ការ​ប្រៀបធៀប​ព្រី​ម លី​ហ្សា ជាមួយ​តារាចម្រៀង​ល្បី​អា​មេ​រិ​ករង​ការ​រិះគន់

រាជធានី​ភ្នំពេញ ៖ រូបភាព​មួយ​សន្លឹក​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កតាម​រយៈ​ឈ្មោះ Prim liza official ហើយ​ប្រៀប​ជាមួយនឹង​តារាចម្រៀង​ដ៏​ល្បីល្បាញ​របស់​អា​មេ​រិ​ក​នាង សេ​ឡេ​ណា ហ្គោ​មេស រង​ការ​រិះគន់​ខ្លាំង​ពី​ទស្សនិកជន ។

រូបភាព​ដែល​តារា​សម្តែង​នាង​ព្រី​ម លី​ហ្សា បង្ហោះ ហើយ​ប្រៀបធៀប​ខ្លួនឯង​ស្រ​ដៀង​ទៅ​នឹង​តារាចម្រៀង​ដ៏​ល្បី​អា​មេ​រិ​ក​នោះ​ទទួល​បានការ​សរសើរ​ផង និង​ការ​រិះគន់​ផង​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ដោយ​ពួក​គេ​សម្តែង​ការ​ហួសចិត្ត​នៅ​ពេល​ដែល​ឃើញ​តារា​ខ្មែរ​រូប​នេះ​បែរជា​យក​ខ្លួនឯង​ទៅ​ប្រៀបធៀប​ជាមួយ​តារា​បរទេស​ទៅ​វិញ ។

ផេ​ក​ដែល​បាន​ដាក់​ឈ្មោះ Prim liza official បាន​សរសេរ​ថា អ្នកខ្លះ​ថា រូប​នេះ​ស្រ​ដៀង​នឹង​តារាចម្រៀង​ល្បី​ម្នាក់​លើ​ពិភពលោក ដឹង​ថា​តារាចម្រៀង​ណា​ទេ ? ហើយ​អ្នកខ្លះ​ថា​នាង​ដូច​សេ​ឡេ​ណា ហ្គោ​មេស ហើយ​អ្នកខ្លះ​ថា មិនដឹង​ដូច​ត្រង់​ណា​ទេ ។

បន្ទាប់​ពី​រង​ការ​រិះគន់​ពី​អ្នក​ដែល​ចូល​មើល​នោះ​មក​តារា​សម្តែង​នាង​ព្រី​ម លី​ហ្សា បដិសេធ​ម្ចាស់​ផេ​ក​ដែល​បង្ហោះ​នោះ និង​ចាត់ទុកជា​ផេ​ក​ក្លែងក្លាយ​ដែល​ប្រើប្រាស់​ឈ្មោះ និង​រូប​របស់​នាង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ព្រី​ម លី​ហ្សា អះអាង​ថា ជុំវិញ​បញ្ហា​នេះ​ធ្វើ​ឲ្យ​នាង​មិន​សប្បាយចិត្ត​ឡើយ បន្ទាប់​ពី​ឃើញ​ព័ត៌មាន និង​ឃើញ​គណនី​ក្លែងក្លាយ​របស់​នាង ខណៈ​ពេល​ដែល​នាង​មិនដឹង​ថា ម្ចាស់​គណនី​នោះ​មាន​បំណង​ចង់​ធ្វើ​អ្វី​ទេ ។ គណនី​ក្លែងក្លាយ​នោះ​បាន​បង្ហោះ​រូបភាព​រាល់​សកម្មភាព​ទាំងឡាយ​របស់​នាង សូ​ម្បី​តែ​រូប​ដែល​នាង​បាន​ដាក់​ឈ្មោះ​ហើយ​ក៏​ដោយ ។

នាង​អត់​យល់ និង​មិន​ខឹង​ម្ចាស់​គណនី​នោះ​ឡើយ ហើយ​នាង​បាន​ចេញ​វី​ដេ​អូ​បកស្រាយ​នេះ​ក៏​មិន​ចង់​មាន​បញ្ហា​អ្វី​ដែរ គឺ​គ្រាន់តែ​ចង់​ឲ្យ​មិត្តភក្តិ និង​ទស្ស​និក​បានដឹង​ថា នាង​មាន​ហ្វេ​ស​ប៊ុ​ក​តែ​មួយ​ប៉ុណ្ណោះ​គឺ​គណនី​ដែល​ដាក់​ឈ្មោះ​ថា ព្រី​ម លី​ហ្សា មិនមែន Prim liza official នោះ​ទេ ។

ព្រី​ម លិ​ហ្សា បញ្ជាក់​ថា ការ​ចេញ​វី​ដេ​អូ​បកស្រាយ​នា​នេះ គឺ​ដើម្បី​ការពារ​ក្នុង​ករណី​ប្រសិនបើ​គណនី​ក្លែងក្លាយ​បាន​ឆាត និង Command នូវ​ពាក្យ​អ្វី​ដែល​មិន​សមរម្យ ឬ​ក៏​និយាយ​អ្វី​ដែល​ខុសច្បាប់​គឺ​នាង​មិន​ទទួលខុសត្រូវ​លើ​បញ្ហា​ដែល​បាន​កើតឡើង​ទាំង​អស់នោះ​ឡើយ ។

ព្រី​ម លី​ហ្សា បាន​អំពាវនាវ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​ទាំងអស់​ត្រឡប់​មក Like ផេ​ក​ពិតប្រាកដ​របស់​នាង​វិញ ចៀសវាង​ការ​ភាន់ច្រឡំ​ដោយ​ប្រការ​ណាមួយ ហើយ​ក៏​ថ្លែងអំណរគុណ​ដល់​ប្រិ​យ​មិត្ត​ទាំងអស់​ដែល​បន្ត​គាំទ្រ​ដល់​រូប​នាង​ទាំង​ការ Like ផេ​ក​ផ្ទាល់​របស់​នាង និង​ផេ​ក​ក្លែងក្លាយ​ផង​ដែរ ៕