ពេទ្យសត្វ និង​មន្ត្រី​កាំកុងត្រូល បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​តាម​ច្រក​ភ្នំ​ដី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​មួយ​រយៈពេល​កន្លងទៅនេះ​ឈ្មួញ​បាន​នាំចូល​ជ្រូក​ក្រហម​ពី​ទឹកដី​សៀម​កាន់តែ​ច្រើនឡើងៗ ដោយសារ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ ដែល​គិតតែ​រឿង​ផលប្រយោជន៍​។ តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ករណី​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម​តាម​ច្រក​ភ្នំ​ដី គឺ​បង់ពន្ធ​ត្រឹមតែ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការបែងចែក​ជាមួយ​មន្ត្រី​ពុករលួយ​។ ដូច្នេះ​ក្រសួង​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​នៅតែ​នាំចូល​ជ្រូក​ពី​ទឹកដី​សៀម​តាម​ច្រក​ភ្នំ​ដី​យ៉ាង​អនាធិបតេយ្យ​។

មន្ត្រី​អាជ្ញាធរ​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា​ឈ្មួញ​នាំចូល​ជ្រូក​ពី​ទឹកដី​សៀម ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​ពេទ្យសត្វ និង​មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​ភ្នំ​ដី​ជាប្រចាំ​ទើប​ពុំមាន​ការទប់ស្កាត់ ហើយ​ក្រុមហ៊ុន​ចិន​សុក បាន​ចាត់តាំង​មេការ​ឈ្មោះ ឆាង ឲ្យ​សម្របសម្រួល​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​។ ឈ្មួញ​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា សម្រាប់​ការនាំ​ចូល​ជ្រូក​គេចពន្ធ​គឺ​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​ក្នុង​១​ក្បាល​១​ម៉ឺន​រៀល និង​បង់​ឲ្យ​ពេទ្យសត្វ​៨០០០​រៀល ចំណែក​មន្ត្រី​កាំកុងត្រូល​ក៏មាន​ចំណែក​ដូចគ្នា​ផងដែរ​។ ការ​នាំចូល​ជ្រូក​ក្រហម​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អ្នកទិញ​សាច់ជ្រូក​យកមក​ចំអិន​ទទួលទាន ហេតុនេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​។

មន្ត្រី​អាជ្ញាធរ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា​ជ្រូក​ដែល​នាំចូល​ពី​ស្រុក​សៀម គឺ​ត្រូវ​ផ្ទេរ​ឬ​សាង​ដាក់​រថយន្ត​ផ្សេងទៀត​ក្នុង​ទីតាំង​ខារ៉ាអូខេ​យីហោ​ជំនោ​ជាយដែន ហើយ​មាន​មន្ត្រី​ជំនាញ​ទៅ​ប្រមូល​លុយ​ដល់​ទីនោះ​តែម្តង​។ ប្រភពពី​ឈ្មួញ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ក្នុង​រថយន្ត​ដឹក​ជ្រូក​១​គ្រឿង​ចេញពី​តំបន់​ព្រំដែន​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន មកដល់​គោលដៅ​រាជធានី​ភ្នំពេញ គឺ​ចំណាយ​មិនតិចជាង​១២​ម៉ឺន​រៀល​នោះទេ​។ ក្នុងនោះ​មន្ត្រី​ពេទ្យសត្វ​និង​មន្ត្រី​កាំកុងត្រូល​នៅ​ច្រកព្រំដែន​ភ្នំ​ដី កំពុង​កាក់កប​យ៉ាងខ្លាំង​ទាក់ទង​ទៅនឹង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ពី​ស្រុក​សៀម​៕

14425312_1749330391983120_406424978980213097_o 14425382_1749330525316440_1167771641025499951_o 14390806_1749330358649790_4943134705127681931_n