យ៉ាប់ហ្មង! បុក​គ្នាលើគោកមិនអស់ចិត្ត ទៅបុកគ្នាលើទឹក​ទៀត

ខេត្តស្ទឹងត្រែង ៖ ទូក​​និង​ទូក​​បុក​គ្នាយ៉ាងពេញទំហឹង ​បណ្តាល​ឱ្យ​​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​​ទូក​រង​របួស​ធ្ងន់​​​ចំ​ដើមទ្រូង​ ខណៈ​​កំពុង​​អង្គុយ​រាយ​​សន្ទូច​លើ​ទូក​តាម​ដង​ទន្លេរ​មេគង្គ ​ស្រាប់តែ​មាន​ទូក​មួយគ្រឿង​ទៀត​មក​បុក បណ្តាល​ឱ្យ​​ក្រឡាប់​លិច​ក្នុង​ទៅ​ទន្លេ​​មេ
គង្គ​។

ហេតុការណ៍​នេះ​ ​​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ០៦ និង៣០​នាទី​យប់​ថ្ងៃ​ទី​២០ ​កញ្ញា ​២០១៦ ស្ថិតត្រង់​ចំណុច​ច្រាំង​ទន្លេ​មេគង្គ ​ក្នុងភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​ស្នែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ ។ ចំពោះ​ហេតុការណ៍​ខាងលើ​នេះ​ បើ​តាម​សម្តី​របស់​អ្នក​ភូមិ​ដែល​បាន​នាំ​ជន​រង​គ្រោះ​មក​មន្ទី​ពេទ្យ​បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​​ជិះទូក​របស់​ខ្លួន​ទៅ​រាយ​សន្ទូច ដាក់​បង្កៃ​ ដើម្បី​យក​ត្រី​មក​ធ្វើ​ម្ហូប​ ប្រសិន​ដាក់​បាន​ត្រី​ច្រើន ​ជន​រងគ្រោះ​ក៏​យក​ទៅ​លក់​នៅ​ផ្សារ​​ដែរ ។

​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ ខណៈ​​ដែល​ជន​រង​គ្រោះ​កំពុង​តែ​រាយ​សន្ទូច​ដូច​សព្វដង​នោះ ក៏​មាន​ទូក​មួយទៀត ​មិនដឹង​ថា ​ជា​ទូក​របស់​អ្នក​ណា ​ហើយ​មកពីណាទេ ​បើក​មក​បុក​ទូក​របស់​ជន​រង​គ្រោះ ​បណ្តាល​​ឱ្យ​ក្រឡាប់​លិច​ចូល​ក្នុង​ទន្លេ ពេល​នោះ​ជន​រង​គ្រោះ​ក៏បាន​រអិល​ដួល បណ្តាល​​ឱ្យដើមទ្រូង​បុក​ជាមួយ​ និង​គែមទូក​រង​របួសធ្ងន់​។

ពលរដ្ឋបន្ត​ថា ​ជន​រង​គ្រោះ​ឈ្មោះថេ​ត ធី អាយុ​៣៨​ឆ្នាំ ​ជា​អ្នកនេសាទ​ត្រី រស់នៅ​ក្នុងភូមិ-ឃុំ -កើតហេតុ​ខាងលើ​ ។ បើ​តាម​សម្តី​​លោកគ្រូ​ពេទ្យ​បានឱ្យ​ដឹងបន្ថែម​ថា ស្ថានភាព​មុខរបួស​របស់​ជន​រង​គ្រោះ ​គឺ​មានសភាព​ធ្ងន់ធ្ងរ​ណាស់​ ព្រោះថា​នៅ​ពេល​ដែល​ដើមទ្រូង​បុក​ជាមួយនឹងគែមទូក​នោះ​ គឺ​បណ្តាល​ឱ្យ​​សួត​មាន​លក្ខណៈ​ហើម​ខ្លាំង​ចូល​ខ្យល់ ប៉ុន្តែ​ទោះបីជាបែបណា ​​យើង​នឹង​ខិតខំ​ព្យាបាលឱ្យ​​អស់ពី​លទ្ធ​ភាព​។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិដឹក​យក​មក​សង្គ្រោះ​នៅមន្ទី​ពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ។