ក្រុង​ស្ទឹង​សែន​កំពុង​ត្រូវ​បាន​អភិវឌ្ឍន៍​គួរ​ឲ្យ​កត់សម្គាល់ !

ខេត្តកំពង់ធំ ៖ ថវិកា​ចំនួន​ជាង​៧០​ម៉ឺន​ដុល្លា​ត្រូវ​បាន​យក​មក​ធ្វើការ​អភិវឌ្ឍន៍​កែ​លម្អ​ក្រុង​ស្ទឹង​សែន និង​រូបសំណាក​មួយ​ចំនួន ដែល​ត្រូវ​ដាក់​តាំង​ក្នុង​ក្រុង​ហើយនឹង​នៅ​តាម​ចំណុច​ផ្លូវ​វាង​ក្រុង និង​ស្រុក ដែល​ជា​មោទនភាព​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ទឹកដី​នៃ​ខេត្តកំពង់ធំ​។

ជុំវិញ​ការ​អភិវឌ្ឍន៍​នេះ​លោក អ៊ុត សំ​អន អភិបាលខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ នេះ​ថា​ចំពោះ​ផ្លូវ​វាង​ស្រុក និង​ក្រុង ខេត្ត​បាន​រៀបចំ​គម្រោង​ដាក់​រូបសំណាក​រួម​មាន​ទី​១.​នៅ​ស្រុក​បារាយ៍​គ្រោង​ត្រូវ​ដាក់​រូបសំណាក​ព្រះ​ខ័ន ទី​២.​នៅ​ស្រុក​ស​ន្ទុ​ក​ដាក់​រូបសំណាក ផ្តិល​សំ​រិ​ទ្ធ ទី​៣.​នៅ​ផ្លូវ​វាង​ក្រុង​ស្ទឹង​សែន ត្រង់​ចំណុច​រង្វង់​មូល​ខាងត្បូង​ដាក់​រូបសំណាក តោ​សំបូរ​ព្រៃ​គុក និង​ចំនុច​ខាងជើង​ដាក់ រូបសំណាក លោកតា​អាចារ្យ​លាក់ នៅ​ចំណុច​ខាងកើត​គល់​ស្ពាន​កំពង់ធំ ខាងត្បូង​ខេត្ត​បាន​ដាក់​ជំនួស​មក​វិញ​នូវ​រូបសំណាក តោ​ឈរ ដែល​ចម្លង​តាម​រចនា​តោ​បុរាណ​ដែល​យក​មក​ពី​ប្រាសាទកោះកេរ្តិ៍​ខេត្តព្រះវិហារ នៅ​ខាងជើង​គល់​ស្ពាន​កំពង់ធំ​ផ្លូវ​ចូល​ទៅ​ភូមិ​កំពង់​ក្របៅ ខេត្ត​មាន​គម្រោង​ដាក់​រូបសំណាក កំពុង​ពោះធំ ដែល​ជា​ឈ្មោះ​ដើម​កំណើត​នៃ​ខេត្តកំពង់ធំ មក​ពី​ពាក្យ​កំពុង​ពោះធំ​នេះ​។

ហើយ​នៅ​ផ្លូវបំបែក​រវាង​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ ខេត្ត​គ្រោង​នឹង​ដាក់​នូវ​រូបសំណាក ដាវ​ដែក​កំពង់ស្វាយ នៅ​លើ​ទឹកដី​ស្រុក​កំពង់ស្វាយ​នេះ​តែ​ម្តង ខេត្ត​ដាក់​រូបសំណាក​នេះ​ក៏​ដោយសារ​តែ​ជីវប្រវត្តិ​ដាវ​ដែក​កំពង់ស្វាយនេះ​ត្រូវ​បាន​បុព្វបុរស​ខ្មែរ​របស់​យើង​លោក​បាន​សិត​ដាវ​ដ៏​មហិមា​ន​នេះ​ឡើង​ធ្វើ​ជា​អាវុធ​ដ៏​មាន​ម​ហិ​ទ្ធិ​រិ​ទ្ធ​សម្រាប់​បង្ក្រាប​ខ្មាំងសត្រូវ​ដែល​ចូល​មក​ឈ្លានពាន​ទឹកដី​ខ្មែរ​នា​សម័យ​កាលនោះ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែងតែ​នាំ​គ្នា​យកឈ្មោះ​ដាវ​ដែក​កំពង់ស្វាយ មក​រៀបចំ​ក្នុង​ពិធី​មង្គលការ​កូនប្រុស​ស្រី​រហូត​មក​ដល់​ប​ច្ចប្ប​ន្ន​នេះ​ក៏​នៅ​តែ​មាន​ដដែល​។ ក្នុង​នោះ​ដែរ​ខេត្តកំពង់ធំ​ក៏​បាន​ធ្វើ​រូបសំណាក​សត្វ​ចង្រិត​ដ៏​ធំ​មួយ​ដែល​ជា​ការ​បញ្ជាក់​ថា​ខេត្តកំពង់ធំ​គឺជា​ខេត្ត​១​ដែល​សម្បូរ​សត្វ​ចង្រិត​ជាង​ខេត្ត​ដទៃ​ទៀត​។

ចំណែក​ផ្លូវ​វាង​ស្រុក​ស្ទោង​ខេត្ត​នៅ​មិន​ទាន់​មាន​គម្រោង​ថា​ត្រូវ​ដាក់​រូបសំណាក​អ្វី​នៅឡើយ​ទេ រង់ចាំ​ពិគ្រោះគ្នា​នៅ​ពេល​ក្រោយ​។ ក្រៅពី​រូបសំណាក​ខេត្ត​ក៏​មាន​គម្រោង​រៀបចំ​កែ​លម្អ​ច្រាំង​មាត់​ស្ទឹង​សែន​ទាំង​សងខាង រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ និង​ដាក់​បង្គោល​ភ្លើង​ក្នុង​ក្រុង​ចំនួន​៣០០​ដើម ដោយ​ប្រើប្រាស់​នូវ​ថវិកា​គុណប្រយោជន៍​របស់​ខេត្ត​ដែល​ជា​ថវិកា​របស់​រដ្ឋ​អស់​ជាង​៧០​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​៕
    ​