ចាប់ផ្តើមបណ្តុះទម្លាប់អានសៀវភៅឡើងវិញ តាមរយៈរៀមច្បង ដែលស្រលាញ់ចូលចិត្តការអានសៀវភៅ

សព្វថ្ងៃនេះ ជាសម័យបច្ចេកវិទ្យាទំនើប។ របៀបដែលមនុស្សយើង រស់នៅប្រចាំថ្ងៃ សុទ្ធតែមាន បច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិច មកសម្រួលឲ្យមានភាពងាយស្រួលទាំងអស់។ សូម្បីតែវិស័យអប់រំ ក៏មានបច្ចេកវិទ្យាមកចូលរួមចំណែកដែរ ដូចជាកុំព្យូទ័រ និងទូរស័ព្ទជាដើម។

ជាក់ស្តែង យើងសង្កេតឃើញថា សិស្សានុសិស្ស ធ្វើការតាមដានព័ត៌មាន និងកម្សាន្តតាមគ្រឿងអេឡិចត្រូនិច មានការកើនឡើងជាលំដាប់។ សំខាន់បំផុតនោះ ពួកគេប្រើប្រាស់ឧបករណ៍ទាំងនោះ ជាការស្វែងរកចំណេះដឹងផ្សេងៗទៅវិញ មិនថានៅតាមគេហទំព័រ នៅតាមបណ្តាញសង្គម ឬតាមកម្មវិធីផ្សេងៗឡើយ។

នេះហើយដែលជាបញ្ហា ធ្វើឲ្យសិស្សានុសិស្សភាគច្រើន ទទួលយកបច្ចេកវិទ្យាទំនើប ដើម្បីក្រេបយកចំណេះដឹង ជំនួស “សៀវភៅ” ទៅវិញ។ ថ្វីត្បិតតែ ការអានសៀវភៅមានការធ្លាក់ចុះច្រើន និងមិនពេញនិយម ដូចកាលពីមុនទៀតក៏ដោយ ក៏នៅមានមនុស្សជាច្រើនផ្សេងទៀត នៅតែផ្តល់តម្លៃលើសៀវភៅ ថាជាឃ្លាំងនៃចំណេះដឹង ជាជាងទូរស័ព្ទដែរ។

ថ្ងៃនេះ Khmerload ក៏បានទៅធ្វើការស្វែងរក និងសាកសួរនិស្សិតមួយចំនួន ដែលនៅតែចូលចិត្តអានសៀវភៅ និងបន្តទម្លាប់ល្អនេះ មកដល់សព្វថ្ងៃ ជូនប្រិយមិត្តខ្មែរឡូតទាំងអស់គ្នា។ ជាពិសេស សម្រាប់អ្នកដែលចង់បណ្តុះ គំនិត និងទម្លាប់អានសៀវភៅទាំងឡាយ។ 

មកជួបជាមួយនឹងបុរសសង្ហារមុខស្រស់ម្នាក់ឈ្មោះ “តារា” ដែលជានិស្សិត ក៏បានបង្ហាញពីមតិយោបល់ផ្ទាល់ខ្លួនរបស់លោក ជុំវិញការអានសៀវភៅនេះដែរថា “ខ្ញុំចូលចិត្តអានសៀវភៅណាស់ និងមានទម្លាប់អាននេះ ៣-៤ ឆ្នាំមកហើយ។ រាល់ពេលដែលខ្ញុំអាន ខ្ញុំផ្តោតតែទៅលើសៀវភៅ និងមិនខ្វល់ពីអ្វីដែលនៅជុំវិញខ្លួនឡើយ ហាក់ដូចជាខ្ញុំកំណុងតែនៅក្នុងសៀវភៅនោះយ៉ាងអញ្ចឹង។ ជាក់ស្តែង ឥលូវនេះមិនសូវមានអ្នកចូលចិត្តអានសៀវភៅពិតមែន ហើយបើតាមគំនិតខ្ញុំ ខ្ញុំគិតថាអាចមកពី ពួកគេអានបាន ៤ ទៅ ៥ សន្លឹកក៏ចាប់ផ្តើមធុញ ណាមួយក្មេងឥលូវមិនមានការជំរុញទឹកចិត្តឲ្យអានសៀវភៅសោះ ជាពិសេស គ្រឿងអេឡិចត្រូនិច ដូចជា iPhone ឬ iPad ហើយគាត់គិតថា លេងហ្គេមអីហ្នឹងគឺវាសប្បាយជាង ចឹងគាត់មិនចង់ចំណាយពេល មកអានសៀវភៅទេ ដោយគាត់គិតថា ធុញ ហើយអត់បានប្រយោជន៍ទៀត។”

លោកក៏បានផ្តល់មតិយោបល់ ពីបទពិសោធន៍របស់លោកផ្ទាល់ថា ៖ “សម្រាប់ខ្ញុំពីដំបូងឡើយ នៅពេលដែលចាប់ផ្តើមអានសៀវភៅ ជាលក្ខណៈខ្លីៗ ប្រមាណជា ៨០ ទៅ ១០០ ទំព័រ ដូចជាសៀវភៅកាលពីនៅរៀន។ ឧទាហរណ៍ កាលពីនៅរៀនភាសាអង់គ្លេស គេមានឲ្យខ្ចីជាសៀវភៅអាន ដែលមានពី ៦០ ទៅ ៨០ ទៅ ១០០ ទំព័រនោះឯង។ សៀវភៅទាំងនោះជាចំណុចចាប់ផ្តើមរបស់ខ្ញុំ។ ជាក់ស្តែង គួរតែអានឲ្យបាន ៦ ទៅ ៧ ក្បាល រួចបន្ទាប់មកទៀត ចាប់ផ្តើមទៅអានអាក្រាស់ៗ ប្រហែលជា ៣០០ ទៅ ៤០០ ទំព័រ។ ដំបូងគ្រាន់តែស៊ាំខ្លួនឯងទៅបានហើយ ដោយអានតែមួយថ្ងៃ ១០ សន្លឹកក៏បានដែរ។ យូរៗទៅ នឹងក្លាយជាទម្លាប់ ចង់អានដោយស្វ័យប្រវត្តិតែម្តង។ មួយវិញទៀត គួរចាប់ផ្តើមអានសៀវភៅប្រភេទណា ដែលយើងចូលចិត្ត ឬ topic (ប្រធានបទ) ដែលយើងចូលចិត្ត។ មានអ្នកខ្លះចូលចិត្តអានបែបស្នេហា អ្នកខ្លះចូលចិត្តសៀវភៅបែប Harry Potter ជាដើម។ ការជ្រើសរើសនេះ ដូចជាគន្លឹះ និងដូចជាការជំរុញទឹកចិត្ត យ៉ាងដូច្នោះដែរ។ ជាចុងក្រោយ ខ្ញុំចង់សំណូមពរឲ្យ កូនខ្មែរជំនាន់ក្រោយ គាត់ព្យាយាមអានសៀវភៅ ឲ្យបានច្រើនបន្តិច ទោះជាសៀវភៅមេរៀន ឬសៀវភៅកម្សាន្តអីក៏ដោយ ឲ្យតែឧស្សាហ៍អាន គឺយើងអាចបង្កើនចំណេះដឹងបន្ទាប់បន្សំបន្ថែមទៀត ក្រៅពីអ្វីដែលយើងរៀននៅសាលា។” 

សម្រាប់លោក “ប៊ុនឆាយ” ក៏បានបង្ហាញពីគំនិតស្រដៀងគ្នានេះដែរថា ៖ “ខ្ញុំចូលចិត្តអានសៀវភៅ ជាពិសេស គឺនៅពេលមុនប្រលងតែម្តង។ ក្រៅពីសៀវភៅមេរៀន ខ្ញុំចូលចិត្តអានសៀវភៅបែបប្រលោមលោកអង់គ្លេស។ កាលពីជំនាន់រៀនទី ១២ ខ្ញុំក៏ចូលចិត្តអានប្រលោមលោករបស់ខ្មែរដែរ ព្រោះវាជក់ចិត្ត អ្នកនិពន្ធក៏ប្រើប្រាស់ពាក្យពេចន៍ល្អៗទៀត។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ការអានសៀវភៅមានការធ្លាក់ចុះ អាចបណ្តាលមកពីការដែលពួកគាត់មិនចូលចិត្តសរសេរ។ ក៏ព្រោះថាជាទូទៅ មិនថាខ្ញុំ មិនថាគេទេ ពេលដែលអានហើយ គឺមានអារម្មណ៍មួយ ចង់បញ្ចេញអ្វីដែលយើងបានអាន មកខាងក្រៅ ដោយការសរសេរ ឬរៀបរាប់ទៅកាន់អ្នកដទៃណាម្នាក់ទៀត។ ហេតុនេះហើយ បើពួកគាត់ មិនចូលចិត្តសរសេរ មិនចូលចិត្តនិយាយរៀបរាប់ ក៏អាចធ្វើឲ្យពួកគេមិនចង់អាន ដូចគ្នាដែរ។ យើងមិនអាចបន្ទោសលើ បច្ចេកវិទ្យាបានទេ ព្រោះបច្ចេកវិទ្យា មិនមែនបង្កើតឡើងមក ដើម្បីមិនឲ្យយើងអាននោះទេ។ យើងអាចអានបានតើ! តែគ្រាន់តែយើងម្នាក់ៗ មិនចាប់អារម្មណ៍អានតែប៉ុណ្ណោះ។ ជាក់ស្តែងសៀវភៅដែលខ្ញុំអាន មាន ២០ ទៅ ៣០ ភាគរយ ដែលខ្ញុំអានតាមអ៊ិនធឺណេត ព្រោះយើងមិនអាចទិញសៀវភៅបានរហូតទេ ហើយបើគិតទៅអ៊ិនធឺណេតជួយយើងទៅវិញទេ។”

លោកបានបន្តថា ៖ “សម្រាប់ខ្ញុំផ្ទាល់ ការអានសៀវភៅជាភាសាបរទេស ដូចជាព្រួញមួយបាញ់បានសត្វពីរ យ៉ាងអញ្ចឹង។ អ្នកត្រូវដឹងថា អានច្រើន ចេះក៏ច្រើន ហេតុនេះ ត្រូវទន្ទេញចងចាំក្នុងចិត្តថា ការអានសៀវភៅនេះមិនត្រឹមតែយល់សាច់រឿង ចេះចំណេះដឹងបន្ថែមប៉ុណ្ណោះទេ អ្នកក៏អាចចេះភាសាអង់គ្លេសបានថែមទៀតផង។ នេះនឹងក្លាយជាទម្លាប់មួយ ដែលយើងចាប់ផ្តើមកែប្រែ។ តែទោះជាយ៉ាងណា ទោះបីជាភាសាអ្វីក៏ដោយ ឲ្យតែចូលចិត្ត គឺអាចចាប់ផ្តើមអានបានទាំងអស់។ ដូចដែលខ្ញុំលើពីខាងលើមក ការបណ្តុះទម្លាប់សរសេរ ក៏ជាចំណុចសំខាន់មួយដែរ ដើម្បីជំរុញឲ្យចង់អាន និងរៀបរាប់អត្ថន័យចេញមកខាងក្រៅ។” 

ងាកមកខាងនារីវិញម្តង កញ្ញា “ដាណេ” ក៏បានលើកឡើងដែរថា ៖ “សម្រាប់យោបល់របស់ខ្ញុំ ខ្ញុំគិតថាអ្នកដែលចង់បង្កើតជាទម្លាប់អានសៀវភៅទាំងឡាយ គួរចាប់ផ្តើមបីសៀវភៅស្តើងស្តើង ជាមុនសិន។ សៀវភៅទាំងនោះជាការចាប់ផ្តើម ដែលនឹងធ្វើឲ្យយើងជក់ និងមិនងាយធុញ។ សម្រាប់គំនិតខ្ញុំផ្ទាល់ដែរ អ្នកចង់ចេះអានសៀវភៅ គួរតែអានជាសៀវភៅប្រលោមលោកមុន ជាការចាប់ផ្តើម ព្រោះថាប្រលោមលោក ជាលក្ខណៈរឿង ហេតុនេះ ពេលដែលយើងអាន យើងប្រាកដជាចង់អានបន្តទៀតជាមិនខាន ដោយយើងចេះតែចង់ដឹងថា តើសាច់រឿងវានឹងទៅជាយ៉ាងណាបន្តទៀត។ តែប្រសិនបើយើងចាប់ផ្តើមភ្លាម អានសៀវភៅរបៀបអ្នកប្រាជ្ញហ្មង នោះប្រហែលជាអាចពិបាកយល់បន្តិច។ ចឹងហើយ បើសិនជាយើងអានពីសៀវភៅប្រលោមលោក អាចឲ្យយើងចូលចិត្តជាង រហូតយូរៗទៅក្លាយជាទម្លាប់ ដោយមិនខ្លួនផង ក៏ថាបាន។ មួយវិញទៀត ការអានសៀវភៅមិនពេញនិយមនេះ អាចមកពីវប្បធម៌យើង មិនដូចជាពួកបរទេស អានសៀវភៅរហូតតាំងពីតូច ដល់ធំ ចឹងពួកគេចូលចិត្តស្វ័យប្រវត្តិ។ ចំណែកយើងវិញ មិនសូវមានអ្នកណាជាគំរូអីផង។ ដូច្នេះ ខ្ញុំគិតថាមកពីវប្បធម៌ស្រុកយើងតែម្តង។”

ថ្វីត្បិតតែ មានការលើកឡើងនូវហេតុផលផ្សេងៗគ្នា ដែលធ្វើឲ្យការអានសៀវភៅមិនពេញនិយមក៏ពិតមែន ប៉ុន្តែទន្ទឹមនឹងនោះដែរ យើងក៏សង្កេតឃើញថា មានវិធីជាច្រើនបែប ច្រើនយ៉ាងខុសៗគ្នា ក្នុងការបណ្តុះទម្លាប់ការអានសៀវភៅ ឲ្យមានភាពជោគជ័យផងដែរ។ យើងសង្ឃឹមថា កូនខ្មែរ នឹងផ្តល់តម្លៃក្នុងការអានសៀវភៅ បន្ទាប់ពីបានអានអត្ថបទនេះរួច។

តើប្រិយមិត្តវិញ យល់យ៉ាងណាដែរ ចំពោះប្រធានបទមួយនេះ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចាប់ផ្តើមបណ្តុះទម្លាប់អានសៀវភៅឡើងវិញ តាមរយៈរៀមច្បង ដែលស្រលាញ់ចូលចិត្តការអានសៀវភៅ

ចាប់ផ្តើមបណ្តុះទម្លាប់អានសៀវភៅឡើងវិញ តាមរយៈរៀមច្បង ដែលស្រលាញ់ចូលចិត្តការអានសៀវភៅ
រូបភាព៖ លោក តារា

ចាប់ផ្តើមបណ្តុះទម្លាប់អានសៀវភៅឡើងវិញ តាមរយៈរៀមច្បង ដែលស្រលាញ់ចូលចិត្តការអានសៀវភៅ
រូបភាព៖ លោក ប៊ុនឆាយ

ចាប់ផ្តើមបណ្តុះទម្លាប់អានសៀវភៅឡើងវិញ តាមរយៈរៀមច្បង ដែលស្រលាញ់ចូលចិត្តការអានសៀវភៅ
រូបភាព៖ កញ្ញា ដាណេ