ជំនួយ​រាប់តោន​របស់​ UN ​ត្រូវ​កម្ទេច​ដោយ​យន្តហោះ​ចម្បាំង​នៅស៊ីរី​

អង្គការ​សហប្រជាជាតិ​ត្រូវ​សម្រេច​ផ្អាក​ជាបណ្ដោះ​អាសន្ន​ក្នុងការ​បន្ត​ផ្ដល់ជំនួយ​មនុស្សធម៌​ចូល​ទៅកាន់​ទឹកដីស៊ីរី​ បន្ទាប់​ពីមាន​រថយន្ត​ដឹកជំនួយ​ជាច្រើន​គ្រឿង​ត្រូវ​បានបាញ់​កម្ទេច​ចោលដោយ​យន្ត​ហោះ​ចម្បាំង​នៅក្បែរ​ទីក្រុង​ Aleppo ​ក្នុង​ប្រទេសស៊ីរី​ ដែល​ករណី​នេះ​គឺមាន​ការទាក់ទង​ជាមួយ​នឹង​​កងយោធា​ស៊ីរី ​និងរុស្ស៊ី ​នេះ​បើយោង​តាម​សារពត៌មាន​ BBC​ ។​
មាន​រថយន្ត​ដឹកជំនួយ​ខ្នាត​ធំ​ចំនួន​១៨គ្រឿង​​ក្នុងចំណោម​ក្បួន​រថយន្ត​ជំនួយ​មនុស្សធម៌​ទាំង៣១​គ្រឿង​របស់​អង្គការ​សហប្រជាជាតិ​ ត្រូវ​បានបាញ់​កម្ទេច​ចោល​ និង​មាន​មនុស្ស​​ចំនួន​២០នាក់​ត្រូវបាន​ស្លាប់​ ដែល​ក្នុងនោះ​បូករួម​ទាំង​មន្រ្តី​ជាន់ខ្ពស់​នៃ​អឌ្ឍចន្ទ​ក្រហម​អារ៉ាប់​-ស៊ីរី​ផងដែរ ​នេះ​បើ​យោង​តាម​មន្រ្តី​ទទួល​បន្ទុក​ដឹកជំនួយ​នៃ​អង្គការ​សហប្រជាជាតិ ​។ ​ក្នុងហេតុ​ការណ៍​ដ៏យង់ឃ្នង​នេះដែរ ​លោក ​Peter ​M​a​u​r​e​r​​ ប្រធាន​គណកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​ បានថ្កោល​ទោសថា​ ទង្វើ​ហិង្សា​នេះ​គឺប្រឆាំង​ទៅនឹង​ច្បាប់​មនុស្សធម៌​ជាអន្តរជាតិ​យ៉ាងពេញ​ទំហឹង ។​​​
សូម​ជម្រាប​ជូនថា​ ក្បួន​រថយន្ត​ជំនួយ​មនុស្ស​ធម៌​របស់​អង្គការ​​សហប្រជាជាតិ​នេះ​ គឺត្រូវ​បង្គាប់​ឱ្យដឹក​ចូលទៅ​កាន់​តំបន់​ដែល​ធ្លាប់​កាន់​កាប់​ដោយ​ក្រុមឧទ្ទាម​ គឺនៅ​ក្នុងតំបន់ ​U​r​u​m​ ​a​l​-​K​u​b​r​a​ ​ដែល​មាន​ជនស៊ីវិល​ស៊ីរី​ប្រមាណ​ជាង៧៨,០០០នាក់​កំពុង​រស់​នៅទីនោះ ​។​ ជំនួយ​ដែលដឹក​ទៅទាំង​នោះ​មាន​ដូចជា​៖ ​សម្លៀក​បំពាក់​សម្រាប់​ខែត្រជាក់​, ភួយ​, សម្ភារៈ​សិក្សា ​​និងអាហារ​បំប៉ន​, ថ្នាំសង្កូវ​ជាង​៩តោន​​, វីតាមីន​គ្រប់មុខ​ និងស្រូវ​សាឡី​ផងដែរ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​គេនៅ​មិនទាន់​ឃើញ​មានការ​បញ្ជាក់​ពីទំហំ​តម្លៃ​នៃការ​ខូចខាត​ដោយសារ​ការបាញ់​កម្ទេច​ពីលើ​អាកាសនេះ​ ពីមន្រ្តី​របស់​អង្គ​ការ​សហប្រជាជាតិ​នៅឡើយទេ​ ៕​

ជំនួយ​រាប់តោន​របស់​ UN ​ត្រូវ​កម្ទេច​ដោយ​យន្តហោះ​ចម្បាំង​នៅស៊ីរី​ជំនួយ​រាប់តោន​របស់​ UN ​ត្រូវ​កម្ទេច​ដោយ​យន្តហោះ​ចម្បាំង​នៅស៊ីរី​
ដោយ៖ ឈូកស
ប្រភព៖ BBC