អធិការ​នគរបាល​​​ស្រុកតំបែ ខេត្តត្បូងឃ្មុំ សារភាព​ថា ប្រពន្ធ​របស់ខ្លួន​ជា​​ឈ្មួញ​​រត់ពន្ធ​ឈើ​​ខុសច្បាប់

រថយន្តតូយ៉ូតាមួយគ្រឿង និងឈើប្រណីតខុសច្បាប់ដែលរកឃើញក្នុងនោះកាលពីថ្ងៃច័ន្ទ ជារបស់ប្រពន្ធអធិការនគរបាលស្រុកម្នាក់ក្នុងខេត្តត្បូងឃ្មុំ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីមូលដ្ឋានដែលនិយាយថា ខ្លួនគ្មានបំណងចាត់វិធានការលើប្ដីប្រពន្ធទាំងពីរនាក់នេះ។ លោក ម៉ៅ ពៅ ស្នងការខេត្តត្បូងឃ្មុំបានមានប្រសាសន៍កាលពីម្សិលមិញថា ”យើងមិនខ្វល់ពីអ្នកទាំងនេះទេ។យើងគ្រាន់តែចង់បញ្ឈប់បទល្មើសព្រៃឈើប៉ុណ្ណោះ”។ យោងតាមលោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឱ្យដឹងថា រថយន្តតូយ៉ូតាឡង់គ្រីស័រខាងលើនេះត្រូវបានដកហូតកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីអ្នកយកព័ត៌មានម្នាក់មកពីស្ថានីយទូរទស្សន៍បាយ័ន  បានប្ដឹងសមត្ថកិច្ចអំពីឈើខុសច្បាប់នៅក្នុងនោះ។ លោកមានប្រសាសន៍ថា អ្នកយកព័ត៌មានដែលបើករថយន្តរបស់ខ្លួនឯង  បានចូលរួមជាមួយនគរបាល  និងមន្ត្រីរដ្ឋបាលព្រៃឈើប្រាំនាក់ នៅពេលពួកគេដេញតាមរថយន្តខាងលើនេះទៅដល់ចំណុចផ្លូវលំ និងធ្លាក់វាលស្រែ ហើយអ្នកបើកបររថយន្តល្មើសបានឈប់ភ្លាមៗ ហើយចុះរត់គេចខ្លួន។ លោក ប៉ែន បូលីណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំបានមានប្រសាសន៍ថា មន្ត្រីមានសមត្ថកិច្ចមិនបានព្យាយាមដេញតាមអ្នកបើកបររថយន្តនោះទេ ប៉ុន្តែបានឃើញរថយន្តឡង់គ្រីស័រពេញទៅដោយឈើមានតម្លៃ។ លោកបញ្ជាក់ថា “យើងបានរកឃើញឈើធ្នង់៣៥ដុំនៅក្នុងរថយន្ត” ហើយឈើប្រណីតទាំងនោះមានប្រវែងប្រហែល១,៥ម៉ែត្រ និងមុខកាត់២០សង់ទីម៉ែត្រ។ លោក ហុង គឹមហឿន មានប្រសាសន៍ថា រថយន្តនោះជាកម្មសិទ្ធិរបស់គ្រួសារលោក តេង អេងហាក់ អធិការនគរបាលស្រុកតំបែ ដែលនៅជាប់គ្នា។ លោកថ្លែងថា ”លោក អេងហាក់ ធ្លាប់ប្រាប់ខ្ញុំថា គាត់មានការព្រួយបារម្ភ ព្រោះគាត់ជាមន្ត្រីនគរបាលទប់ស្កាត់បទល្មើស ប៉ុន្តែប្រពន្ធ និងកូនៗរបស់គាត់ជាអ្នករកស៊ីឈើ។ អធិការរូបនេះធ្លាប់បានប្រាប់ប្រពន្ធ និងកូនៗរបស់គាត់ច្រើនលើកមកហើយកុំឱ្យរកស៊ីខុសច្បាប់ ប៉ុន្តែពួកគេមិនស្ដាប់”។ លោកបានគូសបញ្ជាក់ថា វាស្រេចលើរដ្ឋបាលព្រៃឈើចោទប្រកាន់គ្រួសារនេះ។ លោក ប៉ែន បូលីណា បានលើកឡើងថា កុំចង្អុលទម្លាក់កំហុសលឿនពេក។ លោកថ្លែងថា ”ខ្ញុំមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់ពីម្ចាស់រថយន្ត និងឈើនោះនៅឡើយទេ។ យើងកំពុងស៊ើបអង្កេតដើម្បីស្វែងរកអ្នកពាក់ព័ន្ធ”។ ប៉ុន្តែលោក តេង អេងហាក់ លើកឡើងថា វាគ្មានអ្វីអាថ៌កំបាំងទេ។ “រថយន្ត និងឈើនោះជារបស់ប្រពន្ធខ្ញុំ ប៉ុន្តែខ្ញុំមិនពាក់ព័ន្ធការរកស៊ីឈើទេ” មុនពេលផ្ដាច់ទូរស័ព្ទ៕ សុខុម © 2016, ខេមបូឌា ដេលី. […]

The post អធិការ​នគរបាល​​​ស្រុកតំបែ ខេត្តត្បូងឃ្មុំ សារភាព​ថា ប្រពន្ធ​របស់ខ្លួន​ជា​​ឈ្មួញ​​រត់ពន្ធ​ឈើ​​ខុសច្បាប់ appeared first on The Cambodia Daily.