អាជ្ញាធរ​ផ្សព្វផ្សាយ​បន្ថែម​ឲ្យ​ពលរដ្ឋ​មិន​ព្រម​យក​សំណង​ចូល​រួម​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី

គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង ផ្សព្វផ្សាយ​បន្ថែម​ពី​គម្រោង​សំអាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៅ​ឃុំ​ស្រែគរ ចៀសវាង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រារាំង ឬ​ប្រើ​អំពើ​ហិង្សា​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គម្រោង​ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ ចំណែក​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​នៅ​តែ​បដិសេធ​មិន​ឲ្យ​ក្រុម​ការងារ​ឈូស​ឆាយ​ទៅ​​លើ​ដី​ស្រែ​ចម្ការ​អ្នក​ភូមិ​ដែល​មិន​ព្រម​ទទួល​យក​សំណង​នៅ​ឡើយ។

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នៅ​តែ​ប្រកាន់​គោលការណ៍​អនុវត្ត​គម្រោង​សំអាត​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​តាម​ផែនការ​កំណត់ បើ​ទោះ​បី​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​ទទួល​យក​សំណង​ក៏ដោយ។

ប្រធាន​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា បាន​ជួប​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ឃុំ​ស្រែគរ ជាង ៤០​នាក់ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ថែម​ទាក់ទង​ការ​ឈូស​ឆាយ​សំអាត​ផ្ទៃ​អាង​ដែល​នឹង​បន្ត​ទៅ​លើ​តំបន់​ថ្មី​ទៀត​នៅ​ឃុំ​ស្រែគរ មួយ។

អ្នកនាំពាក្យ និង​ជា​នាយក​រដ្ឋបាល​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង  បញ្ជាក់​ថា ការ​ឈូស​ឆាយ​សំអាត​ផ្ទៃ​អាង​នឹង​បន្ត​ធ្វើ​ទៅ​លើ​តំបន់​ដែល​ប្រជាពលរដ្ឋ​មិន​បាន​អាស្រ័យ​ផល​ដើម្បី​អនុវត្ត​ផែន​សំអាត​ផ្ទៃ​អាង​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់។ លោក​ថា គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​នៅ​តែ​បន្ត​ដោះស្រាយ​សំណង​ជូន​ប្រជាពលរដ្ឋ​រហូត​ដល់​ពេល​ប្រជាពលរដ្ឋ​យល់​ព្រម​ទទួល​សំណង​ចាក​ចេញ៖ «រហូត​គាត់​ចាក​ចេញ​ទៅ​តាំង​លំនៅឋាន​ថ្មី ហើយ​យើង​គិត​ពី​ផែនការ​ទឹក​លិច​ចូល​តំបន់​ហ្នឹង​យើង​​ចាប់​ផ្ដើម​សំអាត បើ​សិន​ផ្ទៃដី​ហ្នឹង​គាត់​នៅ​អាស្រ័យ​ផល​គឺ​យើង​រក្សា​ទុក​ឲ្យ​គាត់​អាស្រ័យ​ផល​សិន»

​តួលេខ​របស់​គណៈកម្មការ​ដោះ​ស្រាយ​សំណង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​រហូត​​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជាង ១២​ភាគរយ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាង ១​ពាន់​គ្រួសារ​មិន​ទាន់​យល់ព្រម​ទទួល​សំណង។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ​១ និង​ស្រែគរ​២ មាន​ចំនួន​ជាង ៩០​គ្រួសារ និង​ភូមិ​ក្បាលរមាស ជាង ៣០​គ្រួសារ។

​ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ១ លោក ហ្វុត ឃឿន ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជាង ៣០​គ្រួសារ​ទាមទារ​ដោយ​ទទូច​ឲ្យ​ក្រុម​ការងារ​ឈូស​ឆាយ​សំអាត​អាង​ស្តុក​ទឹក​អនុវត្ត​ការ​ឈូស​ឆាយ​រូបភាព​ស្បែក​ខ្លា ពោល​​គឺ​ឆ្វៀល​កាត់​ចេញ​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ដាំ​ដុះ និង​តំបន់​កប់​សព។ លោក​ថា អ្នក​តវ៉ា​ប្រកាន់​ជំហរ​មិន​ទទួល​យក​សំណង និង​មិន​ចាក​ចេញ​ពី​ភូមិ​បើ​ទោះ​ទំនប់​វារីអគ្គិសនី​គ្រោង​បិទ​ទឹក​ដើម្បី​ទាញ​យក​ថាមពល​អគ្គិសនី​ក៏ដោយ៖ «គាត់​ប្រុង​ឈូស​យក​ព្រៃ​កប់ខ្មោច​សព​ដូនតា​ហ្នឹង​ប្រជាពលរដ្ឋ​មិន​ព្រម​ឲ្យ​ឈូស ព្រោះ​គាត់​មិន​ព្រម​ចាកចេញ។ អ្នក​ចេញ​មុន​មិន​ទាន់​មាន​អ្វី​ជា​ដុំកំភួន​ទេ»

​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោមពីរ គ្រោង​បិទ​ទឹក​នៅ​ខែ​មីនា ឆ្នាំ​២០១៧។ រហូត​ដល់​ចុង​ឆ្នាំ​ដដែល​ទំនប់​នេះ​នឹង​អាច​ទាញ​យក​ថាមពល​អគ្គិសនី​មក​ប្រើប្រាស់​បាន។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ កត់សំគាល់​ថា នេះ​ជា​ការ​ជូន​ដំណឹង​របស់​អាជ្ញាធរ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ដែល​ជំទាស់​មិន​ព្រម​ទទួល​សំណង និង​មិន​ព្រម​ចាក​ចេញ​ពី​លំនៅឋាន​ចៀសវាង​ប្រជាពលរដ្ឋ​បង្ក​ការ​រំខាន ឬ​បង្ក​អំពើ​ហិង្សា​ណា​មួយ​ទៅ​លើ​គម្រោង​សំអាត​បាត​អាង​ស្តុក​ទឹក​នេះ។ លោក​ថា ប្រជាពលរដ្ឋ​គួរ​ពិចារណា និង​ចូលរួម​ផ្ដល់​ទិន្នន័យ​ដីធ្លី​ផល​ដំណាំ​ដើម្បី​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ទូទាត់​សំណង​ដូច​ពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​បាន​យល់​ព្រម​ជាមួយ​គម្រោង​អភិវឌ្ឍន៍​ថ្នាក់​ជាតិ​មួយ​នេះ។ លើស​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​អាច​បង្កើត​ក្រុម​ការងារ​ចូលរួម​ជាមួយ​អាជ្ញាធរ​ពិនិត្យ​មើល​ភាព​មិន​ត្រឹមត្រូវ​ណា​មួយ​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ៖ «ខ្ញុំ​គាំទ្រ​ឲ្យ​ពួកគាត់​ជា​គណៈកម្មការ​ចូលរួម​ដើម្បី​ពិនិត្យ​មើល​ទិដ្ឋភាព​ហ្នឹង​ទាំង​អស់​គ្នា ចៀសវាង​ប្រឈម។ សាលា​ខេត្ត​គេ​ព្រម​ទាំង​អស់ ប៉ុន្តែ​ខ្ញុំ​បាន​ណែនាំ​ពួកគាត់​មិន​ព្រម»

កាល​ពី​ដើម​ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅ​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស បដិសេធ​មិន​ទទួល​យក​សំណង និង​មិន​ព្រម​ចាក​ចេញ​ទៅ​តាំង​លំនៅ​ថ្មី​ទេ។ ក្នុង​នោះ​ប្រជាពលរដ្ឋ ២៥០​គ្រួសារ នៅ​ឃុំ​ស្រែគរ និង​ជាង ៣០​គ្រួសារ នៅ​ឃុំ​ក្បាលរមាស។ ក៏ប៉ុន្តែ​តួលេខ​នេះ​បាន​ថយ​ចុះ នៅ​ពេល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ឃុំ​ស្រែគរ បាន​យល់​ព្រម​ទទួល​សំណង​ឡើង​វិញ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល បញ្ជាក់​ថា នេះ​ជា​ការ​​សម្រេច​ចិត្ត​របស់​ពល​រដ្ឋ ហេតុ​នេះ​អាជ្ញាធរ​ត្រូវ​ប្រកាន់​ជំហរ​ជួប​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​បន្ត​​ទៀត​លុះ​ត្រា​ប្រជាពលរដ្ឋ​សម្រេច​ចិត្ត​យល់​ព្រម​ជាមួយ​គម្រោង​នេះ។ លោក​រំពឹង​ថា អ្នក​ភូមិ​នឹង​យល់​ព្រម​យក​សំណង​ហើយ​ចាកចេញ​ប្រសិន​ក្រុម​អាជ្ញាធរ​ប្រកាន់​ជំហរ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​សារសំខាន់​នៃ​ការអភិវឌ្ឍន៍ និង​ដោះស្រាយ​ចំណុច​អវិជ្ជមាន​បន្ថែម​​ទៀត​ដែល​អ្នកភូមិ​តវ៉ា៖ «ប្រជាពលរដ្ឋ​ដែល​គាត់​មិន​ព្រម​ចាកចេញ​ក៏​គាត់​មាន​សិទ្ធិ​រស់​នៅ​លើ​ដី​របស់​គាត់​ដែរ។ វា​មាន​ច្បាប់​ដូច​ច្បាប់​អស្សាមិករណ៍​ពាក់ព័ន្ធ​សង​ផល​ប៉ះពាល់​បើ​សិន​រដ្ឋ​ត្រូវ​ការ​ធ្វើ​អភិវឌ្ឍន៍។ ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា ថ្ងៃ​ណាមួយ​គាត់​នឹង​យល់​ព្រម​បើ​សិន​អាជ្ញាធរ​ខេត្ត​មាន​គោលនយោបាយ និង​សំណង​សមស្រប»

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ (Hydro Power Lower Sesan 2 Co., Ltd.) បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក រូយ៉ាល់ គ្រូប (Royal Group) មាន​ភាគហ៊ុន ៣៩​ភាគរយ និង​ក្រុមហ៊ុន ឆាយណា ហាយដ្រូ ឡាងឆាង អិនធើណេហ្សិនណល់ អ៊ីននើជី (China's Hydro Lancang International Energy) ប្រទេស​ចិន ភាគហ៊ុន ៥១​ភាគរយ  និង​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម អន្តរជាតិ (EVN) មាន​ភាគហ៊ុន ១០%។ ជា​គម្រោង​ខ្នាត​ធំ​ទី​១ នៅ​ប្រទេស​កម្ពុជា ដែល​អនុម័ត​ដោយ​សម័យ​ប្រជុំ​របស់​គណៈរដ្ឋមន្ត្រី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ និង​ចំណាយ​ប្រាក់​ជាង ៨​ពាន់​លាន​ដុល្លារ។ គម្រោង​នេះ​បង្ក​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ នៅ​ភូមិ​ចំនួន​៧ ក្នុង​ឃុំ​ចំនួន​៤។

តាម​ការ​គ្រោង​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​នឹង​បន្ត​ជួប​ពិភាក្សា​ជាមួយ​ពលរដ្ឋ​អ្នក​តវ៉ា​នៅ​ចុង​ឆ្នាំ​២០១៦ ឬ​ដើម​ឆ្នាំ​២០១៧ ខណៈ​ប្រជាពលរដ្ឋ​ប្រមូល​ផល​ដំណាំ​រួចរាល់​ដើម្បី​ពន្យល់​ពី​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​វារីអគ្គិសនី​នេះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ និង​ចូលរួម​ដោយ​ស្ម័គ្រចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។