ពលរដ្ឋ​ក្នុងស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប អំពាវនាវ​ឲ្យ​អភិបាលខេត្ត​ព្រះវិហារ ដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកបដោយ​តម្លាភាព​

​ក្រុមមន្ត្រី​អង្គការសិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ទំនាស់​ដីធ្លី​ក្នុង​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក អ៊ុំ ម៉ា​រ៉ា ចាត់វិធានការ​ដោះស្រាយ​ជម្លោះដីធ្លី​ក្នុងស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប ប្រកបដោយ​តម្លាភាព​។ ទាក់ទង​នឹង​បញ្ហា​នេះ​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ខ្លាច​មាន​អំពើហិង្សា​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ និង​ប្រជាពលរដ្ឋ​ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប ដែល​កំពុងដណ្ដើម​គ្រប់​គ្រង​ដី​ក្នុង​តំបន់​ជាប់​ព្រំប្រទល់​រវាង​ស្រុក​ទាំងពីរ​។ ចំណែក​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏​សម្ដែង​សេចក្ដី​បារម្ភ​ពី​ជម្លោះដីធ្លី​នេះដែរ ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈមមុខ​ដាក់គ្នា​តទៅទៀត​។

​នៅក្នុង​រឿងរ៉ាវ​ដណ្ដើម​កាន់កាប់​ដីធ្លី​នៅ​តំបន់​ព្រំប្រទល់​រវាង​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប​នោះដែរ ប្រជាពលរដ្ឋ​ភូមិ​បុស្ស ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ ប្រញាប់​ដោះស្រាយ​បញ្ហា​ជាបន្ទាន់​ក្រោយ​ពេលដែល​អាជ្ញាធរ​ស្រុក​ឆែប ផ្លាស់ប្ដូរ​ខ្សែ​ព្រំប្រទល់​ថ្មី​រំកិល​ចូលមកក្នុង​ទឹកដី​ដែល​ពួកគាត់​ប្រកប​របរ​កសិកម្ម​ច្រើន​ឆ្នាំ​មកហើយ​នោះ​។ ប្រភពពី​ប្រជាពលរដ្ឋ​ភូមិ​បុស្ស ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា​ចាប់តាំងពី​ចុងខែ​សីហា​រហូតមក មាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​មកពី​ស្រុក​ឆែប ចូល​ទន្ទ្រាន​កាន់កាប់​ដីធ្លី​ដែល​ពួកគាត់​ធ្លាប់​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​កត់សម្គាល់ថា នៅពេល​អាជ្ញាធរ​ស្រុក​ឆែប រំកិល​ខ្សែ​ព្រំប្រទល់​ចូល​ទឹកដី​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ គឺ​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​កំពុង​តានតឹង​គួរ​ឲ្យ​ព្រួយបារម្ភ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា ក្នុង​ហេតុផល​ណាក៏ដោយ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ គួរ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ប្រជាពលរដ្ឋ​និង​ប្រជាពលរដ្ឋ​តទៅទៀត​។ មន្ត្រី​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​មួយចំនួន​ក្នុងស្រុក​នេះ​បាន​ចូលទៅ​កាន់កាប់​ដីធ្លី​នៅ​ចំណុច​អូរ​ពង្រ ទីតាំង​មានទំនាស់​នោះ​ជា​យូរ​មកហើយ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៣ ស្រាប់តែ​អាជ្ញាធរខេត្ត​ព្រះវិហារ សម្រេច​ឲ្យ​អាជ្ញាធរ​ស្រុក​ឆែប បង្ខិត​ព្រំប្រទល់​ចាស់​ដែល​នៅ​អូរ​ព្រាល រំកិល​ដល់​ទឹកដី​ស្រុក​ត្បែងមានជ័យ ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ទើប​ធ្វើ​ឲ្យ​មានទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៃ​ស្រុក​ទាំងពីរ​។ ហេតុនេះ​អាជ្ញាធរខេត្ត​ព្រះវិហារ គួរ​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ទប់ស្កាត់​អំពើហិង្សា​កុំ​ឲ្យ​កើតឡើង​ជាយថាហេតុ​៕

4-37

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ 

f5b4f2a1-1e1d-452e-b8c1-7254a0cd9d76