រោងចក្រ​ក្ស័យធន​ថៅកែ​រត់​ចោល កម្មករ​ធ្វើ​បាតុកម្ម​បិទផ្លូវ

ខេត្តកណ្ដាល ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ហ្គ្រេ​ត​អន​នើ​រ GREAT  HONOUR ចំនួន​៩៧០​នាក់ ដែល​មា​នទី​តាំងនៅ​ភូមិ​លេខ​៤ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង  រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០​ខែកញ្ញា​នេះ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រោងចក្រ ដោយ​យក​កំណាត់​លូ និង​គ្រែ​ដាក់​លើ​ផ្លូវ បិទផ្លូវ​ជាតិ លេខ​២១A ទាំងស្រុង មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ដើម្បី​ទៀមទារ​ឱ្យ​ថៅកែ​រោងចក្រ បើកប្រាក់​ឈ្នួល​ឱ្យ​ខ្លួន និង​ឱ្យ​អាជ្ញាធរ​ស្ថាប័ន​តុលាការ​រក​យុត្តិធម៌​ឲ្យ​កម្មករ​។

រយៈពេល​ពី​ថ្ងៃនេះ​កំណាត់​ផ្លូវជាតិ​លេខ​២១A ចំណុច​ខាង​មុខ​រោងចក្រ​ត្រូវ​បាន​បិទ​ទាំងស្រុង​មិន​អាច​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​បាន​។ ដោយសា​តែ​ក្រុម​កម្មករ ចង​តង់​នៅ​លើ​ផ្លូវ និង​យក​កំណាត់​លូ គ្រែ និង​ម៉ូតូ​កង់ មក​ដាក់​លើ​ផ្លូវជាតិ នាំ​គ្នា​ឈរ​លើក​បដា និង​រូបថត​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​តាម​ច្បាប់​។ តំណាង​កម្មករ​បានឱ្យ​ដឹង​ថា​រោងចក្រ​នេះ​អត់​ការងារ​ឲ្យ​កម្មករ​ធ្វើ​ច្រើន​ខែ​មក​ហើយ និង​មិន​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​។

ហើយ​ជាង​មួយ​ខែ​កន្លង​មកនេះ ថៅកែ​រោងចក្រ​បាន​ប្រកាសប្រាប់​កម្មករ និង​បុគ្គលិក​ថា​រោងចក្រ​ក្ស័យធន និង​ប្រកាស​បិទ រោងចក្រ ប៉ុន្តែ​មិន​បាន​បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ និង​បុគ្គលិក​ទេ​។ កម្មករ​លើក​ឡើង​ថា ពួក​គាត់​ធ្វើការ​ជា​កម្មករ សង្ឃឹមលើ​ប្រាក់ខែ​ជាង​១០០​ដុល្លារ សម្រាប់​ចាយវាយ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។ បើ​ថៅកែ​រោងចក្រ រត់​ចោល​មិន​បើក​ប្រាក់ខែ មិន​ដោះស្រាយ​ឱ្យ​កម្មករ តើ​ពួក​គាត់​មាន​អ្វី​សង្ឃឹម​នោះ​។ កម្មករ​បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​តុលាការ​សូម​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ផង បើ​រោងចក្រ​នេះ​ក្ស័យធន​បិទទ្វារ សូម​ឱ្យ​ថៅកែ​រោងចក្រ​ទូទាត់​ប្រាក់​ផ្សេង​ៗ​ទាំងអស់​ដល់​កម្មករ តាម​ច្បាប់​ស្ដី​ពី​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​។

តំណាង​កម្មករ​បានឱ្យ​ដឹង​ថា ខាង​តំណាង​រោងចក្រ​នេះ​កាលពី​ថ្ងៃ​ទី​១១ ខែសីហា បាន​ប្រកាសប្រាប់​កម្មករ និង​បុគ្គលិក​ថា​រោងចក្រ​ក្ស័យធន បាន​បិទទ្វារ​ហើយ និង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ផង​ដែរ​។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែសីហា​ដដែល​នោះ  អាជ្ញាធរ​ខេត្ត មន្ត្រី ក្រសួង មន្ទី​ការងារ បាន​ចុះ​ទៅ​ពិនិត្យ​នៅ​រោងចក្រ​នោះ​ផ្ទាល់ ហើយ​បាន​ធ្វើ​កំណត់ហេតុ រាប់​សម្ភារ​ក្នុង​រោងចក្រ​នោះ និង​ចាក់​សោះ​ទុក​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ពិភាក្សា ដោះស្រាយ​ជូន​កម្មករ​ជា​ក្រោយ​។

ចាប់តាំងពី​ពេល​នោះ​មក កម្មករ​បាន​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ  មួ​យស​ប្ដា​ហ៍ ហើយ​មួ​យស​ប្ដា​ហ៍​ទៀត ចេះ​តែ​បាត់​ដំណឹង​ពី​ដំណោះស្រាយ​សូន្យឈឹង និង​ខាង​តំណាង​កម្មករ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​តុលាការ​ទៀត​ក៏​មិន​មាន​ចំណាត់ការ​ដែរ​ទើប​ពួក​គាត់​ជា​កម្មករ​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​នៅ​ខាង​មុខ​រោងចក្រ​នេះ ដែល​ជា​ជម្រើស​ចុង​ក្រោយ​។ កម្មករ​លើក​ឡើង​ថា ពួក​គេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​បិទផ្លូវ​បន្ត​ទៀត បើ​ថៅកែ​រោងចក្រ និង​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ​ជូន​កម្មករ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ទេ​នោះ​។

លោក យ៉ែ​ម វ​ន្ថា អភិបាលរង​ស្រុក​ស្អាង បាន​ប្រាប់​ឱ្យ​ដឹង​ថា​ក្រុម​កម្មករ ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិ​ពីរ​ថ្ងៃនេះ ខាង​អាជ្ញាធរ  និង​មន្ត្រី មន្ទីរ​ការងារ បាន​ទៅ​ពន្យល់​ណែនាំ​ដល់​កម្មករ ឲ្យ​បើកផ្លូវ​ជាតិ​វិញ ប៉ុន្តែ​ក្រុម​កម្មករ​មិន​ស្ដាប់​តាម​ការ​ណែនាំ​ទេ បើ​ទោះបី​អាជ្ញាធរ​បាន​សន្យា​ថា​នឹង​រក​ដំ​ដោះស្រាយ​ជូន​កម្មករ​ឲ្យ​បាន​ឆាប់​ៗ​ខាង​មុខ​នេះ​ក្ដី​។ គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា កន្លង​ទៅ​នេះ​កម្មករ​រោងចក្រ​នេះ បាន​នាំ​គ្នា​ទៅ​ឈរ​លើក​បដា​នៅ​ខាង​មុខ សាលាដំបូង​ខេត្តកណ្ដាល ដើម្បី​ស្នើ​សុំ​ឱ្យ​ស្ថាប័ន តុលាការ ជួយ​រក​យុត្តិធម៌ តាម​ច្បាប់​ឱ្យ​កម្មករ បន្ទាប់​ពី​រោងចក្រ​នេះ​ក្ស័យធន​បិទទ្វារ​។

លោក លឹ​ម សុ​គ​ន្ថា ព្រះ​រា​ជ្ញា​សាលាដំបូង​ខេត្តកណ្ដាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​រោងចក្រ​នេះ​ក្ស័យធន​បិទទ្វារ និង​បន្ទាប់​ពី​មាន​បណ្ដឹង ពី​តំណាង​កម្មករ អាជ្ញាធរ និង​ព្រះ​រា​ជ្ញា​សាលាដំបូង​ខេត្ត​បាន​ធ្វើ​កំណត់ហេតុ និង​រាប់​សម្ភារ​នៅ​ក្នុង​រោងចក្រ  និង​បាន​ចេញ​ដីកា​រក្សា​រការ​រួចរាល់ ព្រមទាំង​បាន​ប្រកាស ដាក់​លក់​សម្ភារៈ​នៅ​ក្នុង​រោងចក្រ​នេះ​ទាំងស្រុង​ផង​ដែរ​ដើម្បី​យក​លុយ​មក​សង​ឲ្យ​កម្មករ ប៉ុន្តែ​មិន​ទាន់​មាន​អ្នក​ដាក់​ពាក្យ​ទិញ​នៅឡើយ​ទេ​។ លោក​ព្រះរាជអាជ្ញា បាន​ពន្យល់​ពី​នីតិវិធី​របស់​តុលាការ​ដល់​តំណាង​កម្មករ ក្រុម​កម្មករ​ក៏​បាន​នាំ​គ្នា​ត្រឡប់ ទៅ​វិញ​ផង​ដែរ​៕