ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​៧២​គ្រួសារ និង​ឧកញ៉ា​នៅ​តែ​អូស​បន្លាយ

បន្ទាយ​មាន​ជ័យ ៖ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ៧២​គ្រួសារ និង​ឧកញ៉ា​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​ដោះស្រាយ​មិន​ចេញ ភាគី​ទាំង​សងខាង​សុំ​សម្រួល​ឲ្យ​បាន​ឆាប់ និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​។ កិច្ចប្រជុំ​ដោះស្រាយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​សាលា​ខេត្តបន្ទាយមានជ័យ​។

តំណាង​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ក្នុង​ចំណោម​១៨០​គ្រួសារ គឺ​មាន​ចំនួន​១២៨​គ្រួសារ​រស់នៅ មាន​ភូមិ​ប្រាសាទ​រាង និង​ភូមិ​តា​ម៉ៅ ស្ថិត​ក្នុង​ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា សង ថន ឈ្មោះ ទន់ ប៊ុ​ន​ធឿ​ន ឈ្មោះ ប៉ែន កិ ដែល​មាន​បំណង​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​មាន​ផ្ទៃដី​ចំនួន ៥៧១​ហិ​កតា​។

តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ចំនួន​១២៨​គ្រួសារ​នេះ មាន​រយៈពេល​យូរ​មក​ហើយ ដែល​ដោះស្រាយ​មិន​ចេញ ដែល​ជាប់​គាំង និង​អូស​បន្លាយ​ជា​យូរ ឆ្លងកាត់​អភិបាលខេត្ត​ជា​ច្រើន​អាណត្តិ​។ ដី​នេះ​ជា​ដី​ដែល​ប្រជាពលរដ្ឋ​ទទួល​បានការ​បែងចែក​ពី​អាជ្ញាធរ​ហើយនឹង​ការ​ទិញ​ដូរ ប្រជាពលរដ្ឋ​សុំ​ឲ្យ​ការ​សម្របសម្រួល​របស់​គណៈកម្មការ​ទទួល​បាន​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដោះស្រាយ​ឆាប់​ដើម្បី​ទទួល​ប្លង់​កម្មសិទ្ធិ​។

លោក ទន់ ប៊ុ​ន​ធឿ​ន តំណាង​ភាគី​ម្ខាង​បាន​បញ្ជាក់​ថា ដី​ដែល​ប្រជាពលរដ្ឋ​រំលោភ​យក​នោះ​គឺ​ដី​របស់​លោក​ឧកញ៉ា សង ថន ដែល​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ចំណោម​១២០​គ្រួសារ មាន​តែ​៦១​គ្រួសារ និង​ឈ្មោះ ទន់ ប៊ុ​ន​ធឿ​ន ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ ដែល​ស្ថិត​ភូមិ​ប្រាសាទ​រាង ឃុំ​តាម​គង់ ស្រុក​ម៉ា​ឡៃ​។ លោក​បាន​បញ្ជាក់​ថា ដី​ដែល​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រំលោភ​យក​នេះ​ជា​ដី​ដែល​ពួក​គាត់​ទិញ​ពី​មេទាហាន​អតីត​ខ្មែរក្រហម​កាលពីមុន​ថា​ជា​ដី​ខាង​ខេត្តបាត់ដំបង តែ​ក្រោយ​កំណត់​ព្រំប្រទល់​ដី​ស្ថិត​ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រំលោភ​យក​ដី​ពួក​គាត់​ទៅ​វិញ​ដោយ​ឈ្មោះ ឈឺ​ន ឆាន ជា​មេខ្លោង​យក​ដី​លក់​ឲ្យ​ប្រជាពលរដ្ឋ​។

ក្នុង​នាម​ម្ចាស់​ដី​សូម​ឲ្យ​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ជួយ​រក​ដំណោះស្រាយ និង​មាន​វិធានការ​ចំពោះ​បុគ្គល​ដែល​លួច​ដី​របស់​គាត់​លក់ ហើយ​ការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ដើម្បី​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​។​លោក លី សារី អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ទំនាស់​ដីធ្លី​រវាង​បុគ្គល និង​ប្រជាពលរដ្ឋ​ភូមិ​ប្រាសាទ​រាង ឃុំ​តា​គង់ គឺ​ខេត្ត​បាន​ឲ្យ​គណៈកម្មការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ខេត្ត​សហការ​ជាមួយ​ស្រុក​ដើម្បី​ស្រាវជ្រាវ និង​ធ្វើ​អត្តសញ្ញាណ​ប្រជាពលរដ្ឋ និង​ដីធ្លី​ឲ្យ​បាន​ច្បាស់លាស់​ធ្វើការ​ដោះស្រាយ​ជូន​ទទួល​បាន​ភាព​យុត្តិធម៌​៕