​លោក កឹម សុខា បញ្ជាក់ថា យុវជន គឺជា​កម្លាំង​ថ្មី គំនិត​ថ្មី ដែល​នាំមក​នូវ​ការផ្លាស់ប្ដូរ​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា ថ្មីៗ​នេះ​បាន​បញ្ជាក់ថា យុវជន គឺជា​កម្លាំង​ថ្មី គំនិត​ថ្មី ដែល​នាំមក​នូវ​ការផ្លាស់ប្ដូរ​។ ដូច្នេះហើយ​បានជា​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​បង្កើត​ក្រុមប្រឹក្សា​យុវជន​ថ្នាក់ជាតិ គឺជា​យន្ដការ​បន្ថែម​លើសពី​ចលនា​យុវជន​។ ក្រុមប្រឹក្សា​យុវជន​នេះ មាន​សមាសភាព​តំណាង​ឲ្យ​ចលនា​យុវជន​ទាំង​២៥​រាជធានី​-​ខេត្ត និង​តំណាង​ឲ្យ​បណ្ដាញ​យុវជន​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ពន្យល់ថា ក្រុមប្រឹក្សា​យុវជន ជា​សេនាធិការ​ផ្ទាល់​របស់​ប្រធាន អនុប្រធាន​គណបក្ស ដែលមាន​តួនាទី​សំខាន់ និង​មាន​សិទ្ធិអំណាច មិន​ត្រឹមតែ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​នោះទេ លើសពីនេះទៅទៀត ជា​អ្នកចូលរួម​ធ្វើ​សេចក្ដីសម្រេច​គោលនយោបាយ​សំខាន់ៗ របស់​គណបក្ស​ទៀតផង​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កន្លងមក បាន​បញ្ជាក់ដែរថា ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែធ្វើការ​យ៉ាងសកម្ម​ដែល​បេសកកម្ម​នេះ​នឹង​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​ជោគជ័យ​នាពេលខាងមុខ ហើយ​វា​ក៏​ជាការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ គឺ​ការជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​នាពេលខាងមុខ​។​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា សកម្មភាព​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើនបំផុត​កើតចេញពី​ឆន្ទៈ និង​ស្នាដៃ​ក្នុង​កិច្ចការ​សង្គម ការពង្រឹង​សមត្ថភាព ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​របស់​យើង​។ លោក សម រង្ស៊ី បញ្ជាក់ថា ចរន្ត​នៃ​ការផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​នាពេលខាងមុខ​គ្មាន​អ្នកណា​អាច​ទប់ស្កាត់​បានឡើយ ព្រោះ​យុវជន​ខ្មែរ​ជាម​ហា​ចលនា​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​៕

14330025_1465371240146837_8150009707837434384_n 14364779_1465371316813496_3047814920339515576_n