U19 ​កម្ពុជា​ បញ្ចប់​បេសកកម្ម​នៅ​វៀតណាម​ ក្រោយ​បាន​៣​ពិន្ទុ​ក្នុង​៥​ប្រកួត

ក្រុម​បាល់ទាត់​ក្រោម​អាយុ​១៩​ឆ្នាំ​របស់​កម្ពុជា​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ហើយ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ AFF U19 Championship 2016 ​ដោយ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ​រក​បាន​៣​ពិន្ទុ ​ក្នុង​ការ​ប្រកួត​៥​ប្រកួត។

 

U19 ​កម្ពុជា​ បញ្ចប់​បេសកកម្ម​នៅ​វៀតណាម​ ក្រោយ​បាន​៣​ពិន្ទុ​ក្នុង​៥​ប្រកួត

 

កម្ពុជា​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ ស្ថិត​ក្នុង​ពូល B ​ដែល​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ​ទាំង​អស់ ពោល​គឺ​មាន​ដូចជា ថៃ អូស្ត្រាលី ​ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និង​ឡាវ។ ដោយ​ប្រកួត​ដំបូង​កម្ពុជា ​ចាញ់​អូស្ត្រាលី ២-០ ​ឈ្នះ​ឡាវ ៣-០ ​ចាញ់​ថៃ ២-១ ​ចាញ់​មីយ៉ាន់ម៉ា ៣-០ ​និង​ប្រកួត​ចុង​ក្រោយ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ ​ក្រុម​កម្ពុជា​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី​ក្នុង​លទ្ធផល ៤-៣​។

 

តាម​ស្ថិតិ​ខាង​លើ​នេះ មានន័យ​ថា​ក្រុម​ U19 ​កម្ពុជា​គ្មាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ​ទេ ក្រោយ​ពី​រក​បាន​តែ​៣​ពិន្ទុ​ក្នុង​ការ​ប្រកួត​៥​ប្រកួត​ក្នុង​ពូល B ​នេះ។

 

មិន​ត្រឹម​តែ​មិន​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​ទេ ក្រុម​កម្ពុជា​គិត​ត្រឹម​វគ្គ​ចែក​ពូល​នេះ ក៏​ជាប់​កំណត់ត្រា​មួយ​មិន​ល្អ​ផង​ដែរ ដោយ​ក្លាយ​ជា​ក្រុម​ស៊ុត​ចូល​ទី​ខ្លួន​ឯង​ច្រើន​ជាង​គេ ២​គ្រាប់​ក្នុង​វគ្គ​ចែក​ពូល។ ដោយ​២​គ្រាប់​នោះ ​បង្ក​ឡើង​ដោយ​អចេតនា​របស់​កីឡាករ ឆេង ម៉េង ​ពេល​លេង​ទល់​និង​ក្រុម​អូស្ត្រាលី ​និង​ អ៊ុក សុវណ្ណ ​ពេល​លេង​ទល់​នឹង​ក្រុម​មីយ៉ាន់ម៉ា។

 

ក្រុម​គោព្រៃ​ជំទង់​របស់​កម្ពុជា ​នឹង​ត្រលប់​មក​ដល់​មាតុភូមិ​វិញ​នៅ​វេលា​ម៉ោង​១:៤៥​នាទី​រសៀល​នេះ ៕

 

អត្ថបទ៖ មុន្នី រម្យ