ព្រះ​អាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​ អាច​​​ខក​ខាន​វិញ​ ដោយ​សារ…

បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត​កម្ពុជា (EQUINOX) ចន្លោះ​ម៉ោង​៥:០០នាទី ដល់​ម៉ោង​៧:០០នាទីព្រឹក ក្នុង​ថ្ងៃ​២៣ កញ្ញា​ខាង​មុខ ត្រូវ​គេ​បារម្ភ​ថា​អាច​នឹង​ខក​ខាន​ មិន​អាច​ឃើញ​ទិដ្ឋភាព​បាតុភូត​មហា​អស្ចារ្យ​នេះ​​  ដោយ​សារ​ភ្លៀង​ធ្លាក់។​​

 

ព្រះ​អាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​ អាច​​​ខក​ខាន​វិញ​ ដោយ​សារ…

 

លោក​ លី​ សែ​ នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​អង្គ​ បាន​ឲ្យ​ដឹង​ថា លោក​បារម្ភ​អាកាសធាតុ​មិន​ល្អ ព្រោះ​ថ្ងៃ​២៣ កញ្ញា​នោះ​អាច​មាន​ភ្លៀង​ដែរ។ ដូច្នេះ​ធ្វើ​ឲ្យ​មិន​អាច​ឃើញ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត​កម្ពុជា មួយ​ឆ្នាំ​កើត​ឡើង​២​ដង​នេះ​ឃើញ​មិន​ច្បាស់​ឬ​អ្នក​ទេសចរ​ខក​បំណង។

 

​​បើ​តាម​​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ​ក្នុង​បណ្ដា​ខេត្ត​មួយ​ចំនួន ដូច​ជា ខេត្ត​មណ្ឌលគិរី រតនគិរី ស្ទឹង​ត្រែង ឧត្តរមានជ័យ សៀមរាប កំពង់ធំ និង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចាប់​ពី​ថ្ងៃ​២១- ២៥ ខែ​កញ្ញា ឆ្នាំ​២០១៦ ។

 

នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​អង្គ​ បន្ត​ថា​មក​ទល់​ពេល​នេះ​មាន​ភ្ញៀវ​បរទេស​មក​កក់​សំបុត្រ​សម្រាប់​ចូល​ទស្សនា​បាតុភូត​នៅ​ថ្ងៃ​នោះ មាន​ចំនួន​៥ពាន់​នាក់​ហើយ ដែល​ជន​ជាតិ​ជប៉ុន​ច្រើន​ជាង​គេ។​

 

ព្រះ​អាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​ អាច​​​ខក​ខាន​វិញ​ ដោយ​សារ…

 

​គួរ​បញ្ជាក់​ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត​កម្ពុជា (EQUINOX) កើត​ឡើង​ចំនួន​២​ដង​ជា​រៀង​រាល់​ឆ្នាំ ដោយ​លើក​ទី​១ ក្នុង​ខែ​មីនា និង​លើក​ទី​២ នៅ​ក្នុង​ខែ​កញ្ញា ។ កាល​ពី​ខែ​មិនា​កន្លង​ទៅ មាន​ភ្ញៀវ​ទេសចរ​ជាង​១ម៉ឺន​នាក់​ មក​ផ្តិត​យក​រូប​ភាព​ដ៏​ល្អ​ឯក​ពី​បាតុ​ភូត​នេះនៅ​អង្គរវត្ត៕

 

អត្ថបទ៖ លឹម សុ​នា