សម្ដេច​​ផ្ដល់​​រង្វាន់​មួយ​ចំនួន ដល់​​សិស្ស​​បាក់​ឌុប​និទ្ទេស A ទាំង ៤០៥​នាក់

សម្ដេច​តេជោ ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ជាមួយ​សិស្ស​ឆ្នើម​និទ្ទេស A ទាំង ៤០៥​នាក់ ក្នុង​សម័យ​ប្រឡង​បាក់​ឌុប​២០១៦ នៅ​វិមាន​សន្តិភាព​កាល​ពី​ព្រឹក​មិញ​នេះ ហើយ​ប្រកាស​ផ្ដល់​រង្វាន់ Samsung Tablet ម្នាក់ៗ​មួយ​គ្រឿង ភ្ជាប់​ស៊ីមកាត​ប្រើ​អ៊ីនធឺណិត​អត់​គិត​ថ្លៃ ៣ខែ(អំណោយ​ចូល​រួម​ពី​ឧកញ៉ា លាង ឃុន) កាក់​ប្រាក់​​អនុស្សាវរីយ៍១ និង​ថវិកា ២​លាន​រៀល។

 

សម្ដេច​​ផ្ដល់​​រង្វាន់​មួយ​ចំនួន ដល់​​សិស្ស​​បាក់​ឌុប​និទ្ទេស A ទាំង ៤០៥​នាក់

 

ចំពោះ​នាយក​សាលា​ដែល​មាន​សិស្ស​ជាប់​និទ្ទេស A ទទួល​បាន​កាក់​ប្រាក់​​អនុស្សាវរីយ៍១ និង​ថវិកា ១លាន​រៀល។ ចំណែក​វិទ្យាល័យ​ដែល​មាន​សិស្ស​ជាប់​និទ្ទេស A ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សម្ដេច ហ៊ុន សែន​ចំនួន ៣លាន​រៀល។ ​

 

សិស្ស​បាក់​ឌុប​ប្រឡង​ជាប់​និទ្ទេស​ A សម្រាប់​បាក់​ឌុប​ឆ្នាំ​២០១៦ នេះ មាន​ចំនួន ៤០៥​នាក់ ក្នុង​ចំណោម​បេក្ខជន​ប្រលង​សរុប ៨៩ ៦៦១នាក់​នៅ​​ទូ​ទាំង​ប្រទេស។ សម្រាប់​បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស B មាន​ចំនួន ២ ៨០១ និទ្ទេស C មាន​ចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មាន​ចំនួន ៨ ៨៣៥ នាក់ និង​និទ្ទេស E មាន​ចំនួន ៣៨ ១១៧ នាក់។

 

គួរ​រំលឹក​ថា សិស្ស​ជាប់​និទ្ទេស A ឆ្នាំ​នេះ​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ ដែល​ឆ្នាំ​មុន​​មាន​ ១០៨នាក់។ ​តាំង​ពី​មាន​កំណែ​ទម្រង់​ស៊ី​ជម្រៅ​លើ​ការ​ប្រលង​បាក់​ឌុប​មក សម្តេច​ហ៊ុន​សែន តែង​ធ្វើ​ការ​ជួប​សំណេះ​សំ​ណាល​ជាមួយ​សិស្ស​និទ្ទេស​ A ព្រមទាំង​ផ្ដល់​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ។

 

សិស្ស​និទ្ទេស A ទាំង​១០៨​នាក់​ក្នុង​ឆ្នាំ​២០១៥ ​បាន​ទទួល​​ទឹកប្រាក់​លើក​ទឹក​ចិត្ត​ ដែល​បេក្ខជន​ម្នាក់ៗ​ចំនួន ២លាន​រៀល Samsung Tablet ម្នាក់ៗ​មួយ​គ្រឿង កាក់​ប្រាក់​​អនុស្សាវរីយ៍ និង​សៀវភៅ​អនុស្សាវរីយ៍​មួយ​ក្បាល​ផង​ដែរ។ ចំណែក​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គឺ​អាស្រ័យ​ទៅលើ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស។

 

ចំណែក​ក្នុង​ឆ្នាំ​២០១៤ ដែល​ជា​ឆ្នាំ​កំណែ​ទម្រង់​រឹត​បន្តឹង​លើ​ការ​ប្រឡង​លើក​ដំបូង សិស្ស​ដែល​ទទួល​បាន​និទ្ទេស A មាន ១១​នាក់​ប៉ុណ្ណោះ។ ពេល​នោះ សម្តេច​តេជោ បាន​ប្រកាស​​ឧបត្ថម្ភ​ក្នុង​ម្នាក់ៗ​ទទួល​បាន ម៉ូតូ​១គ្រឿង កុំព្យូទ័រ​យូរ​ដៃ ១​គ្រឿង​តម្លៃ ១២៥០​ដុល្លា និង iPad ១​គ្រឿង។ សម្តេច​តេជោ ក៏​បាន​ផ្ដាំ​ឲ្យ​ឯកឧត្តម ហ៊ុន ម៉ានី ជួយ​រៀបចំ​ផ្ដល់​អាហារូបករណ៍​ពិសេស​របស់​សម្តេច និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ចំពោះ​យុវ​សិស្ស​ទាំង ១១រូប។ នៅ​ពិធី​ជួប​សំណេះ​សំណាល​នោះ សម្ដេច​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ ក្នុង​ម្នាក់​ថវិកា ១ ០០០ដុល្លារ និង ២ ០០០​ដុល្លារ​ទៀត​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន​នានា៕

 

សម្ដេច​​ផ្ដល់​​រង្វាន់​មួយ​ចំនួន ដល់​​សិស្ស​​បាក់​ឌុប​និទ្ទេស A ទាំង ៤០៥​នាក់

 

អត្ថបទ៖ គង់ វិសាល