មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី រង​ការរិះគន់​យ៉ាងខ្លាំង​ក្លា​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​

កន្លងមក​ជនជាតិដើម​ភាគតិច​ចំនួន​៣០៧​នាក់​រស់នៅ​ក្នុងភូមិ​ចំនួន​៤​នៃ​ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ បាន​ផ្ដិតមេដៃ​លើ​សំណើសុំ​ផ្លាស់ប្ដូរ​នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​បរខាំ ឈ្មោះ រ​ម៉ា​ម សុផាត ដោយសារតែ​មេ​ប៉ុស្ដិ៍​រូបនេះ​មិន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ សំណើ​របស់​ប្រជាពលរដ្ឋ​ធ្វើឡើង​អស់​រយៈពេល​៣​ខែ​មក​ហើយដោយ​មានកា​រ​គាំទ្រ​ពី​ប្រធានភូមិ​ទាំង​៤ និង​មេឃុំ​បរខាំ​ផងដែរ ក៏ប៉ុន្តែ​មកដល់ពេលនេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី មិន​ចាត់វិធានការ​តាម​សំណើ​ប្រជាពលរដ្ឋ​នោះទេ​។ ហេតុនេះ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​ជាបន្ទាន់​។

តំណាង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​បរខាំ បាន​ឲ្យ​ដឹងថា​អ្នកភូមិ​ព្រិល ភូមិ​បួរ ភូមិ​ទុង និង​ភូមិ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ ធា្ល​ប់​ធ្វើសំណើ​ទៅ​លោក ប៊ូ ថង សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមការងារ​ប្រចាំ​មណ្ឌល​ភូមិភាគ​ទី​៤ នៃ​ខេត្តរតនគិរី ដើម្បី​សុំ​ផ្លាស់ប្ដូរ​លោក រ​ម៉ា​ម ផាត ចេញពី​តំណែង​មេ​ប៉ុស្ដិ៍នគរបាល​ឃុំ​។ នៅក្នុង​សំណើ​នោះ​ជនជាតិដើម​ភាគតិច​៣០៧​នាក់​បាន​ផ្ដិតមេដៃ ហើយ​រៀបរាប់​ច្បាស់ៗ​ថា​លោក រ​ម៉ា​ម ផាត មាន​ចរិតមិនល្អ មិន​សហ​ការធ្វើការងា​រ​ជាមួយ​អាជ្ញាធរ​ឃុំ ហើយ​ស្ដាប់​តែ​បញ្ជា​លោក​អធិការនគរបាល​ស្រុក​អូ​រយ៉ា​ដាវ​។ ម្យ៉ាងទៀត​ក្រោម​ការគ្រប់គ្រង​របស់លោក រ​ម៉ា​ម ផាត បានធ្វើ​ឲ្យ​កម្លាំង​នគរបាល​ក្នុង​ឃុំ​បរខាំ បែកបាក់​សាមគ្គី​គ្នា​មិន​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​កូនប្រសា​របស់លោក រ​ម៉ា​ម ផាត មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​។

ទង្វើ​មិនល្អ​របស់លោក រ​ម៉ា​ម ផាត ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​រិះគន់​នោះ គឺ​ក្រោយពេល​លោក រ​ម៉ា​ម ផាត មកកាន់​តំណែង​ជា​មេ​ប៉ុស្ដិ៍នគរបាល​ឃុំ​បរខាំ​រួចមក គឺ​បទល្មើស​ព្រៃឈើ ក្រុម​ក្មេង​ទំនើង និង​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។ បញ្ហា​នេះ​លោក ថង សាវុន មិនគួរ​មើលរំលង​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​តទៅទៀត​ទេ ព្រោះ​លោក ម៉ា វិចិត្រ អភិបាលស្រុក​អូរ​យ៉ា​ដាវ កំពុង​ចេញមុខ​ការពារ​លោក រ​ម៉ា​ម ផាត ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ថា​លោក រ​ម៉ា​ម ផាត ក្នុងនាម​ជា​មេ​ប៉ុស្ដិ៍នគរបាល​ឃុំ​បរខាំ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​នោះទេ ជាពិសេស​លោក រ​ម៉ា​ម ផាត មាន​ចរិត​ក្រអឺតក្រទម​ធ្វើ​អ្វីៗ​ដោយ​អាង​អំណាច​របស់ខ្លួន ហេតុនេះហើយ​ទើប​ពួកគាត់​ធ្វើសំណើ​ឲ្យ​ផ្លាស់ប្ដូរ​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​បរខាំ រូបនេះ​ចេញពី​តំណែង​ឲ្យ​បាន​កាន់តែ​ឆាប់​កាន់តែ​ប្រសើរ​៕

______-_______________1

លោក ថង សាវុន អភិបាលខេត្តរតនគិរី 

qasw
​ ​