តុលាការ​ផ្តន្ទាទោស​សកម្មជន​​​តំបន់​​​បឹង​​​កក់​​​​​​​ទាក់ទិន​​​សំណុំរឿង​​​ឆ្នាំ​​​២០១១

កន្លះទសវត្សរ៍បន្ទាប់ពីត្រូវបានចោទប្រកាន់ពាក់ព័ន្ធការតវ៉ាហិង្សានៅខាងក្រៅសាលារាជធានីភ្នំពេញ សកម្មជនបួននាក់មកពីសហគមន៍បឹងកក់ដែលកំពុងប្រឈមនឹងបញ្ហាត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារម្មាក់ៗ៦ខែកាលពីម្សិលមិញ ពីបទប្រមាថរាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈ។ សកម្មជនទាំង៤នាក់នេះត្រូវបានចោទប្រកាន់ភ្លាមៗបន្ទាប់ពីការតវ៉ានៅក្នុងខែវិច្ឆិកា ឆ្នាំ២០១១ដែលអំឡុងពេលនោះសកម្មជនបានគប់ស្បែកជើងកែងចោត ដុំថ្ម និងវត្ថុផ្សេងៗលើកងសន្តិសុខដែលលើកកម្លាំងមកបំបែកពួកគាត់ដោយប្រើដំបង និងខែលបង្ក្រាបកុបកម្ម។ សំណុំរឿងនេះស្ថិតក្នុងស្ថានភាពស្ងៀមស្ងាត់រហូតដល់ខែមុន ទើបត្រូវបានសើរើឡើងវិញ ស្របពេលមានការវាយប្រហារផ្នែកផ្លូវច្បាប់លើអ្នករិះគន់រដ្ឋាភិបាល។ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះលី សុខឡេង  បានសម្រេចចេញសាលក្រមផ្តន្ទាទោសអ្នកស្រី ទេព វន្នី អ្នកស្រី គង់ ចន្ថា អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង មុំ ដែលត្រូវផ្តន្ទាទោសសកំបាំងមុខកាលពីព្រឹកម្សិលមិញ។ អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី ត្រូវបានអនុញ្ញាតឲ្យចាកចេញពីតុលាការដើម្បីទុកពេលឲ្យប្តឹងឧទ្ធរហណ៍ រីឯអ្នកស្រី ទេពវន្នី សមាជិកដ៏លេចធ្លោជាងគេនៅក្នុងក្រុមសកម្មជននេះត្រូវបានបញ្ជូនត្រឡប់ទៅពន្ធនាគារព្រៃស ជាកន្លែងដែលអ្នកស្រីត្រូវបានឃុំឃាំងជាបណ្តោះអាសន្នពាក់ព័ន្ធការតវ៉ាដាច់ដោយឡែកមួយទៀតកាលពីឆ្នាំ២០១៣វិញ។ ចៅក្រម លី សុខឡេង បានមានប្រសាសន៍ថា “ពួកគាត់មិនគោរពអាជ្ញាធរ ហើយជេរប្រមាថមន្ត្រីសាលារាជធានីភ្នំពេញ។ពួកគាត់វាយប្រហារមកលើកងសន្តិសុខ…សន្តិសុខម្នាក់ត្រូវគេវាយចំក្បាល ហើយម្នាក់ទៀតបានរងរបួស”។ ចុងចោទទាំងនេះនៅតែមិនចុះញ៉មនៅក្នុងបន្ទប់សវនាកាដោយស្រែកឡើងថា “អយុត្តិធម៌!ម្តងហើយម្តងទៀតពេញសវនាការ។ អ្នកស្រី ទេព វន្នី បានលើកឡើងថា “ខ្ញុំនឹងរៀបចំឯកសារដើម្បីប្តឹងឧទ្ធរណ៍ ព្រោះយើងមិនបានជេរប្រមាថ និងប្រើអំពើហិង្សាលើសន្តិសុខទេ ប៉ុន្តែ ផ្ទុយទៅវិញគឺសន្តិសុខ និងនគរបាលទេដែលជាអ្នកវាយដំមកលើពួកយើង”។ អ្នកស្រី បូ ឆវី បានលើកឡើងថា ចុងចោទមិនបានប្រើអំពើហិង្សាទេ ឬសូម្បីតែរៀបចំការតវ៉ាឆ្នាំ២០១១ដែលអ្នកចូលរួមប្រហែល១០០នាក់បានសម្រេចរួមគ្នាយកញត្តិដាក់ជូនសាលារាជធានីភ្នំពេញ។ អ្នកស្រីបាននិយាយថា “ឥឡូវនេះជារដូវបុណ្យភ្ជុំបិណ្ឌ ប្រសិនបើខ្ញុំប្រើអំពើហិង្សាលើអាជ្ញាធរមែននោះ សូមដាក់បណ្តាសាឲ្យខ្ញុំស្លាប់ចុះ”។ បន្ទាប់ពីការផ្តន្ទាទោស អ្នកស្រី គង់ ចន្ថា និងអ្នកស្រី បូ ឆវី បានព្យាយាមចូលទៅក្នុងរថយន្តពន្ធនាគារជាមួយអ្នកស្រី ទេព វន្នី ដែរ ប៉ុន្តែត្រូវបានសន្តិសុខរារាំង។ ទីបំផុតពួកគាត់បានចូលរួមជាមួយសកម្មជនប្រហែល៤០នាក់ដែលបានប្រមូលផ្តុំគ្នានៅផ្លូវម្ខាងទៀតទល់មុខតុលាការ និងដែលត្រូវបានរារាំងមិនឲ្យដើរមកក្បែរអគារតុលាការដោយសន្តិសុខដែលមានចំនួនប្រហាក់ប្រហែលគ្នា។ អំឡុងការតវ៉ាឆ្នាំ២០១១សកម្មជនបានទាមទារឲ្យអ្នកភូមិតំបន់បឹងកក់ចំនួន៩៤គ្រួសារទទួលបានដីមួយផ្នែកនៃដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាទុកសម្រាប់សមាជិកសហគមន៍បឹងកក់ដែលត្រូវបានបណ្តេញចេញ។ អំពើហិង្សាបានផ្ទុះឡើងនៅពេលនគរបាលបានរារាំងស្ត្រីប្រហែល១០០នាក់មិនឲ្យធ្វើដំណើរឆ្ពោះទៅកាន់មហាវិថីព្រះមុនីវង្ស។ សាលដីកាផ្តន្ទាទោសនេះធ្វើឡើងស្របពេលរដ្ឋាភិបាលបើកយុទ្ធនាការប្រឆាំងគណបក្សសង្គ្រោះជាតិ សកម្មជនសិទ្ធិមនុស្ស និងអ្នករិះគន់ផ្សេងៗទៀត។ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុងរស់នៅក្នុងស្ថានភាពនិរទេសខ្លួនដើម្បីគេចចេញពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ខណៈលោក កឹម សុខា អនុប្រធានរបស់លោកត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ខែកាលពីដើមខែនេះ ប៉ុន្តែ លោកមិនត្រូវបានចាប់ខ្លួនទេ ហើយនៅសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្តាលបក្សក្នុងរាជធានីភ្នំពេញនៅឡើយ។ យុទ្ធនាការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ដែលមានរយៈពេលយ៉ាងយូរដើម្បីអំពាវនាវសុំឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សកំពុងជាប់ពន្ធនាគារ និងការសើុបអង្កេតប្រកបដោយតម្លាភាពនៅក្នុងករណីធ្វើឃាតលោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែកក្កដានោះ បានឈានដល់ការបញ្ឈប់ […]

The post តុលាការ​ផ្តន្ទាទោស​សកម្មជន​​​តំបន់​​​បឹង​​​កក់​​​​​​​ទាក់ទិន​​​សំណុំរឿង​​​ឆ្នាំ​​​២០១១ appeared first on The Cambodia Daily.