មន្ត្រីថា ​អ្នក​ជួញដូរ​ឈើ​ស្ថិត​​​នៅ​ក្នុង​​​អង្គភាព​អង្គរក្ស​លោក​ ហ៊ុន​ សែន

មន្ត្រីយោធាម្នាក់បាននិយាយកាលពីថ្ងៃច័ន្ទថា សមាជិកជាន់ខ្ពស់ម្នាក់នៃអង្គភាពអង្គរក្សពិសេសរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាម្ចាស់ឃ្លាំងដែលធ្លាប់ស្តុកទុកឈើប្រណីតដែលកាប់ដោយខុសច្បាប់ ទម្រាំតែនគរបាលបានឆ្មក់ចូលក្នុងឃ្លាំងនោះនៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃអាទិត្យ។ ទោះជាយ៉ាងនេះក្តី មេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រីបាននិយាយថា បុរសនោះមិនមានឈ្មោះនៅក្នុងបញ្ជីកងកម្លាំងទេ ហើយក៏អះអាងថា សមាជិកអង្គភាពទាំងអស់ជាប់រវល់ការពារលោកនាយករដ្ឋមន្រ្តីមិនអាចរកស៊ីបែបនោះបានទេ។ ធ្វើតាមការផ្តល់ដំណឹងពីតុលាការខេត្ត នគរបាលបានឆ្មក់ចូលឆែកឃ្លាំងស្តុកឈើនៅស្រុកម៉ាឡៃ ហើយបានរកឃើញឈើប្រណីតធ្នង់៩០ម៉ែត្រគូបនិងសុក្រម ឈើលេខមួយដែលមានតម្លៃរាប់ម៉ឺនដុល្លារ។ មន្រ្តីដែលដឹកនាំការបង្ក្រាប លោក ចាប សុផាឫទ្ធិ ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាននិយាយកាលពីថ្ងៃព្រហស្បិ៍ថា កូនចៅរបស់លោកបានកំពុងរុករកម្ចាស់ឃ្លាំង ជាមន្រ្តីយោធានិងជាឈ្មួញឈើឈ្មោះ តឹក ប៊ុនធឿន នៅទូទាំងខេត្ត។ ប្រើពាក្យសម្រាលចំពោះការចាប់ខ្លួននោះ លោក សុផាឫទ្ធិ បាននិយាយថា “យើងនឹងអញ្ជើញគាត់ ដើម្បីសាកសួរ បើយើងជួបគាត់ពេលណាមួយ”។ លោក សុផាឫទ្ធិ បាននិយាយថា “លោក ប៊ុនធឿន ត្រូវតែទទួលខុសត្រូវចំពោះឈើដែលរកឃើញក្នុងឃ្លាំង”។ លោកបានព្រមានថា បើជនសង្ស័យបដិសេធថាមិនមែនជាម្ចាស់អគារទេ វានឹងក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋ។ លោក សុផាឫទ្ធិ បាននិយាយថា លោកមិនបានដឹងពីសក្តិ ឬមុខតំណែងបស់លោក ប៊ុនធឿនទេ។ ទោះជាយ៉ាងនេះក្តី លោក ភោគ សម្បត្តិ មេបញ្ជាការរងយោធាខេត្តបាននិយាយថា លោក ប៊ុនធឿន ជាសមាជិកជាន់ខ្ពស់នៃអង្គភាពអង្គរក្សនាយករដ្ឋមន្រ្តីមានមូលដ្ឋាននៅក្រុងភ្នំពេញ។ លោក សម្បត្តិ បាននិយាយថា “ខ្ញុំស្គាល់លោក តឹក ប៊ុនធឿន។គាត់ជាមន្រ្តីយោធាមកពីកងអង្គរក្សសម្តេច ហ៊ុន សែន។ គាត់ជាមន្រ្តីមានឋានៈខ្ពស់ ហើយបើកឡានលុចស៊ីសស៊ូវសេរីថ្មី”។ លោក សម្បត្តិ បាននិយាយថា”មុខជំនួញធម្មតារបស់លោក ប៊ុនធឿន គឺរកស៊ីឈើនិងប្រហុក។ ប្រពន្ធគាត់បើករោងអារឈើនៅក្រុងប៉ោយប៉ែតយូរណាស់មកហើយ”។ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សនាយករដ្ឋមន្ត្រីបានបដិសេធថា លោក ប៊ុនធឿនមិនធ្វើការនៅអង្គភាពនេះទេ។ នាយឧត្តមសេនីយ៍ ប៊ុនហៀង បាននិយាយថា “អង្គរក្សទាំងអស់ត្រូវហាមឃាត់មិនឲ្យជួ្ញដូរឈើទេ។ លោកបាននិយាយបន្ថែមថា ទោះជាយ៉ាងណាក្តី “អង្គរក្សគ្មានពេលធ្វើជំនួញទេ ពីព្រោះរវល់តែការពារសម្តេចនាយករដ្ឋមន្រ្តី”។ ចាត់ទុកថាជាអង្គភាពហ្វឹកហ្វឺននិងបំពាក់អាវុធល្អបំផុតនៅក្នុងប្រទេស អង្គភាពអង្គរក្សនាយករដ្ឋមន្រ្តីកាលពីមុនជាផ្នែកនៃកងពលតូចលេខ៧០ ដែលតាមរបាយការណ៍នាឆ្នាំ២០០៧របស់អង្គការ Global Witness “ប្រតិបត្តិសេវាជួញដូរឈើខុសច្បាប់ដែលកើតឡើងនៅកម្ពុជានិងនាំចូលទៅវៀតណាម”៕ មាំ វិបុល © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post មន្ត្រីថា ​អ្នក​ជួញដូរ​ឈើ​ស្ថិត​​​នៅ​ក្នុង​​​អង្គភាព​អង្គរក្ស​លោក​ ហ៊ុន​ សែន appeared first on The Cambodia Daily.