អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ថា​តុលាការ​កម្ពុជា​​ជា​ឧបករណ៍​ឡប់ឡែ

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ​ចាត់​ទុក​ការ​ផ្តន្ទាទោស​ស្ត្រី​សកម្មជន​បឹងកក់ ៤​រូប កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ថា​ជា​ការ​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើ​ឡប់ឡែ​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​តវ៉ា​សិទ្ធិ​លំនៅឋាន។

សេចក្ដី​ថ្លែងការណ៍​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​២០ ខែ​កញ្ញា ចាត់​ទុក​ថា ការ​ផ្ដន្ទាទោស​នេះ​កាន់​តែ​បង្កើត​ឲ្យ​មាន​បញ្ហា​ច្រើន​ឡើង បន្ថែម​លើ​បញ្ហា​ដែល​មាន​ស្រាប់​ពាក់ព័ន្ធ​នឹង​ភាព​គ្មាន​ឯករាជ្យ និង​ភាព​ខ្វះ​សុចរិតភាព​របស់​ប្រព័ន្ធ​តុលាការ​កម្ពុជា។ អ្នកស្រី ហេង មុំ ទេព វន្នី គង់ ចន្ថា និង បូ ឆវី ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ៦​ខែ ពាក់ព័ន្ធ​នឹង​រឿង​ក្តី​ដែល​កប់​បាត់​ទុក​តាំង​ពី ៥​ឆ្នាំ​មុន។

ករណី​នេះ​ត្រូវ​បាន​តុលាការ​គាស់​កកាយ​មក​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​ចាប់​ផ្តើម​បង្កើន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ និង​បង្ក្រាប​លើ​មន្ត្រី​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។