លោក ហ៊ុន សែន សរសើរ​សន្តិភាព​តែ​ប្រកាស​បង្ក្រាប​អ្នក​តវ៉ា​ដោយ​អហិង្សា

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ខែ​កញ្ញា អបអរ​ទិវា​សន្តិភាព​អន្តរជាតិ ដោយ​លើក​សរសើរ​ពី​គុណសម្បត្តិ​នៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​ថ្ងៃ​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​បាន​កងទ័ព​វៀតណាម ជួយ​វាយ​រំដោះ​ប្រជាជន​ខ្មែរ​ពី​របប ប៉ុល ពត។ លោក ហ៊ុន សែន គូស​បញ្ជាក់​ថា ដោយសារ​តែ​នយោបាយ​ឈ្នះ-​ឈ្នះ ឆ្នាំ​១៩៩៨ ទើប​ប្រទេស​កម្ពុជា មាន​សន្តិភាព​ពេញលេញ និង​អំពាវនាវ​ឲ្យ​បន្ត​ថែរក្សា​សន្តិភាព​នេះ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ស្វាគមន៍​គំនិត​របស់​លោក ហ៊ុន សែន ដែល​អំពាវនាវ​ចង់​ឲ្យ​ថែរក្សា​សន្តិភាព។ ប៉ុន្តែ​លោក​យល់​ថា សន្តិភាព​ពេញលេញ​គឺ​មិនមែន​សំដៅ​តែ​ចប់​សង្គ្រាម​ស៊ីវិល​ប៉ុណ្ណោះ​នោះ​ទេ។ លោក​ថា សន្តិភាព​ពេញលេញ​គឺ​ត្រូវ​មាន​ទាំង​សន្តិភាព​ផ្លូវ​កាយ និង​សន្តិភាព​ផ្លូវចិត្ត។ លោក​បន្ត​ថា គ្រប់​ភាគី​នយោបាយ​ទាំង​អស់​ត្រូវ​ប្រកាន់​គោល​ជំហរ​ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា។

លោក​សង្កេត​ឃើញ​ថា អំពើហិង្សា​ច្រើន​តែ​កើត​ចេញ​ពី​ភាគី​សមត្ថកិច្ច​ដែល​មាន​តួនាទី​ជួយ​សម្រួល​ឲ្យ​ការ​តវ៉ា​ដោយ​សន្តិវិធី​ប្រព្រឹត្ត​ទៅ​ឲ្យ​បាន​រលូន។ តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​បែរ​ជា​បង្ក​ហិង្សា​លើ​ប្រជាពលរដ្ឋ​អ្នក​តវ៉ា៖ «អំពើ​ហិង្សា​ភាគ​ច្រើន​កើត​ចេញ​ពី​អាជ្ញាធរ​ដែល​ប្រើ​នូវ​អំពើ​ហិង្សា​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​ការ​តវ៉ា និង​ការ​ប្រមូល​ផ្ដុំ​ដោយ​សន្តិវិធី​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​របស់​សហគមន៍ ឬ​ក៏​គណបក្ស​នយោយបាយ​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត យើង​ឃើញ​ថា ការ​ដែល​មាន​សន្តិភាព យើង​មិន​ត្រូវ​ប្រើប្រាស់​នូវ​កងកម្លាំង ឬ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ណា​ដែល​គំរាម​កំហែង​ទៅ​ដល់​ផ្លូវចិត្ត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ»

​ទោះ​បី​លោក ហ៊ុន សែន ប្រកាស​ចង់​រក្សា​សន្តិភាព​ក៏ដោយ ក៏​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន បាន​គំរាម​បង្រាប​បាតុករ​គណបក្ស​ប្រឆាំង​ដែល​ប៉ង​ធ្វើ​បាតុកម្ម​អហិង្សា ទោះ​ក្នុង​រូបភាព​ណា​ក៏ដោយ។  លោក​ថា លោក​ឆ្កែ​សុទ្ធ ប្រសិន​បើ​លោក​ព្រម​ចរចា​នឹង​គណបក្ស​ប្រឆាំង​ដែល​គ្រោង​ធ្វើ​មហា​បាតុកម្ម​ដើម្បី​គំរាម​ស្វែង​រក​ដំណោះស្រាយ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។