ឧកញ៉ា សុខ គឹម​សាន្ត បើក​ល្បែងស៊ីសង​នៅក្នុង​ស្រុក​អូរ​យ៉ា​ដាវ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​

ប្រជាពលរដ្ឋ​ក្នុងភូមិ​ប៉ក់​ញ៉ៃ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បន​ល្បែងស៊ីសង​មួយកន្លែង​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​បើក​ដំណើរការ​យ៉ាង​រលូន ហើយ​អនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​បន​ល្បែង​នោះ​គឺ​ឧកញ៉ា សុខ គឹម​សាន្ត ហើយ​ទំនងជា​ឧកញ៉ា​ម្នាកនេះ​មានការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី ទើប​បន​ល្បែងស៊ីសង​អត់​ច្បាប់​អាច​ដំណើរការ​ដោយ​គ្មាន​ឧបសគ្គ​។ បញ្ហា​នេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​កំពុង​នាំ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ បាន​ឲ្យ​ដឹងថា​បន​ល្បែង​របស់​ឧកញ៉ា សុខ គឹម​សាន្ត គឺ​ជ្រក​ក្រោម​យីហោ​កាស៊ីណូ​មិត្តភាព​របស់​ឧកញ៉ា ទ្រី ភាព តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​-​យួន​ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។ បន​ល្បែង​អត់​ច្បាប់​របស់​ឧកញ៉ា សុខ គឹម​សាន្ត មាន​លេងល្បែង​ច្រើ​ប្រភេទ​ដូចជា បញ្ជល់មាន់ បៀ​អាប៉ោង យូគី​ជាដើម ហើយ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​កុះករ​ដែល​គេ​អាច​រកចំណូលបាន​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​កត់សម្គាល់ថា​ចាប់តាំងពី​បន​ល្បែង​អត់​ច្បាប់​របស់​ឧកញ៉ា សុខ គឹម​សាន្ត បើក​ដំណើរការ​មក​គឺ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កើតមាន​បទល្មើស​នានា​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ហើយ​អ្នកភូមិ​មួយចំនួន​ចាញ់​លុយកាក់​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់​ផងដែរ​។

ប្រភព​មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឃុបឃិត​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក ក៏ដូចជា​សមត្ថកិច្ច​ក្នុងស្រុក​អូ​រយ៉ា​ដាវ ទើប​បន​ល្បែង​អត់​ច្បាប់​របស់​ឧកញ៉ា សុខ គឹម​សាន្ត អាច​បើក​លេង​យ៉ាង​អនាធិបតេយ្យ ហើយ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​កាន់តែ​ច្រើនឡើងៗ​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ប៉ក់​ញ៉ៃ បាន​ឲ្យ​ដឹង​ទៀតថា​ម្ចាស់​បន​ល្បែង គឺ​ឧកញ៉ា សុខ គឹម​សាន្ត អាចមាន​ការបែងចែក​ផលប្រយោជន៍​ទៅ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី​ជាប្រចាំ​ផងដែរ ទើប​ទាំង​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្ត និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី រក្សា​ភាព​ស្ងៀមស្ងាត់​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​អូ​រយ៉ា​ដាវ បាន​អំពាវនាវ​ឲ្យ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យមើល​ដំណើរការ​បន​ល្បែង​អត់​ច្បាប់​របស់​ឧកញ៉ា សុខ គឹម​សាន្ត ខ្លះ​ផង​ព្រោះ​បន​ល្បែង​នេះ​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​រៀងរាល់ថ្ងៃ ហើយ​បទល្មើស​ផ្សេងៗ​ក៏​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុងស្រុក​អូ​រយ៉ា​ដាវ​ផងដែរ​៕

249_ratanakirypl07-04-15-002

លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី 

87-copy 87