រឿង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ត្បែងមានជ័យ ដោះលែង​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​

កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៨ ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ​រថយន្តក្រុង​១២​កៅអី​១​គ្រឿង​ដែល​ដឹក​គ្រឿង​សង្ហា​រឹម​កែច្នៃ​ពី​ឈើ​ប្រណីត​ចេញពី​តំបន់​មុំ​៣ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ត្រូវបាន​លោក ធា ធី​ម មន្ត្រីរដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ធ្វើការ​បង្ក្រាប​នៅមុខ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តែម្តង​។ នៅពេលនោះ​ក៏មាន​អ្នកសារព័ត៌មាន​ចូលរួម​ផងដែរ ហើយ​រកឃើញថា​ម្ចាស់​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​នោះ ពុំមាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​ទេ​។ ប៉ុន្តែ​រយៈពេល​ប្រមាណ​១​ម៉ោង​ក្រោយមក​រថយន្តក្រុង​ដឹក​គ្រឿង​សង្ហា​រឹម​នោះ ត្រូវបាន​លោក សេង ថៃ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ដោះលែង​វិញ​ដោយ​មិន​បានធ្វើ​សេចក្ដីរាយការណ៍​ទៅ​ថ្នាក់លើ​ទេ​។

ទង្វើ​របស់លោក សេង ថៃ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង ហើយ​មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យថា ការដោះលែង​នោះ​គឺជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ត្បែងមានជ័យ បាន​កត់សម្គាល់ថា​ការដោះលែង​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​កែច្នៃ​ពី​ឈើ​ប្រណីត ក៏ដូចជា​ការដោះលែងរ​ថ​យន្ត​ដឹកឈើ​ខុសច្បាប់ គឺជា​ទម្លាប់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ ជាពិសេស​គឺ​លោក សេង ថៃ លោក ធា ធី​ម និង​លោក សុង បញ្ញា ជាដើម​។ ចំណែក​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ មិនដែល​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹកគគ្រេង​នោះទេ ហើយ​គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​។

តាម​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប ស្រុក​រវៀង និង​ស្រុក​គូលែន​ជាដើម បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណីត​នៅតែ​កើតឡើង​ព្រោងព្រាត​ដោយមាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ជាងនេះទៅទៀត​បទល្មើស​ដឹកជញ្ជូន​គ្រឿង​សង្ហា​រឹម​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ខេត្តព្រះវិហារ នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​សមត្ថកិច្ច​មួយចំនួន​ដោះលែង​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដូចជា ករណី​លោក សេង ថៃ ដោះលែង​រថយន្តក្រុង​១២​កៅអី​ដឹក​គ្រឿង​សង្ហា​រឹម​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦​ជាដើម​។ ដូច្នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​និង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ពុំមាន​ការថយចុះ​ឡើយ​៕

untitled-1 __ ___3