ការដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទំនងជា​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន​ និពន្ធដោយ : VOA       September-21-2016, 8:39 am         126

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទំនងជា​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីកចម្រើន​​ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការដក​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​ស្វាគមន៍​ដោយ​សេដ្ឋកិច្ចវិទូ និង​អ្នកជំនួញ​ក្នុងស្រុក​ដោយ​អ្នក​ទាំង​នោះបាន​និយាយថា ការដក​ទណ្ឌកម្ម​នេះ​នឹង​ដកចេញ​នូវ​ការដាក់​កម្រិត​ដ៏​ខ្លាំង​មួយ​លើ​ពាណិជ្ជកម្ម​អន្តរជាតិ​ជាមួយ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែលជា​ប្រទេស​ក្រីក្រ​មួយ និង​ជួយ​បង្កើន​ការរីកចម្រើន​សម្រាប់​សេដ្ឋ​កិច្ច​មី​យ៉ាន់​ម៉ា​។​

​អ្នកវិភាគ​នយោបាយ និង​សកម្មជន​នយោបាយ បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​នេះ ក៏បាន​ដាក់​ទំនួល​ខុសត្រូវ​បន្ថែមទៀត​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​ធ្វើយ៉ាងណា អ្នកជំនួញ «​បក្ខពួក​និ​យ​ម‍​» កែប្រែ​ការធ្វើ​ជំនួញ​របស់​ពួកគេ​ឲ្យ​បាន​ប្រសើរ​ឡើងវិញ ដោយសារតែ​ការធ្វើ​ជំនួញ​កន្លងមក ជារឿយៗ ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា​មាន​អំពើពុករលួយ ការដណ្ដើម​ដីធ្លី​ប្រជាពលរដ្ឋ ការកាប់បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ និង​ការធ្វើ​អាជីវកម្ម​គ្រឿងញៀន​ជាដើម​។​

​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​លោកស្រី អង់​សាន ស៊ូ​ជី ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​នៅក្នុង​សហរដ្ឋអាមេរិក​កាលពី​សប្តាហ៍​មុន លោក Barack Obama បានប្រកាសថា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ លោក​នឹង​ដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ក្នុងនោះ​មានដូចជា ការ​លុបឈ្មោះ​អ្នកជំនួញ​ច្រើនជាង ១ រយ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អតីត​របប​យោធា​ភូមា ចេញពី​បញ្ជីខ្មៅ​របស់​រតនាគារ​ជាតិ​សហរដ្ឋអាមេរិក និង​ដក​ការដាក់​កម្រិត​ចំពោះ​ឧស្សាហកម្ម​ថ្លើមថ្ម និង​ត្បូង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​សហរដ្ឋអាមេរិក​ក៏​ផ្ដល់​ឲ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​នូវ​លទ្ធភាព​នាំចេញ​មកកាន់​ទីផ្សារ​ស​ហ​រដ្ឋ​អាមេរិក​ផងដែរ​។​

​លោក Maung Maung សេដ្ឋកិច្ចវិទូ​មកពី​ក្រសួងពាណិជ្ជកម្ម​មី​យ៉ាន់​ម៉ា បាន​និយាយថា ការដក​ទណ្ឌ​កម្មនេះ នឹង​ជួយ​អ្នក​នាំចេញ​គ្រប់​ប្រភេទ​មានលទ្ធភាព​ចូលទៅ​កាន់​ទីផ្សារ​សហរ​ដ្ឋ​អាមេរិក និង​បញ្ចប់​នូវ​បញ្ហា​ផ្សេងៗ​សម្រាប់​ជំនួញ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ដែល​ព្យាយាម​ចង់​ប្រើប្រាស់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​។ ក្នុងនោះដែរ វិស័យ​កាត់ដេរ​នឹង​ក្លាយជា​វិស័យ​មួយ​ដែល​ចំណេញ​ច្រើន​ពី​ការដក​ទណ្ឌ​កម្មនេះ​៕