ពុទ្ធោ ! ផឹក​អី​ផឹក​ដល់​ថ្នាក់​នេះ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ទៅ​ឈប់​ចត​ដេក​អែប​ចិញ្ចើម​ផ្លូវ​មុខ​ធនាគារ ANZ ROYAL ផ្លូវ​លេខ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ស្រាប់តែ​មាន​ជន​ឆ្លៀតឱកាស​ជិះ​ម៉ូតូ​មក​ឈប់​ជិត​រួច​បើកទ្វារ​បំណង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​ទាន់​ទូរស័ព្ទ​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ឲ្យ​ចុះ​មក​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ។

បុរស​ដែរ​ស្រវឹង​នោះ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ អាយុ​៣០​ឆ្នាំ ជិះ​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M-1990 ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា គេ​បានឃើញ​បុរស​ខាងលើ​នេះ​មិនដឹង​ថា​ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​បើករថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ស្ថា​ភាព​ស្រវឹង​ទោរទន់ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​មុខ​ធានា​គារ ANZ ROYAL ប្រហែល​អ្នកបើកបរ​ស្រវឹង​ខ្លាំង​ពេក​ទើប​អែប​រថយន្ត​ឈប់​ទៅ​កៀន​ចិញ្ចើម​ផ្លូវ​រួច​បាន​ដេក​លក់​តែ​ម្តង ខណៈនោះ​ដែរ​ក៏​ស្រាប់តែ​ជន​ឆ្លៀតឱកាស​២​នាក់​បាន​ជិះ​ម៉ូតូ​២​គ្រឿង មិន​ចាំ​ម៉ាក​ទៅ​ឈប់​ជិត​រថយន្ត​រួច​បាន​នាំ​គ្នា​ចុះ​ទៅ​បើកទ្វារ​រថយន្ត​បំណង​លួច​ទ្រព្យសម្បត្តិ តែ​មិន​បានដឹង​ថា លួច​បាន​ឬ​អត់​នោះ​ទេ ឃើញ​ដូច្នេះ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​បាន​ទូរ​សព្ទ​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ឲ្យ​ចុះ​មក​មើល តែ​ពេល​ដែល​កម្លាំង​មក​ដល់​ពួក​ក្រុម​ឆ្លៀតឱកាស​ទាំងនោះ​បាន​នាំ​គ្នីគ្នា​ជិះ​ម៉ូតូ​ចេញ​បាត់​អស់​ទៅ​ហើយ ។

សមត្ថកិច្ច​មូលដ្ឋាន និង​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ឃើញ​ថា ទ្វារ​រថយន្ត​មាន​លក្ខណៈ​បិត​មិន​ជិត​ទាំង​សងខាង ហើយ​ពួក​បាន​គោះ​ទ្វារ និង​ស្រែកហៅ​ឲ្យ​បុរស​រូប​នោះ​ក្រោក តែ​បុរស​រូប​នោះ​នៅ​តែ​មិន​ក្រោក លុះដល់​មួយសន្ទុះ​ក្រោយមក​សមត្ថកិច្ច​បាន​បើកទ្វា​រថយន្ត រួច​ហើយ​បាន​ហៅ​បុរស​រូប​នោះ​ម្តងទៀត ទើប​បុរស​រូប​នោះ​បានដឹង​ខ្លួន​ទាំង​សភាព​ងុ​យ​ងោក មិន​បាន​និយាយ​ស្ដី​អ្វី​ទាំងអស់ រួច​បាន​បញ្ឆេះ​រថយន្ត​បន្តដំណើរ​ទៅ​ទៀត​បាត់​ទៅ ៕