រឹត​បន្តឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក​តាម​កំពង់ដ​ក្នុង​ថ្ងៃ​កាន់បិណ្ឌ

ខេត្តក្រចេះ ៖ អនុវត្ត​តាម​ទិស​ដៅ​ផែនការ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ ក៏​ដូច​ជា​អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​រង​កណ្តាល​សណ្តាប់ធ្នាប់ លើ​ការងារ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​គ្រប់​មធ្យោបាយ​ទាំង​ផ្លូវទឹក​និង​ផ្លូវគោក​ក្នុង​ឱកាស​កាន់បិណ្ឌ​និង​ថ្ងៃ​ភ្ជុំបិណ្ឌ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សុភាព នាយការិយាល័យ បាន​ចុះ​ពិនិត្យ​លើ លក្ខណៈ​បច្ចេកទេស​ជលយាន​នៅ​តាម​កំពង់ដ​ចម្លង​នៅ​ទូ​ទាំង​ខេត្ត​យ៉ា​ង​សកម្ម ។

លោក​វរសេនីយ៍ទោ អ៊ុំ សុភាព បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​ចុះ​ពិនិត្យ​លើ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវទឹក ពិសេស​ទីតាំង​ធ្វើ​អាជីវកម្ម​ដ​ចម្លង​ទាំង​៩​កន្លែង នៅ​ទូ​ទាំង​ខេត្ត​របស់​កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវទឹក​កម្លាំង​នគរបាល​ចរាចរណ៍​បាន​ណែនាំ​ឲ្យ​ម្ចាស់​ដ​ចម្លង​មានការ​យកចិត្តទុកដាក់​លើ​ការ​ចម្លង​ទៅ​មក បម្រើសេវា​ដល់​អ្នកដំណើរ បំពាក់​សម្ភារ សង្គ្រោះ​លើ​ជលយាន និង​ការ​ផ្ទុក​មិន​ឲ្យ​លើស​ចំណុះ​កំណត់ ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា កន្លង​មក​បើ​ទោះបីជា​អាជីវកម្ម​ដ​ចម្លង​ក្នុង​ខេត្ត នៅ​មិន​ទាន់​មាន​ឧ​ប្ប​តិ្ត​ហេតុ​អាក្រក់​ណាមួយ​ដល់​អ្នក​ធ្វើ​ដំណើរ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ធ្ងន់ធ្ងរ​យ៉ាងណា​ក៏​ដោយ តែ​កម្លាំង​នគរបាល​នៅ​តែ​បន្ត​ការ​រឹត​បន្តឹង និង​តម្រូវ​ឲ្យ​ម្ចាស់​ដ​ចម្លង​ត្រូវ​មានការ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​ដឹក​អ្នកដំណើរ​ឆ្លង​ទៅ​មក​យ៉ា​ង​ប្រុង​ប្រយ័ត្ន ។

មានការ​កត់​សម្គាល់ថា ដ​ចម្លង​ដែល​កំពុង​តែ​ធ្វើ​អាជីវកម្ម​ទាំង​១០​នៅ​ទូ​ទាំង​ខេត្តក្រចេះ ត្រូវ​បាន​កត់សម្គាល់​ឃើញ​ថា មាន​ដ​ចម្លង​កំពង់​គ​-​ស្រុក​ឆ្លូង​មួយ​កន្លែង​ដែល​កន្លង​មក ធ្លាប់​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​អ្នក​ជិះ​ឆ្លង​ជា​បន្តបន្ទាប់ ដូច​ជា​ការ​ធ្លាក់​រថយន្ត​ដឹក​ដំឡូង​ចូល​ទឹក និង​ការ​ធ្លាក់​មនុស្ស​ចូល​ទឹក​បណ្តាល​ឲ្យ​ស្លាប់​ពេល​មិន​ទាន់​ចូល​ច្រាំង ពិសេស​ដ​ចម្លង​មួយ​នេះ​បាន​រង​ការ​ចោទ​មិន​ផ្លូវការ​ថា បាន​លួច​ធ្វើ​អាជីវកម្ម​ចម្លង​រថយន្ត​ដឹកឈើ​នៅ​ពេល​យប់ ៕