ចិន ប្រកាស​ផ្ដល់ជំនួយ​១០០​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-21-2016, 8:19 am         113

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ប្រកាស​ផ្ដល់ជំនួយ​១០០​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង (Xinhua)​មេដឹកនាំ​មកពី​ជុំវិញ​ពិភពលោក កំពុង​ប្រជុំគ្នា​នៅ​អង្គការសហប្រជាជាតិ ដើម្បី​រក​វិធីសាស្ត្រ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន ដែលជា​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ពិភពលោក​។ ខណៈដែល​ជនភៀសខ្លួន​រាប់លាន​នាក់ កំពុង​ជួបប្រទះ​បញ្ហា​ធ្ងន់ធ្ងរ​នោះ មហា​យក្ស​ចិន ក៏បាន​ប្រកាស​ផ្ដល់ជំនួយ​ទឹកប្រាក់​យ៉ាងច្រើន​ដើម្បី​ដោះស្រាយ​វិបត្តិ​ដែល​មិន​ធ្លាប់មាន​តាំងពី​ចប់​សង្គ្រាមលោកលើកទីពី​រ​មកនេះ​។​

​ពី​ទីក្រុង New York នាយករដ្ឋមន្ត្រី​ចិន លោក លឺ ខឺ​ឈាំ​ង បាន​សន្យា​ផ្ដល់ជំនួយ​មនុស្សធម៌​ទឹកប្រាក់​ចំនួន​១០០​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ដ៏​អាក្រក់​។ ជាមួយគ្នា​នោះ លោក​ក៏បាន​បើកភ្លើង​ខៀវ​ឲ្យ​យក​ហិរញ្ញប្បទាន​របស់ខ្លួន​ចំនួន​មួយ​ពាន់​លាន​ដុល្លារ​សម្រាប់​អង្គការសហប្រជាជាតិ ទៅប្រើ​សម្រាប់​ដោះស្រាយ​វិបត្តិ​ជន​ភៀស​នេះដែរ​។​

​នាយករដ្ឋមន្ត្រី​ចិន សន្យា​ដូចនេះ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ខណៈដែល​លោក នឹង​មេដឹកនាំ​ពិភពលោក​ដទៃទៀត ចូលរួម​កិច្ចប្រជុំ​ពិភពលោក​ស្ដីពី​ជនភៀសខ្លួន ដែល​ធ្វើឡើង​ចំពេល​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧១​។ ជំនួប​ដែល​មិន​ធ្លាប់មាន​នេះ នឹង​ផ្ដោតលើ​ការដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន និង​ការគៀងគរ​ការឯកភាព​ជា​អន្តរជាតិ​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នាយករដ្ឋមន្ត្រី​ចិន​និយាយថា ចិន​បាន​ដើរតួ​យ៉ាងសំខាន់ និង​តែង​ចាត់វិធានការ​បន្ទាន់​នានា សំដៅ​ដោះស្រាយ​វិបត្តិ​មួយ​នេះ​។ លោក លី ខឺ​ឈាំ​ង បន្តទៀតថា ចិន​ប្ដេជ្ញាចិត្ត​ដើម្បី​ទទួលខុសត្រូវ​តាម​សមត្ថភាព​របស់ខ្លួន​។

​លោកនាយក​រដ្ឋមន្ត្រី លី អះអាងថា ជំនួយ​មនុស្សធម៌​មាន​ទឹកប្រាក់​១០០​លាន​ដុល្លារ គឺជា​ចំណុច​អាទិភាព​នៃ​ការសន្យា​លើក​មុន​របស់​ចិន ហើយ​រដ្ឋាភិបាល​ចិន កំពុង​ពិចារណា​បង្កើត​មូលនិធិ​សន្តិភាព​និង​អភិវឌ្ឍ​ចិន​-​អង្គការសហប្រជាជាតិ​។ ជាមួយ​ការ​បំណង​បង្កើត​មូលនិធិ​នេះ ចិន​ក៏​បង្កើត​កញ្ចប់​ទឹកប្រាក់​មួយ​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ការងារ​របស់​អង្គការសហប្រជាជាតិ​ក្នុងពេល​១០​ឆ្នាំ​។​

​មិនតែប៉ុណ្ណោះ លោក​ក៏​ចាត់ទុក​ការ​បទពិសោធន៍​ដែល​ជនភៀសខ្លួន​ឆ្លងកាត់​រួមទាំង​ការអត់ឃ្លាន និង​ជម្ងឺ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​។ ហើយ​លោក​ស្នើ​ឲ្យ​គោល​គំនិត​មនុស្សធម៌ ត្រូវបាន​អនុវត្ត​រហូត​ទៅ ដើម្បី​សម្រួល​ដល់​ជនភៀសខ្លួន និង​អ្នក​ងាយ​រងគ្រោះ​ដទៃទៀត ដ្បិត​ជម្លោះ​នៅ​ជុំវិញ​ពិ​ព​ភ​លោក នៅតែ​បន្ត​កើតឡើង​រហូតមក​៕