ​ឲ្យ​ជម្លោះ​ស្មុគស្មាញ និង​ពិបាក​បញ្ចប់​?​រដ្ឋាភិបាល​ស៊ី​រី បានប្រកាស​បញ្ចប់​ការអនុវត្ត​បទ​ឈប់​បាញ់​ថ្មី​នា​ថ្ងៃ​ចន្ទ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរ​មានបាន​មួយ​សប្តាហ៍​តាម​ការកំណត់​ជំហាន​ដំបូង​ទាំង​ត្រដាបត្រដួស​។ ក្រុង​វ៉ាស៊ីនតោន ដែល​បាន​ទម្លាក់​គ្រាប់បែក​សម្លាប់​កងទ័ព​អស់​៦២​នាក់​ចុង​សប្តាហ៍​នោះ បាន​អះអាងថា​ខ្លួន​ចង់​ឲ្យ​មាន​ការបន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ទៀត​ដែរ​។ បច្ចុប្បន្ន​មហាអំណាច​ទាំងពីរ​ត្រឡប់​ទៅ ពិភាក្សាគ្នា​បន្ត​ដែរ ដើម្បី​រក​ដំណោះស្រាយ​គាំទ្រ​ការបន្ត​អនុវត្ត​បទ​ឈប់​បាញ់​នេះ​។ តែ​តាម​ស្ថានភាព​ជាក់ស្តែង ការបន្ត​អនុវត្ត​បទ​ឈប់​បាញ់​ហាក់ដូចជា​មិនអាច​ធ្វើទៅ​រួច​ឡើយ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ៖
**audio2**

​ថ្ងៃ​ចន្ទ​ទី ១៨ កញ្ញា រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បញ្ចប់​ការអនុវត្ត​បទ​ឈប់​បាញ់​ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ផ្អាក​ការប្រយុទ្ធ​រវាង​ទាហាន​ស៊ី​រី និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​ដោយ​អាមេរិក​។ ការប្រកាស​បញ្ចប់​ការអនុវត្ត​ជា​លក្ខណៈ​ឯកតោភាគី​នេះ ធ្វើឡើង​ក្រោយ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​អនុវត្ត​ក្នុងពេល ៧​ថ្ងៃ តាម​ការកំណត់​ជំហាន​ដំបូង​។ ប៉ុន្តែ​គេ​ហាក់​មើលមិនឃើញ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ស៊ី​រី​ក្នុង​ការបន្ត​អនុវត្ត​កិច្ចព្រមព្រៀង​នេះឡើយ ព្រោះ​ស៊ី​រី​អះអាងថា ក្រុម​ឧទ្ទាម​និង​ក្រុង​វ៉ាស៊ីនតោន​មិន​គោរព​បទ​ឈប់​បាញ់​ផង​។  ក្រុង​វ៉ាស៊ីនតោន​ឯណោះ​វិញ បានស្នើ​ឲ្យ​រុស្ស៊ី​បកស្រាយ​រឿង​ស៊ី​រី​ចេញ​សេចក្តីថ្លែងការណ៍​បញ្ចប់​ការអនុវត្ត​កិច្ចព្រមព្រៀង​។ ហើយ​រដ្ឋាភិបាល​នេះ​ក៏​អំពាវនាវ​ឲ្យ​រុស្ស៊ី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ស៊ី​រី ឲ្យ​បញ្ឈប់​ទម្លាក់​គ្រាប់​លើ​ជន​ស៊ីវិល និង ឈានទៅ​បន្ត​អនុវត្ត​បទ​ឈប់​បាញ់​ទៀត​។​

បទ​ឈប់​បាញ់​ថ្មី​នៅ​ស៊ី​រី កាន់តែ​ធ្វើ​ឲ្យ​ជម្លោះ​ស្មុគស្មាញ និង​ពិបាក​បញ្ចប់​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-20-2016,  9:59 pm         149

​ក្នុង​រយៈពេល ៧​ថ្ងៃ​មកនេះ កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​ត្រូវបាន​គូភាគី​រំលោភបំពាន​មិនតិចជាង ៥០ ដង​ឡើយ​។ ហើយ​កម្មវត្ថុ​សំខាន់​មួយ​គឺ​ផ្អាក​សកម្មភាព​យោធា​និង​បើកផ្លូវ​សម្រាប់​ការចែក​ចាយ​ជំនួយ​មនុស្សធម៌​នោះ​ធ្វើឡើង​យ៉ាង​ត្រដាបត្រដួស​បំផុត​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ស៊ី​រី​ក្តៅក្រហាយ​បំផុត​គឺ អាមេរិក​ដឹកនាំ​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ​វាយប្រហារ​លើ​កងទ័ពរ​បស់​ខ្លួន​កាលពី​ចុង​សប្តាហ៍​។

​តាមពិតទៅ គោលដៅ​នៃ​កិច្ចព្រមព្រៀង​ដែល​រុស្ស៊ី​និង​អាមេរិក​ផ្តួចផ្តើម​បង្កើត​ជាថ្មី​និង​ចូល​ជា​ធរមាន​ដើម​សប្តាហ៍​មុន គឺ​បញ្ឈប់​ឲ្យ​អស់​រាល់​ការប្រយុទ្ធ​ក្នុងពេល ៧​ថ្ងៃ​ពេញលេញ មុនពេល​រុស្ស៊ី​និង​អាមេរិក​ចាប់ផ្តើម​សហការគ្នា​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​ជី​ហាត រួមទាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ផង​។  ក្រោយ​មាន​ក្រុម​ប្រតិបត្តិ​ការរួម​កម្ចាត់​ភេរវកម្ម​ហើយ កិច្ចពិភាក្សា​លើ​ដំណោះស្រាយ​នយោបាយ​នឹងត្រូវ​ចាត់ចែង​ជា​បន្តបន្ទាប់​។​

១. រុស្ស៊ី​និង​ស៊ី​រី​ថា ក្រុម​ឧទ្ទាម​មិន​គោរព​បទ​ឈប់​បាញ់​ហើយ​ឆ្លៀត​កេងចំណេញ​ស្ថានការណ៍​
​ពាក់ព័ន្ធ​ការឈាន​ទៅ​បញ្ចប់​ការអនុវត្ត​កិច្ចព្រមព្រៀង រុស្ស៊ី និង​ស៊ី​រី​បាន​ចោទប្រកាន់ថា ក្រុម​ឧទ្ទាម​កំពុង​យក​កិច្ចព្រមព្រៀង​ជា​ខែល​ដើម្បី​ផ្តុំ​កម្លាំង​ត្រៀម​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​កងកម្លាំង​រដ្ឋាភិបាល​។​

​យោងតាម​សារព័ត៌មាន SANA  សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល ៧​ថ្ងៃ​មកនេះ​កងទ័ព​ខ្លួន​បាន​ព្យាយាម​អត់ធ្មត់​ខ្លាំង​ដើម្បី​ធានាថា កិច្ចព្រមព្រៀង​នេះ​មិន​រលំរលាយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ កងកម្លាំង​ក្រុម​ឧទ្ទាម​បាន​បន្ត​វាយប្រហារ​លើ​ទីតាំង​ជន​ស៊ីវិល​និង​ប្រមូលផ្តុំ​កម្លាំង​ដើម្បី​ត្រៀមប្រយុទ្ធ​ទៅវិញ​។ 

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី បាន​អះអាង​ស្រដៀង​គ្នា​ថា វា​ជា​រឿង​មិន​សម​ហេតុផល​ទាល់តែសោះ ដែល​កងទ័ព​អាសាដ ត្រូវគោរព​បទ​ឈប់​បាញ់ ខណៈដែល​កងកម្លាំង​ឧទ្ទាម​ដែល​អាមេរិក​គាំទ្រ​មិន​គោរព​កិច្ចព្រមព្រៀង​សោះ​។ ដូច្នេះហើយ ការបញ្ចប់​ការអនុវត្ត​បទ​ឈប់​បាញ់​នេះ​បញ្ជាក់ថា ការឈានទៅរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​ស៊ី​រី​ទំនងជា​ទៅ​មិន​រួច​ឡើយ​។​

បទ​ឈប់​បាញ់​ថ្មី​នៅ​ស៊ី​រី កាន់តែ​ធ្វើ​ឲ្យ​ជម្លោះ​ស្មុគស្មាញ និង​ពិបាក​បញ្ចប់​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-20-2016,  9:59 pm         149

​យ៉ាងណា​ក៏ដោយចុះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី បានបញ្ជាក់​ច្បាស់​ថា សហរដ្ឋអាមេរិក​សង្ឃឹម​ថា កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​នឹងត្រូវ​បន្ត​អនុវត្ត​ទៅមុខទៀត​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សហរដ្ឋអាមេរិក​ក៏បាន​ស្នើ​ឲ្យ​សមភាគ​រុស្ស៊ី​បកស្រាយ​ពាក់ព័ន្ធ​ការចេញ​សេចក្តីថ្លែងការណ៍​របស់​ក្រុង​ដា​ម៉ាស​ដើម្បី​បញ្ចប់​ការអនុវត្ត​កិច្ចព្រមព្រៀង​ផ្អាក​ការប្រយុទ្ធ​នេះដែរ​។

២. អាសាដ​ក្តៅក្រហាយ​អាមេរិក​ដែល​សម្លាប់​កងទ័ព​ខ្លួន​អស់ ៦២​នាក់​
​តាមពិតទៅ គេ​មិនអាច​បដិសេធ​បានឡើយ​ដែលថា ការវាយប្រហារ​ផ្លូវអាកាស​របស់​សម្ព័ន្ធ​អន្តរជាតិ​សម្លាប់​ទាហាន​អាសាស្ម័គ្រ​របស់​រដ្ឋាភិបាល​លោក អាសាដ អស់ ៦២ នាក់​និង​ធ្វើ​ឲ្យ​របួស ១០០​នាក់​ផ្សេងទៀត​នោះ ជា​មូលហេតុ​នៃ​ការបញ្ចប់​ការអនុវត្ត​បទ​ឈប់​បាញ់​ដែរ​។​

​ស៊ី​រី​បាន​ចោទថា សហរដ្ឋអាមេរិក​មាន​ចេតនា​វាយប្រហារ​លើ​កង​ទ័ព​ខ្លួន មិនមែនជា​ការភាន់ច្រឡំ​អ្វី​ទេ​។ ទីប្រឹក្សា​រដ្ឋាភិបាល​ស៊ី​រី Buthaina Shaaban បាន​ថ្លែងប្រាប់​ទីភ្នាក់ងារ ព័ត៌មាន AFP ថា វា​ជា​រឿង​មិនអាច​ទៅរួច​ឡើយ​ដែល​ការវាយប្រហារ​លើ​កងទ័ព​ស៊ី​រី​ជា​រឿង​អ​ចេតនា​។ កងទ័ព​ស៊ី​រី​ដែល​ឈរជើង​កន្លែង​ដែល​អាមេរិក​វាយប្រហារ​ជា​កងទ័ព​ដែល​ប្រយុទ្ធ​កម្ចាត់​ក្រុម​ភេរវជន​ដែ​ស្ហ ដោយមាន​ការគាំទ្រ​ពី​កងទ័ពអាកាស​ស៊ី​រី និង​រុស្ស៊ី​។

​កាលពី​ថ្ងៃអាទិត្យ កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ដែលមាន​អាមេរិក​ជា​មេដឹកនាំ​នោះបាន​វាយប្រហារ​លើ​ទាហាន​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស ហើយ​ក្រោយមក​ទីបញ្ជាការ​យោធា​អាមេរិក​ប្រចាំ​ស៊ី​រី​បាន​សារភាពថា កងកម្លាំង​ខ្លួន​វាយប្រហារ​លើ​កងទ័ព​អាសាដ​មែន​។ តែ​វា​ជាការ​ភាន់ច្រឡំ​ប៉ុណ្ណោះ​។ 

៣. ឃែ​រី សោកស្តាយ​រឿង​វាយ​ច្រឡំ​កងទ័ព​ស៊ី​រី តែ​ឆ្លៀត​បន្ទោស​រុស្ស៊ី​និង​រដ្ឋាភិបាល​ស៊ី​រី​
​ទាក់ទិន​ការវាយប្រហារ​លើ​កងទ័ព​ស៊ី​រី លោក ច​ន ឃែ​រី បាន​ក៏​ចេញមុខ​បកស្រាយ​ផងដែរ ក្នុងពេល​លោក​ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន CNN ថ្ងៃ​ចន្ទ​ទី ១៩ កញ្ញា​។ លោក​ទទួលស្គាល់​និង​សោកស្តាយ​ចំពោះ​ការវាយប្រហារ​ខុស​គោលដៅ ហើយ​លោក​អធិប្បាយ​ថា ការវាយប្រហារ​នេះ​កើតឡើង​ដោយសារ​កងទ័ព​សម្ព័ន្ធ​អន្តរជាតិ​ច្រឡំ​ទាហាន​ស៊ី​រី​ថា​ជា ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​លោក ឃែ​រី បាន​ហៅ​លោក អាសាដ ថា​ជា​«​មនុស្ស​ខូច​» ព្រោះ​លោក​មិនបាន​គោរព​កិច្ចព្រមព្រៀង​ផ្អាក​ប្រយុទ្ធ​ទេ​។ លោក​ឃែ​រី បន្តថា អាសាដ​បន្ត​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ជន​ស៊ីវិល​ឥត​រើសអើង​ឡើយ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ ក៏​បន្ទោស​រុស្ស៊ី​ផងដែរ​ថា តាំង​ពីបទ​ឈប់​បាញ់​ចូល​ជា​ធរមាន រុស្ស៊ី​មិនបាន​ប្រឹងប្រែង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ស៊ី​រី និង​សម្រួល​ដល់​ការចែក​ចាយ​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រជាជន​ស៊ី​រី​ឡើយ​។  រុស្ស៊ី​តប​វិញ​ថា ស៊ី​រី​ដកទ័ព​ពីរដង​ដើម្បី​ឲ្យ​មានការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ តែ​អាមេរិក​ឯណោះ​ទេ​ដែល​មិន​ជំរុញ​ឲ្យ​ក្រុម​ឧទ្ទាម​ដកទ័ព​នោះ​។​

៤.​សង្ឃឹម​នៅ​តិច តែ​ក្រុមការងារ​អាមេរិក​និង​រុស្ស៊ី​បន្ត​ជជែក​រឿង​បន្ត​បទ​ឈប់​បាញ់​
​ជារួម គេ​អាច​មើលឃើញថា រដ្ឋាភិបាល​ស៊ី​រី​ត្រៀមខ្លួន​ប្រយុទ្ធ​ឡើងវិញ ក្រោយ​ប្រកាស​បញ្ចប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ​។ ចំណែក​អាមេរិក​វិញ​បាន​អះអាងថា ខ្លួន​មិន​ចង់​ឲ្យ​មានការ​បញ្ឈប់​ស្រួលៗ​បែបនេះ​ឡើយ​។  ប៉ុន្តែ​រុស្ស៊ី​ហាក់បីដូចជា​ស្ទាក់ស្ទើរ នៅឡើយ មិនដឹងថា​គួរ​ដាក់​សម្ពាធ​អាសាដ​ឲ្យ​បន្ត​គោរព​កិច្ចព្រមព្រៀង​ឬ​អត់  ព្រោះ​អាមេរិក​ហាក់​មិនបាន​គោរព​ពាក្យសន្យា​របស់ខ្លួន​ឡើយ​ក្រោយ​ចាប់ផ្តើម​អនុវត្ត​កិច្ចព្រមព្រៀង​ដើម​សប្តាហ៍​មុន​។​

​យ៉ាងណា​ក៏ដោយចុះ ដើម្បី​ធានាថា ការបញ្ចប់​សង្គ្រាម​ស៊ី​រិល​អាច​កើតឡើង​បាន អាមេរិក​និង​រុស្ស៊ី បាន​បញ្ជូន​មន្ត្រីជាន់ខ្ពស់​របស់ខ្លួន​ទៅ​ក្រុង​ហ្សឺ​ណែវ​ដើម្បី​ពិភាក្សាគ្នា​បន្តថា​តើ​គួរ​ធ្វើ​បែប​ម៉េច​ទៀត​ចំពោះ​កិច្ចព្រមព្រៀង​ជាពិសេស​សម្រួល​ដល់​ការផ្តល់​ជំនួយ​មនុស្សធម៌​។ ភាគី​ត្រូវ ចំណាយពេល​២​ថ្ងៃ ដើម្បី​ជជែក​គ្នា ដោយ​កិច្ចពិភាក្សា​ចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​។​

 ចំណែក​ក្រុម​អន្តរជាតិ​គាំទ្រ​ស៊ី​រីឯ​ណោះ​វិញ ក៏ត្រូវ​ជួបប្រជុំគ្នា​ដែរ​នៅ​ថ្ងៃ​អង្គារ​ទី​២០ ខែកញ្ញា​នេះ នៅ​ក្រុង​ញូវយ៉ក ដោយ​សមាជិក​ក្រុម​នេះ​នឹង​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ដើម្បី​កំណត់ថា​តើ​ពួកគេ​ត្រូវធ្វើ​បែបណា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​បច្ចុប្បន្ននេះ​៕