អាមេរិក និងចិនបង្កើនកិច្ចសហប្រតិបត្តិការដាក់គំនាបលើកូរ៉េខាងជើង

នៅថ្ងៃចន្ទ ទី១៩ កញ្ញា លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា និងលោកនាយករដ្ឋមន្រ្តីចិនលី ខឺជាំងបានជួបពិភាក្សាគ្នានៅក្នុងទីក្រុងញូយ៉ក។ ជាជំនួបដែលបានធ្វើឡើងនៅក្រៅក្របខ័ណ្ឌនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ សេតវិមានបានប្រកាសឲ្យដឹងថា លោកអូបាម៉ា និងលោកលី ខឺជាំងបានសម្រេចចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានៅគ្រប់ស្ថាប័នក្នុងការដាក់គំនាបលើកូរ៉េខាងជើង។ ការសម្រេចចិត្តនេះបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានធ្វើការសាកល្បងនុយក្លេអ៊ែរលើកទី៥ ប្រកបដោយជោគជ័យ។

នៅក្នុងសេចក្តីជូនដំណឹង សេតវិមានមិនបានផ្តល់ព័ត៌មានលំអិតទាក់ទងនឹងជំនួបរវាងលោកអូបាម៉ា និងលោកលី ខឺជាំងទេ តែមន្រ្តីការទូតនៅអង្គការសហប្រជាជាតិបានបង្ហើបឲ្យដឹងថា អាមេរិក និងចិនបានផ្តើមពិភាក្សាគ្នាលើសេចក្តីសម្រេចចិត្តមួយដែលសំដៅដាក់ទ័ណ្ឌកម្មលើកូរ៉េខាងជើងដែលទើបបានធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកទី៥ កាលពីថ្ងៃទី៩ កញ្ញាកន្លងទៅ។ តែនៅក្នុងសេចក្តីជូនដំណឹងនោះ ចិនមិនបានបញ្ជាក់ឲ្យបានច្បាស់ទេថា តើខ្លួនពិតជាមានបំណងបន្ថែមទ័ណ្ឌកម្មប្រឆាំងលើសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ខ្លួន ឬអត់។

តាមសេចក្តីជូនដំណឹងរបស់សេតវិមានដដែល លោកប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្រ្តីចិនបានថ្កោលទោសទង្វើសាកល្បងនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង និងបានឯកភាពធ្វើការរួមគ្នានៅផ្ទែក្នុងក្រុមប្រឹក្សាសន្តិសុខដើម្បីធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ។ អាមេរិកចង់ឲ្យចិនដាក់គំនាបបន្ថែមលើកូរ៉េខាងជើងឲ្យបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ ឬបាញ់សាកល្បងគ្រាប់មីស៊ីលអន្តរទ្វីប។ ទន្ទឹមគ្នានេះ អាមេរិកបានអះអាងពីការត្រៀមខ្លួនចរចាជាមួយកូរ៉េខាងជើង ប្រសិនបើរបបកុម្មុយនិស្តមួយនេះសុខចិត្តបោះបង់ចោលអាវុធនុយក្លេអ៊ែរជាមុន។

ដោយឡែក លោកអូបាម៉ា និងលោកលី ខឺជាំងក៏បានឯកភាពគ្នាក្នុងការតាមឃ្លាំមើលសកម្មភាពរបស់ក្រុមហ៊ុនឧស្សាហកម្មចិនឈ្មោះ Liaoning Hongxiang ដែលរដ្ឋបាលអាមេរិកគិតថា បានផ្តល់លុយឲ្យកូរ៉េខាងជើងដើម្បីយកទៅអភិវឌ្ឍន៍វិស័យនុយក្លេអ៊ែរ។ តាមព័ត៌មានចុះផ្សាយដោយកាសែតអាមេរិក Wall Street Journal ឲ្យដឹងថា នាប៉ុន្មានសប្តាហ៍កន្លងទៅ រដ្ឋអំណាចចិនក៏បានផ្អាប់ទុកលុយកាក់ រួមទាំងទ្រព្យសម្បត្តិរបស់ថ្នាក់ដឹកនាំ និងមនុស្សជំនិតជាច្រើននាក់របស់ក្រុមហ៊ុន Liaoning Hongxiang៕

ប្រភព៖ rfi


អាមេរិក និងចិនបង្កើនកិច្ចសហប្រតិបត្តិការដាក់គំនាបលើកូរ៉េខាងជើង

ស្រ្តីទេសចរម្នាក់រងរបួសប្រេះឆ្អឹងជើងធ្ងន់ធ្ងរ ដោយសារដុំថ្មភ្នំរមៀលធ្លាក់មកលើផ្លូវក្រាលកញ្ចក់

អាមេរិក និងចិនបង្កើនកិច្ចសហប្រតិបត្តិការដាក់គំនាបលើកូរ៉េខាងជើង

ប៉ូលីសអាមេរិកទើបចាប់បានជនសង្ស័យបំផ្ទុះគ្រាប់បែកក្នុងទីក្រុងញូយ៉ក ក្រោយការបាញ់គ្នាមួយប្រាវនៅរដ្ឋ New Jersey