អាសង់2016 ផង! មិនគួរចេះតែហ៊ានទេ

រាជ​ធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​យក​ម៉ូតូ​របស់​កូនស្រី​ទៅ​ទទួល​ប្តី​ចេញពី​ធ្វើការ ក៏​​ត្រូវ​ជនសង្ស័យ​២​នាក់​ភ្ជង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​០៧​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ​កញ្ញា ស្ថិតតាម​បណ្តោយ​ផ្លូវលំ ​​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ស្ត្រី​​រង​គ្រោះ​​ឈ្មោះ​តេ ស្រ៊ី ​អាយុ​៤០​ឆ្នាំ ​មានទីលំនៅ​​​ផ្ទះ​លេខ​៤២៦​បេ ផ្លូវលំ ក្នុងសង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ ​​ម៉ូតូ​ដែល​​ចោរ​​ប្លន់​​​ទៅ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FW-5638 ជា​ម៉ូតូ​របស់​កូនស្រី​គាត់​ឈ្មោះពៅ ស្រី​នី អាយុ​២៣​ឆ្នាំ ​ធ្វើការ​រោងចក្រ ។ រីឯ​ជន​សង្ស័យ​​មាន​​គ្នា​២​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌូ​ក មិន​ចាំ​ពណ៌ និង​ស្លាក​លេខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​មិន​ចាំ​ម៉ាក ។

បើ​តាម​ការ​រៀបរាប់​​ពីស្ត្រី​រងគ្រោះ​​ថា មុន​ពេល​កើតហេតុ រូប​គាត់​​​យក​ម៉ូតូ​កូនស្រី​​ជិះ​ទៅ​យកប្តី​នៅ​កន្លែងធ្វើការ ដោយ​ជិះ​ចេញពីផ្ទះ​ជិះ​តាម​ផ្លូវលំ​ ក្នុងទិស​ដៅ​ពី​លិចទៅ​កើត​សំដៅ​ ទៅ​ផ្លូវជាតិ​លេខ​៥ ។ ខណៈ​ពេល​ជិះ​បាន​ពាក់​កណ្តាលផ្លូវ​ដល់ ចំណុច​​ផ្លូវ​ស្ងាត់ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​តាម​ពីក្រោយ ​បាន​ស្រែក​ឱ្យ​​គាត់​ឈប់ តែ​គាត់​មិន​ព្រម​ឈប់ ជនសង្ស័យ​បាន​ជិះ​មក​កាក់​ពីមុខ​ធាក់​ផ្តួល និង​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក ភ្ជង់​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ជិះ​គេច​ទៅ​ដោយ​សុ​វត្ថ​ភាពិ ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​សិន ឱ្យ​​បងប្អូន​ដឹក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ច្រាំង​ចំរេះ​ទី​១ ដើម្បី​ឱ្យ​​សមត្ថកិច្ច​ជួយ​ស្វែងរក​ម៉ូតូ​ដែល​បាត់​នោះ​ត្រឡប់​មក​វិញ ។

ដោយឡែក​ លោក​អធិការរង​ខណ្ឌ​ប្ញស្សី​កែវ​បាន​បង្ហើប​ទាំង​លាក់លៀម​ថា ករណី​ខាងលើនេះ​មិន​ទាន់​ច្បាស់​ថា ​ម៉ូតូ​ជន​រង​គ្រោះ​បាត់​មែន ឬ​ក៏​យ៉ាងណា​ទេ ព្រោះ​មិន​ដែល​យប់​ស្ងាត់ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​បែប​នេះ?