លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​គេ​បាញ់​បង្ហោះ​ផ្កាយរណប និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-20-2016, 10:39 pm         282

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក គីម ជុង​អ៊ុន បញ្ជា​ឲ្យ​គេ​បាញ់​បង្ហោះ​ផ្កាយរណប​បន្ទាប់ពី​សាកល្បង​គ្រាប់​នុយក្លេអ៊ែរ​រូ​ចមក កូរ៉េខាងជើង នៅ​ថ្ងៃទី​២០ ខែកញ្ញា បានប្រកាសថា ខ្លួន​បាន​សាកល្បង​ម៉ាស៊ីន​បាញ់​ផ្កាយរណប​ដោយ​ជោគជ័យ  ហើយ​ការសាកល្បង​នេះ​ត្រូវបាន​ត្រួតពិនិត្យ​ដោយផ្ទាល់​ពី​សំណាក់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។ បន្ទាប់ពី​សាកល្បង​ដោយ​ជោគជ័យ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ក៏​ប្រាប់​ឲ្យ​រៀបចំ​ការបាញ់​ផ្កាយរណប​តែម្ដង​។

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ផ្សាយ​ថា មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ដឹកនាំ​ការសាកល្បង​ម៉ាស៊ីន​បាញ់​រ៉ុក្កែត ដែលមាន​សមត្ថភាព​បា​ញ់​បង្ហោះ​ផ្កាយរណប​។ កូរ៉េខាងជើង អះអាងថា​ការសាកល្បង​នេះ​ជា​ជោគជ័យ​មួយ​របស់ខ្លួន ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ដែល​អាច​បាញ់​មី​ស៊ី​ល​បាន​។ 

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​បន្តថា មេដឹកនាំ​កូរ៉េខាងជើង​បាន​ទស្សនកិច្ច​មជ្ឈមណ្ឌល​អ​វ​កាស Sohae ដើម្បី​ណែនាំ​ពី​ការប្រើប្រាស់​ម៉ាស៊ីន​ថាមពល​ប្រភេទ​ថ្មី​នេះ​។ នៅក្រោយ​ការសាកល្បង​នោះ លោក គីម ជុង​អ៊ុន ក៏​ប្រាប់​ទៅ​អ្នកវិទ្យាសាស្ត្រ និង​ក្រុម​វិស្វករ​ទាំងអស់ ឲ្យ​រៀបចំ​ឲ្យ​បាន​ស្រេចបាច់​ដើម្បី​បាញ់​ផ្កាយរណប​ឲ្យ​ឆាប់​តាមតែ​អាចធ្វើ​បាន ដោយ​ពឹង​ផ្អែកលើ​ការសាកល្បង​នេះ​។​

​ជា​រឿង​គួរកត់សម្គាល់​នោះ ការធ្វើ​តេស្ត​នៅ​ថ្ងៃទី​២០ ខែ​ក​ញ្ញ​នេះ ធ្វើឡើង​ចំពេល​ដែល​ក្រុង​ព្យុងយ៉ាង​កំពុង​រង​សម្ពាធ​ពី​អន្តរជាតិ​ជុំវិញ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៥ កាលពី​ថ្ងៃទី​៩ ខែកញ្ញា​កន្លងមក​។ អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង រួមគ្នា​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ឲ្យ​ខ្លាំង​លើ​របប​ឯកោ​កូរ៉េខាងជើង ដែល​ល្មើស​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ម្ដង​ហើយ​ម្ដងទៀត​នោះ​។​

​នៅក្រោយ​ការសាកល្បង​នុយក្លេអ៊ែរ​ថ្ងៃ ទី​៩ ខែកញ្ញា កូរ៉េខាងជើង​អះអាងថា សមត្ថភាព​របស់ខ្លួន​កាន់តែ​កើនឡើង ក្នុងការ​អភិវឌ្ឍ​មី​ស៊ី​ល​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន ដែល​រឿងនេះ​ធ្វើ​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង ជា​អ្នកជិតខាង​បារម្ភ​យ៉ាងខ្លាំង​។ មិន​ត្រឹមតែ​អ្នកជិតខាង​ទាំងពីរ​នេះ​ដែល​បារម្ភ សូម្បីតែ​អាមេរិក​ក៏​បារម្ភ​ខ្លាំង​ដែរ ព្រោះ​កូរ៉េខាងជើង​កំពុង​ឈានដល់​ការអភិវឌ្ឍ​មី​ស៊ី​ល​អន្តរទ្វីប ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​ហើយ​។​

​ទន្ទឹមនឹង​ការ​វិ​វ​ត្តិ​ទៅមុខ​នេះ កូរ៉េខាងជើង​ក៏បាន​បង្ហាញ​សមត្ថភាព​អាវុធ​ជា​បន្តបន្ទាប់​ដែរ​។ នៅ​ដើមខែ​កញ្ញា​នេះ ក្រុង​ព្យុងយ៉ាង​បាន​បាញ់​មី​ស៊ី​ល​ចំនួន​៣​គ្រាប់ ដែល​អាច​រត់​បាន​ចម្ងាយ​ដល់​ទៅមួយ​ពាន់​គីឡូ​ម៉ែត​។ ហើយ​នៅ​ខែសីហា ក្រុង​ព្យុងយ៉ាង ក៏បាន​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក ចូល​ដែនទឹក​ជប៉ុន​ដែរ​។ ក្រោយ​ការបាញ់​ទាំង​អម្បាលម៉ាន សហគមន៍​អន្តរជាតិ បានត្រឹមតែ​ប្រាប់​ឲ្យ​កូរ៉េខាងជើង​ផ្អាក​សកម្មភាព​ប៉ុណ្ណោះ តែ​គេ​មិនទាន់​ឃើញ​មាន​វិធានការ​ជា​ដុំកំភួន​ណាមួយ​ប្រឆាំង​កូរ៉េខាងជើង​ឡើយ​៕