ឌីជេ Nana ប្រកាស​ឈប់​ធ្វើ​ទី​ប្រឹក្សា​ស្នេហា​នៅ​វិទ្យុ

តាម​រយៈ​ Sabay ​ឌីជេ​ស្រី​ល្បី​ឈ្មោះ នាង សុវ៉ាតណា​ ប្រចាំ​វិទ្យុ​ 94 FM ​​បាន​ប្រកាស​ឈប់​ធ្វើ​ជា​ទីប្រឹក្សា​ស្នេហា​​ជូន​បណ្ដា ​Fans​ ​តាម​​រលក​ធាតុ​អាកាស​​ទៀត​ហើយ។ ​ការ​សម្រេច​ចិត្ត​នេះ​ នាង​ថា​ជា​ជម្រើស​ល្អ បំផុត​សម្រាប់​ជីវិត​។

 

រយៈ​ពេល​៨​ឆ្នាំ​មក​នេះ​ មានរឿង​រ៉ាវ​​ និង​អនុស្សាវរីយ៍​ជា​ច្រើន ​ពាក់ព័ន្ធ​នឹង​ការងារ​វិទ្យុ ​ដែល​ធ្វើ​ឲ្យ​ឌីជេ​ស្រី​រូប​នេះ​​ប្រាប់​ថា​ មិន​អាច​បំភ្លេច​បាន​។ ហេតុ​ផល​នៃ​ការ​លាឈប់​ពី​អាជីព​​នៅ​វិទ្យុ​នោះ​​ ឌីជេស្រី​អាយុ​ ២៩​ឆ្នាំ​ ប្រាប់​ថាមាន​​មូល​ហេតុសំខាន់ៗ​​ពីរ​យ៉ាង​៖

 

ឌីជេ Nana ប្រកាស​ឈប់​ធ្វើ​ទី​ប្រឹក្សា​ស្នេហា​នៅ​វិទ្យុរូបភាព​ហ្វេសប៊ុក Dj Nana

 

ទី១​ ដើម្បី​សុវត្ថិភាព​៖ “​វា​ពិត​ជា​មាន​ផល​លំបាក​ខ្លាំង​សម្រាប់បងជា​ស្រី ​ដែល​ធ្វើ​ការងារ​ពេល​យប់​ព្រលប់​ម៉ោង​១០​។ ម្យ៉ាង​ដោយសារ​ឥឡូវ​មាន​ប្រិយ​មិត្ត​ស្គាល់​បងច្រើន​ជាង​មុន​ មាន​ទាំង​អ្នក​ស្រលាញ់​​ និងស្អប់​ច្រើន ដូច្នេះ​បងមានការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ដែរ ក្នុង​ការ​ធ្វើ​ដំណើរ​ពេល​យប់”។

 

និង​ទី​២ ដើម្បី​អភិវឌ្ឍ​ន៍​ខ្លួន​៖ “និយាយ​រួម​ទៅ​មនុស្ស​ម្នាក់ៗ ​តែង​មាន​ក្ដី​ស្រមៃ​ និង​ចង់​អភិវឌ្ឍ​ន៍ខ្លួន​ឯង​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ មិន​ចង់​នៅ​ដដែល​ប៉ុណ្ណឹង​ទេ។ ណាមួយ​ការងារ​នៅ​វិទ្យុ​នេះ​ វា​យូរ​ឆ្នាំ​ហើយ​ដែរ ល្មម​បង​រក​អ្វី​ដែល​ថ្មី​សម្រាប់អភិវឌ្ឃ​​ន៍​ខ្លួន​ឯង តែ​ក៏​មិន​ឆ្ងាយ​ពី​ការ​ដោះ​ស្រាយ​វិបត្តិ​នេះ​ដែរ​”។

 

ទោះ​បី​លា​ឈប់​ពី​ការងារ​ដែល​ធ្លាប់​តែ​ជួយ​ដោះស្រាយ​វិបត្តិ​ស្នេហា​ និង​ ជីវិត​អប់រំ​​នៅ​វិទ្យុ​​ក្តី​ តែ​ឌីជេ​ស្រី​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ចាម​ បញ្ជាក់​ថា នៅ​តែ​មិន​ឃ្លាត​ឆ្ងាយ​ពី​ប្រិយមិត្ត​នោះ​ទេ។​ ជាក់​ស្តែង នាង​បង្វែរ​​ការ​ដោះ​ស្រាយ​​រាល់​បញ្ហា​ទាំង​អស់​នោះ​ ប្តូរ​ពី​​ការ​សួរ​សំណួរ​​ម្នាក់​ៗ​តាម​វិទ្យុ​ ទៅ​ជា​​ផលិត​វីដេអូ​ឃ្លីប ឬតាម​រយៈ​ការ​ Live​ ផ្ទាល់​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ​ក្នុង​មួយ​សប្ដាហ៍​២​ថ្ងៃ​ ​វិញ​ម្តង​។​​

 

ឌីជេ Nana ប្រកាស​ឈប់​ធ្វើ​ទី​ប្រឹក្សា​ស្នេហា​នៅ​វិទ្យុ

រូបភាព​ហ្វេសប៊ុក ឌីជេ Nana

 

និស្សិត​ស្រី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ ថ្លែង៖​ “ទោះ​បង​ឈប់​ពី​វិទ្យុ​មែន តែ​​ការ​ដោះ​ស្រាយ​​វិបត្តិ​ស្នេហា​របស់​ប្រិយមិត្ត​បងមិន​​ចោល​ទេ ព្រោះ ការងារ​នេះ បង​ធ្វើ​មក​ជាង​៨​ឆ្នាំ​ហើយ​។ គ្រាន់​តែ​បង​ដូរ​ពី​ធ្វើ​ការ​នៅ​វិទ្យុ​ ត្រឡប់​មក​ជា​វីដេអូ​ខ្លីៗ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម និង​ អាច ​Live ផ្ទាល់​ក្នុង​ Page របស់​បង​ ហើយ​បើ​សិន​មាន​បងប្អូន​ណា​គាត់​មាន​ចម្ងល់​អាច​សួរ​បង​​តាម​រយៈ​បណ្ដាញ​សង្គម​ហ្នឹង​បាន”។

 

ជីវិត​ការងារ​ដោះ​ស្រាយ​វិបត្តិ​ស្នេហា​តាម​រយៈ​រលក​ធាតុ​អាកាស​ជាង​ ៨​ឆ្នាំ​មក​នេះ​ Dj Nana ថា​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ ហើយ​ក៏​មាន​អ្នក​រិះ​គន់​ច្រើន​ដូច​គ្នា​។ ប៉ុន្តែ​រឿង​រ៉ាវ​ទាំង​អស់​​តែង​ត្រូវ​បាន​ដោះស្រាយ​​បាន​ល្អ​ ដោយ​នាង​ប្រាប់​ថា​ផ្អែក​លើ​គោលការណ៍​៤​យ៉ាង​ គំនិត​ផ្ទាល់​ខ្លួន ស្វែង​យល់​កម្រិត​វប្បធម៌​ ក្រុម​គ្រួសារ និង​អាយុ​ របស់​ប្រិយមិត្ត​ដែល​ខល​ចូល​រួម បាន​ច្បាស់​លាស់​នោះ​ការ​ដោះ​ស្រាយ​ក៏​ប្រសើរ​ទៅ​តាម​ហ្នឹង​ដែរ​៕

 

អត្ថបទ៖ ថា ម៉ាលីដា​

​​​