បក្ស​ប្រឆាំង​វិល​ចូល​សភា​វិញ​រំពឹង​ថា​អាច​បន្ថយ​ភាព​តានតឹង

រាជធានី​ភ្នំពេញ ៖ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រៅ​ពន្ធនាគារ​ព្រៃ​ស នា​ថ្ងៃ​ទី​២០ ខែកញ្ញា​ថា គណបក្សកាន់អំណាច​និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តែ​មាន​ដំណោះស្រាយ​ក្នុង​រយៈ​ដ៏​ខ្លី​ខាង​មុខ​នេះ ដើម្បី​បញ្ចប់​បញ្ហា​នយោបាយ​ស្មុគស្មាញ​នា​ពេល​បច្ចុប្បន្ន ។ នៅ​ពេល​មាន​ដំណោះស្រាយ​នយោបាយ អ្នកទោស​ដែល​ជា​សកម្មជន​និង​តំណាងរាស្ត្រ​ដែល​កំពុង​ជាប់​ឃុំឃាំង ក៏​នឹង​ត្រូវ​បាន​ដោះ​លែង​ដែរ ។

លោក សុ​ន ឆ័​យ តំណាងរាស្ត្រ​ខាង​គណបក្សសង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ពី​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​នេះ ទៅ​ចូល​ជួប​ជាមួយ​សកម្មជន​គណបក្ស​ចំនួន​១៥​នាក់​ថា ប្រសិនជា​ជម្រើស​របស់​ប្រជាពលរដ្ឋ តាម​គំនិត​អង្គការ​អន្តរជាតិ និង​គំនិត​គណបក្ស​ទាំង​ពីរ​ប្រហែលជា​មិនយូរ​ទេ នឹង​អាច​មានការ​ជជែក​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នេះ ។

លោក សុ​ន ឆ័​យ បាន​លើក​ឡើង​ថា លោក​បាន​ជួប​លោក​មេឃុំ ស៊ា​ង ចែត ដែល​កំពុង​ជាប់​ឃុំឃាំង គាត់​បាន​យំ​ស្រែក​ដូច​កាលពី​ជួប​ពេល​មុន​ដែរ ។ លោក សុ​ន ឆ័​យ បញ្ជាក់​ថា លោក ស៊ា​ង ចែត និយាយ​ថា គាត់​ចង់​ចេញ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត ។ លោក​បាន​លើក​ឡើង​ថា ក្រុម​តំណាងរាស្ត្រ​បាន​ជួប​ជាមួយ​អ្នក​ជាប់​ឃុំឃាំង​ចំនួន​១៨​នាក់ រួម​ទាំង​លោក ហុង សុខ​ហួរ លោក អ៊ុំ សំ​អាន និង​លោក ស៊ា​ង ចែត ផង​។

លោក សុ​ន ឆ័​យ បាន​លើក​ឡើង​ថា សភាពការណ៍​នៅ​ក្នុង​ពន្ធនាគារ​មាន​សភាព​ធម្មតា​ទេ​។ ក្រុម​អ្នក​ជាប់​ឃុំ​មាន​ពីរ​ក្រុម​គឺ អ្នក​កាត់ទោស​ហើយ និង​អ្នក​មិន​ទាន់​កាត់ទោស ។ ការ​ចូល​ជួប​នេះ មានការ​លើក​ឡើង​ពី​បញ្ហា​សុខភាព បញ្ហា​នយោបាយ និង​ជា​ការ​ជួបជុំ​បុណ្យ​ភ្ជុំបិណ្ឌ​ផង  តែ​ពួក​គាត់​មិន​បាន​ជួបជុំ​គ្រួសារ​ទេ ។ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ឲ្យ​ពួក​គាត់​ជួបជុំ​ជាមួយ​គ្រួសារ​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ។

លោក សុ​ន ឆ័​យ ថ្លែង​ថា អ្នក​ជាប់​ពន្ធនាគារ​ទាំងនោះ នឹង​មិន​នៅ​ជាប់​ឃុំឃាំង​យូរ​បន្ត​ទៅ​ទៀត​ទេ ត្រូវ​តែ​មាន​ដំណោះស្រាយ​នៅ​ពេល​ខាង​មុខ​នេះ ។ ការ​ជជែក​គ្នា​នេះ អាច​មាន​ដំណោះស្រាយ​រវាង​គណបក្សកាន់អំណាច និង​គណបក្ស​សង្គ្រោះ​ជាតិ ។ ការ​ធ្វើតេស្ត​គ្នា ការ​សាកល្បង​គ្នា មានការ​ខាត​ពេលវេលា​ច្រើន​ណាស់ ។

លោក សុ​ន ឆ័​យ បាន​លើក​ឡើង​តប​នឹង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ថា សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា កុំ​យក​រឿង​មហា​បាតុកម្ម​មក​គំរាម  តែ​លោក​បាន​លើក​ឡើង​ថា យើង​ជជែក​គ្នា​មិន​ត្រូវ​យក​អ្វី​មក​គំរាម​គ្នា​ទេ ។ យើង​ត្រូវ​រក​វិធី​ដ៏​ត្រជាក់​មួយ​មក​ជជែក​គ្នា ។ នេះ​មិនមែន​តែ​បំណង​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្តេច​តេ​ជោ ហ៊ុន សែន នោះ​ទេ គឺជា​បំណងប្រាថ្នា​របស់​សហគមន៍​អន្តរជាតិ​ដែរ ។

លោក សុ​ន ឆ័​យ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ទៀត​ថា រាល់​ការ​ថ្លែង​អំពី​សិទ្ធិ​មនុស្ស និង​នយោបាយ​ដែល​កំពុង​កើត​មាន ទាំង​អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ ក្នុង​នោះ​មាន​ប្រទេស​ចំនួន​៣៩ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម ទាមទារ​ឲ្យ​គណបក្ស​ទាំង​ពីរ​ជជែក​គ្នា ដែល​នេះ​ជា​ជម្រើស​មួយ​ដ៏​ល្អ​បំផុត ។

លោក សុ​ន ឆ័​យ បាន​លើក​ឡើង​ថា អ្នកទោស​ទាំង​១៨​នាក់ បាន​លើក​ឡើង​នូវ​សំណូមពរ​ពី​រឿង​មហា​បាតុកម្ម​នេះ​ដែរ ។ សំណូមពរ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ឲ្យ​បាន​ឆាប់​ហើយ​បញ្ហា​ធ្វើ​បាតុកម្ម​ទោះបីជា​ជម្រើស​ចុង​ក្រោយ​យ៉ាងណា ក៏​ត្រូវ​តែ​ខិតខំ​ឲ្យ​បានជា​អតិបរមា​ដើម្បី​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​នេះ​តាម​ការ​ជជែក​គ្នា​រវាង​គណបក្ស​ទាំង​ពីរ ។ ក្នុង​នាម​គណបក្ស​នយោបាយ មិនមែន​នរណា​យក​យោបល់​បញ្ជា​ដាច់​ណាត់​នោះ​ទេ ។ យកគំនិត​និង​ការ​សន្និដ្ឋាន​ដើម្បី​ធ្វើការ​សម្រេច​រួម គិតគូរ​វាសនា​ទាំងអស់ ព្រោះ​ជីវិត​មនុស្ស​ក្នុង​សង្គម​យើង​មាន​តម្លៃ​ដូច​គ្នា មិនមែន​តំណាងរាស្ត្រ ព្រឹទ្ធសភា​ថ្លៃ​ជាង ប្រជាពលរដ្ឋ​ទាប​យ៉ាងណា​នោះ​ទេ​គឺ​ស្តាប់​ទាំងអស់ ។

លោក សុ​ន ឆ័​យ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​ធ្វើការ​នៅ​រដ្ឋសភា​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ ។
ការ​ប្រកាស​វិល​ចូល​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា នឹង​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ ។ ជំហរ​របស់​គណបក្សប្រឆាំង​នេះ គឺ​បន្ទាប់​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា បើ​ចង់​និយាយ​គ្នា​មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​សភា​ធ្វើការ​ធម្មតា​វិញ ៕