ឈ្មួញ​ឈើ​ធំៗ​នៅតែ​គេច​ផុតពី​វិធានការ​ច្បាប់ ហើយ​បទល្មើស​បន្ត​កើតឡើង​យ៉ាង​រាលដាល​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ក្បែរ​ច្រកព្រំដែន និង​ច្រករបៀង​មួយចំនួន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​ឈ្មួញ​មួយចំនួន​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ឈ្មួញ​ដែល​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មិន​ខ្វល់​ពី​វិធានការ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បទបញ្ជា​ឲ្យ​ក្រសួង​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​រត់ពន្ធ​ឈើ​ប្រណី​តទៅ​ស្រុក​យួន​នោះឡើយ​។ បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​សកម្មភាព​នាំ​ឈើ​ចេញ​តាម​ច្រកព្រំដែន និង​ច្រករបៀង​ក្នុងស្រុក​មេមត់ នៅតែ​កើតមាន​ទាំងយប់​ទាំង​ថ្ងៃ​។

​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​មេមត់ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅពេលដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បទបញ្ជា​ឲ្យ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​លើ​មេ​ឈ្មួញ​មួយចំនួន​ដូចជា ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ជាដើម គឺ​បទល្មើស​មាន​ភាពស្ងប់ស្ងាត់​មួយរយៈ​។ ប៉ុន្តែ​ចាប់តាំងពី​អំឡុង​ខែមេសា ឆ្នាំ​២០១៦ រហូតមកដល់​ពេលនេះ​ឈ្មួញ​មួយចំនួន​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដដែល ព្រោះ​ពួកគេ​កត់សម្គាល់​ឃើញថា​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​។ មានការ​រិះគន់​ចំៗ​ថា បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ និង​បទល្មើស​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​គឺជា​រឿង​ឥតន័យ ព្រោះ​ឈ្មួញ​ធំៗ​មិន​ញញើត​សូម្បីតែ​ប៉ុន​សរសៃសក់​។​

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​ស្រុក​យួន គឺជា​ឈ្មួញ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​មានអំណាច​ខ្លាំង ដូច្នេះ​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​នោះទេ ដោយសារ​ខ្លាច​ការគំរាមកំហែង​។ សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹង​ទៀតថា​ឈ្មួញ​មួយចំនួន​ដូចជា យាយ​ព្រឿង ជាដើម​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ គិតតែ​រឿង​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ហេង សំនៀង ហៅ​យាយ​ព្រឿង និង​ឈ្មួញ​ជាច្រើន​នាក់​ទៀត​នៅតែ​ដឹកឈើ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​ដូច​មុន​ដដែល​៕

image-258

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

image