វ៉ៃ​ច្រើន​ដង​ពេក ខាង​ស្រី​ប្តឹង​ឲ្យ​ចាប់ខ្លួន​ដើម្បី​ផុត​កម្ម​ពារ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​នារី​ ជា​សង្សារ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួនកាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ​​ដើម្បី​បាន​រួច​ផុត​កម្ម​ផុត​ពារ ព្រោះ​តែងតែ​ប្រើ​ហិង្សា​វ៉ៃ​ដំ​ជា​ច្រើន​លើក​ច្រើន​សារ​ពេក ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ វ៉​ន វ៉ា​ត់ ហៅ ប្រេះ អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោ​ប៉ែ​ត មានស្រុក​កំណើត​នៅ​ភូមិ​បាក់​ព្រី ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ចំណែក​នារី​ជា​សង្សារ​ឈ្មោះ មិត គ​ន្ធា ហៅ ឌា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រឡាយ​ហ្លួង ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី បច្ចុប្បន្ន​ធ្វើការ​នៅ​កាស៊ីណូ ហូ​លី​ដេ ផា​លេស ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។

នារី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ ក្រុង​ប៉ោយ​ប៉ែ​ត​ដឹង​ថា នាង​បាន​ចេញពី​ស្រុក​កំណើត​មក​ធ្វើការ​នៅ​កាស៊ីណូ ហើយ​ក៏​មាន​ទំនាក់ទំនង​ ស្នេហា​ជាមួយ​ឈ្មោះ វ៉​ន វ៉ា​ត់ ហើយ​បាន​រួមរស់​ជាមួយ​គ្នា​ ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង ប៉ុន្តែ​ការ​រស់នៅ​ជាមួយ​គ្នា​ មិនសូវ​ចុះសម្រុង​ឡើយ គឺ​តែងតែ​ឈ្លោះប្រកែក​គ្នា​ មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ព្រោះតែ​បុរស​ជា​សង្សារ​តែងតែ​ប្រចណ្ឌ​នាង និង​ប្រើ​ហិង្សា​វ៉ៃ​នាង​ជា​ញឹកញាប់ តែ​នាង​មិន​ដាច់​ចិត្ត​ប្តឹង​សមត្ថកិច្ច​ឡើយ ។

នារី​រង​គ្រោះ​បញ្ជាក់​ថា ជា​ចុង​ក្រោយ​បុរស​ជា​សង្សារ​ បាន​យក​ខ្សែ​សាក​ទូរស័ព្ទ និង​ក្រ​ចាក់​ចងដៃ​ចងជើង ហើយ​យក​កាំបិត​ភ្ជង់​ក​នាង​ទៀត ។ ដោយ​ទ្រាំ​នឹង​អំពើ​ដ៏​កាច​សាហាវយង់ឃ្នង​នេះ​លែង​បាន ទើប​នាង​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

មន្ត្រី​អាវុធហត្ថ​ ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​បញ្ជា​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​បុរស​ជា​សង្សារ​ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៦ ដើម្បី​ធ្វើការ​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ជា​សង្សារ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ប្រើ​ហិង្សា​លើ​សង្សារ​ចំនួន​ ៥​លើក​ពិតប្រាកដ​មែន ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ខណៈ​កំពុង​អង្គុយ​ផឹកស្រា​នៅ​ក្នុងភូមិ​សុខ​សែន​ជ័យ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ ដោយ​ចោទប្រកាន់​ថា​ បាន​រំលោភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ គុំ ដួង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សុខ​សែន​ជ័យ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​៩​ឆ្នាំ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃទី២៦សីហា បន្ទាប់​ពី​ជនសង្ស័យ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​៤-៥​នាក់​តាំងពី​ព្រឹក​រហូត​ស្រវឹង នៅ​ម៉ោង​១១​ព្រឹក​ក៏​បែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ ខណៈ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​ជនសង្ស័យ​ក៏​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​កំពុង​អង្គុយ​ញ៉ាំ​បាយ ក៏​ចូល​ទៅ​សួរ​ថា ឪពុក​ម្តាយ​ឯង​នៅផ្ទះ​ដែរ​ទេ? ក្មេង​ស្រី​រង​គ្រោះ​ឆ្លើយ​ថា​មិន​នៅទេ ។ ពេល​នោះ​ដោយ​ឃើញ​សភាព​ស្ងាត់​ល្អ​ជនសង្ស័យ​ក៏​បបួល​ក្មេង​ស្រី​រង​គ្រោះ​ទៅ​រក​ឪពុក​រួច​ពរ​ចូល​ទៅ​ក្នុង​ព្រៃ​សុំ​រួម​ភេទ តែ​នាង​មិន​ព្រម ជនសង្ស័យ​ក៏​វ៉ៃ​នាង​ឡើង​ដេក​នឹង​ដី​រួច​ច្របាច់ក​រហូត​សន្លប់ ទើប​ធ្វើ​សកម្មភាព​រំលោភ​ស្រេច​តែ​នឹង​ចិត្ត​រហូត​បាន​សម្រេច ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ក្មេង​ស្រី​រង​គ្រោះ​ដឹងខ្លួន​ពី​សន្លប់​វិញ​នាង​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ ខ្លះ​ក៏​ដាក់​នាង​ឲ្យ​ដេក ខ្លះ​ក៏​ទៅ​ប្រាប់​ម្តាយ​នាង​ដែល​នៅ​កន្លែងប្រជុំ ។ ពេល​ម្តាយ​នាង​មក​ដល់​ដោយ​ឃើញ​មាន​ស្នាម​របួស និង​ហូរ​ឈាម​តាម​ទ្វារមាស​ខ្លាំងពេក​​ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព រួច​ដាក់​ពាក្យ​ប្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​តាម​ការ​ចង្អុលបង្ហាញ​របស់​ក្មេង​ស្រី​រង​គ្រោះ ខណៈ​ជនសង្ស័យ​កំពុង​អង្គុយ​ផឹកស្រា ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​ក្មេង​ស្រី​នេះ​ពិតប្រាកដ​មែន ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វ៉ៃ​ច្រើន​ដង​ពេក ខាង​ស្រី​ប្តឹង​ឲ្យ​ចាប់ខ្លួន​ដើម្បី​ផុត​កម្ម​ពារ

វ៉ៃ​ច្រើន​ដង​ពេក ខាង​ស្រី​ប្តឹង​ឲ្យ​ចាប់ខ្លួន​ដើម្បី​ផុត​កម្ម​ពារ