RDB​ទទួលយក​ស្រូវ​ជា​វត្ថុ​បញ្ចាំ​លើ​ការ​ផ្ដល់​ឥណទាន​ជាមួយ​អត្រា​ការ​ប្រាក់​8%​ក្នុង​1​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ឱ្យ​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មាន​សាច់ប្រាក់​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​សែន​ក្រអូប​ពី​ប្រជា​កសិករ​ក្នុង​តម្លៃ​សមរម្យ ធនាគារ​អភិវឌ្ឍន៍ជនបទ ហៅ​កាត់​ថា​(RDB) បាន​ប្រកាស​ទទួលយក​ស្រូវ​ពី​ម្ចាស់​រោង​ម៉ាស៊ីន​ធ្វើ​ជា​វត្ថុ​ដាក់បញ្ចាំ ដើម្បី​ទទួល​បាន​ឥណទាន​។ នេះ​ជា​ការ​លើក​ឡើង​របស់​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​នូវ «​កម្មវិធី​ពិសេស​របស់​រាជរដ្ឋាភិបាល​» ដើម្បី​គោលដៅ​ស្ថិរភាព​វូប​នី​យ​កម្ម​ថ្លៃ​ស្រូវ និង​ជំរុញ​ការ​ទិញ​ស្រូវ​ក្នុង​ប្រទេស កាលពី​រសៀល​ថ្ងៃ​ទី​១៩ កញ្ញា លោក កៅ ថា​ច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ មាន​ប្រសាសន៍​ថា ការ​ប្រមូល​ទិន្នផល​ស្រូវ​សែន​ក្រអូប​សម្រេច​បាន​ប្រមាណ​៦០%​ហើយ និង​ត្រូវការ​ពេល​២​ឬ​៣​ស​ប្តា​ហ៍​ទៀត នឹង​បញ្ចប់​ការ​ប្រមូល​ផល​ទាំងស្រុង ប៉ុន្តែ​ម្ចាស់​រោង​ម៉ាស៊ីន​គ្មាន​ទុន​បង្វិល​គ្រប់គ្រាន់​ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​ពី​ប្រជា​កសិករ​ឡើយ ។ ដូច្នេះ​ដើម្បី​ទទួល​បាន​ឥណទាន​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​ត្រូវការ​ថវិកា ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូច​ជា ត្រូវ​មាន​ឃ្លាំង មាន​ធានា​រ៉ាប់រង​អគ្គិភ័យ គោរព​តាម​កិច្ចសន្យា​សង​ត្រឡប់​មក​ធនាគារ និង​លក្ខខណ្ឌ​ផ្សេង​ទៀត ។

លោក​ថ្លែង​ថា ៖ «​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យន្តការ​មួយ​ហៅ​ថា យក​ស្រូវ​ធ្វើ​ជា​របស់​ដាក់បញ្ចាំ​ដើម្បី​ដោះស្រាយ​បញ្ហា​វត្ថុ​ធានា​បំណុល ដូច្នេះ​យើង​នឹង​យក​ស្រូវ​ដែល​មាននៅ​ក្នុង​ឃ្លាំង ធ្វើ​ជា​វត្ថុ​ធានា​បំណុល​ក្នុង​រយៈពេល​ខ្លី​ណាមួយ ដើម្បី​ឱ្យ​គាត់​អាច​ទទួល​បាន​ឥណទាន​សម្រាប់​ទិញ​ស្រូវ​បន្ត​ទៀត ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ការពារ​ឱ្យ​បាន​នូវ​ហានិភ័យ​មួយ​ចំនួន និង​ធ្វើ​យ៉ាងណា ឱ្យ​ថវិកាបម្រុង​របស់​ជាតិ​អាច​វិល​ត្រឡប់​ទៅ​ជាតិ​វិញ កុំឱ្យ​វា​បាត់បង់ ដោយ​គិត​ជា​អត្រា​ការ​ប្រាក់​៨%​ក្នុង​មួយ​ឆ្នាំ » ។

លោក​បន្ថែម​ថា គិត​មក​ដល​ពេល​នេះ ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​ធ្វើការ​ជាមួយ​ម្ចាស់​រោង​ម៉ាស៊ីន​នៅ​ក្នុង​តំបន់​ប្រហែល​៥​រោង​ម៉ាស៊ីន​ហើយ ។ លោក​ថា ៖ « យើង​បើក​ទូលាយ​ឲ្យ​គ្រប់​រោង​ម៉ាស៊ីន​ដែល​មាន​ឃ្លាំង​ស្តុក ឡ​ស​ម្ងួ​ត គឺ​អាច​មក​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដែល​ប្រតិបត្តិ​ករ​ផ្ទាល់​នៅ​លើ​កម្មវិធី​ពិសេស​នេះ » ។

លោក រស់ សីល​វ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា ៖ « បញ្ហា​តម្លៃ​ស្រូវ​ទាប​នេះ បើ​តាម​ការ​ព្យាករ អាច​នៅ​យូរអង្វែង​បន្ត​ទៀត ។ តើ​យើង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​វិស័យ​ស្រូវ​អង្ករ​អាច​ឈរជើង​មាន​ស្ថិរភាព​ទៅ​មុខ និង​ជា​ភាគទាន​សំខាន់​សម្រាប់​សេដ្ឋកិច្ចជាតិ​បាន​។ ចំណុច​សំខាន់ គឺ​ភាព​ប្រកួតប្រជែង​ដើម្បី​យើង​អាច​លក់​ឈ្នះ​គេ » ។

លោក​បន្ដ​ថា ៖ « អ្វី​ដែល​យើង​កំពុង​តែ​រៀបចំ គឺ​យើង​នឹង​ធ្វើ​ឃ្លាំង​ស្តុក​ទុក និង​ស​ម្ងួ​ត​ស្រូវ​ឱ្យ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ព្រោះ​ជា​រឿង​សំខាន់ ។ ពេល​ណា​ស្រូវ​មាន​តម្លៃ​ទាប មិន​ទាន់​ដល់​ពេល​ត្រូវ​បញ្ចេញ យើង​អាច​ស្តុក​ទុក ហើយ​អ្វី​ដែល​កំពុង​គិតគូរ​នេះ គឺ​យើង​គ្រោង​ចំណាយ​ប្រាក់​ប្រហែល​៣០០​លាន​ដុល្លារ​ដើម្បី​មាន​សមត្ថភាព​ស​ម្ងួ​ត និង​ស្តុក​ទុក​ស្រូវ​បាន​ប្រហែល​១,២​លាន​តោន ដែល​នឹង​អាច​សម្រេច​បាន​នៅ​ពាក់កណ្តាល​ឆ្នាំ​ក្រោយ ។ មួយទៀត យើង​កំពុង​តែ​ធ្វើ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​តូច ដែល​ស្ថិត​ក្នុង​កិច្ច​សហ​ការ​ជាមួយ​ដៃគូ​ផ្សេង​ទៀត​ដូច​ជា ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​គ្រោង​បង្កើត​ឃ្លាំង​ស​ម្ងួ​ត​នៅ​ខេត្តកំពង់ធំ បាត់ដំបង និង​ព្រៃវែង និង​ត្រូវការ​ចំណាយ​ថវិកា​ប្រមាណ​១៥​លាន​ដុល្លារ​សម្រាប់​វិធានការ​រយៈពេល​មធ្យម » ៕