ក្រសួងបរិស្ថាន ប្រាប់​ឲ្យ​រោងចក្រ សហគ្រាស និង​សិប្បកម្ម រៀបចំ​អាង​សម្អាត​សំណល់​រាវ​ទៅតាម​ស្តង់ដារ និពន្ធដោយ : ថ្មីៗ       September-21-2016, 2:12 pm         89

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រសួងបរិស្ថាន ប្រាប់​ឲ្យ​រោងចក្រ សហគ្រាស និង​សិប្បកម្ម រៀបចំ​អាង​សម្អាត​សំណល់​រាវ​ទៅតាម​ស្តង់ដាររូបរដ្ឋមន្រ្តីបរិស្ថាន ក្នុង​ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ស្តីពី​គម្រោង​រេ​ដ​បូ​កនៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមាក្រសួងបរិស្ថាន បាន​ប្រាប់​ទៅគ្រប់​បណ្តា​រោងចក្រ សហគ្រាស និង​សិប្បកម្ម​ទាំងអស់ ឲ្យ​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​សំណល់​រាវ មុននឹង​បង្ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​លូ​សាធារណៈ ឬ​ប្រភពទឹក​សាធារណៈ​ដទៃទៀត។ក្រសួងបរិស្ថាន ព្រមាន​ម្ចាស់ ឬ​អ្នកទទួលខុសត្រូវ​ទីតាំង​ទាំងនោះ នឹង​ប្រឈមមុខ​តាមផ្លូវ​ច្បាប់ ក្នុងករណី​ខកខាន​មិន​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួង។

ក្រសួងបរិស្ថាន ពិនិត្យឃើញថា មាន​រោងចក្រ​វាយនភ័ណ្ឌ រោងចក្រ​បោកគក់ និង​ជ្រលក់​ពណ៌ ឬ​បោះពុម្ព និង​រោងចក្រ​កែច្នៃ​ផលិតផល​ក​សិ-ឧស្សាហកម្ម បាន​បញ្ចេញ​សំណល់​រាវ​របស់ខ្លួន ដោយ​មិន​បានធ្វើ​ប្រព្រឹត្ត​កម្ម​សម្អាត​អាង​ឡើយ។ ចំណែក​អាង​ប្រព្រឹត្ត​កម្ម​ខ្លះ មិនបាន​ដំណើរការ​ឲ្យ​ជាប់លាប់ និង​មិនមាន​សមត្ថភាព​ឆ្លើយតប​ទៅនឹង​បរិមាណ​សំណល់​រាវ ដែល​បាន​បង្កើត និង​បញ្ចេញ​ជាដើម។ 

បើតាម​សេចក្តីជូនដំណឹង​មួយ​កាលពីពេលថ្មីៗនេះ បានបញ្ជាក់​ដូច្នេះ​ថា៖«សកម្មភាព​ទាំងនេះ ជាហេតុ​បង្ក​ឲ្យ​មានការ​បំពុល​ដោយផ្ទាល់ ឬ​ប្រយោល ទៅដល់​គុណភាព​ទឹក ដី និង​បង្ក​ផលប៉ះពាល់​ទៅដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​ប្រភព​បំពុល។ ដើម្បី​ទប់ស្កាត់​ស្ថានភាព​ដ៏​គ្រោះថ្នាក់​ទាំងនេះ ក្រសួងបរិស្ថាន បាន​ប្រាប់​ទៅ រោងចក្រ សហគ្រាស និង​សិប្ប​កម្មណា ដែល​ពុំទាន់​មាន​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​សំណល់​រាវ ត្រូវតែ​រួសរាន់​រៀបចំ​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​សំណល់​រាវ​ជាបន្ទាន់ ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស មុននឹង​បង្ហូរ​ចូលទៅក្នុង​ប្រព័ន្ធ​លូ​សាធារណៈ ឬ​ប្រភពទឹក​សាធារណៈ​ដទៃទៀត»។

ដោយឡែក រោងចក្រ សហគ្រាស និង​សិប្បកម្ម ដែលមាន​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​សំណល់​រាវ ប៉ុន្តែ​មិនទាន់​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ឬ​ពុំមាន​លទ្ធភាព​សម្អាត​តប​ទៅតាម​កម្រិតស្តង់ដារ ត្រូវ​កែតម្រូវ​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​សំណល់​រាវ​ជាបន្ទាន់ ដើម្បី​ធានា​ឲ្យ​ការបញ្ចេញ​សំណល់​រាវ​របស់ខ្លួន មិន​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​ប្រជាពលរដ្ឋ។ រីឯ រោងចក្រ សហគ្រាស និង​សិប្បកម្ម ដែលមាន​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ត្រូវតែ​ដាក់​ឲ្យ​ដំណើរ​ការជាប់​ជាប្រចាំ ហើយ​សំណល់​រាវ​របស់ខ្លួន ដែល​បានធ្វើ​ប្រព្រឹត្ត​កម្ម​សម្អាត​រួច ត្រូវតែ​ឆ្លើយតប​តាម​កម្រិតស្តង់ដារ​នៃ​ការបញ្ចេញ។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងបរិស្ថាន ដែល​បាន​បញ្ជាក់ថា សំណល់​រាវ​ដែល​បានធ្វើ​ប្រព្រឹត្ត​កម្ម​សម្អាត​រួច ត្រូវ​បង្ហូរ​តាម​បណ្តាញ​លូ​ដាច់ដោយឡែក មុនត​ភ្ជាប់​ទៅ​ប្រព័ន្ធ​លូ​សាធារណៈ ឬ​បញ្ចេញ​ទៅក្នុង​ប្រភពទឹក​សាធារណៈ។

ចំណែក​ប្រព័ន្ធ​លូ​ដាច់ដោយឡែក​នៅ​ចំណុច​ក្រៅ​រោងចក្រ​នោះ ត្រូវ​រៀបចំ​អណ្តូង​លូ ដែលមាន​គម្រប​អាច​បិទ​បើក​បាន ដើម្បី​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច ចុះ​ធ្វើការ​ត្រួតពិនិត្យ និង​ងាយ​យក​សំណាក​ទឹក​សម្រាប់ធ្វើ​ការវិភាគ ។ ហើយ​រាល់​ការបង្ហូរ​ចូល​លូ ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន​ជាមុនសិន។ បើតាម​ក្រសួងបរិស្ថាន ម្ចាស់ ឬ​អ្នកទទួលខុសត្រូវ​ប្រភព​បំពុល​ទាំងនោះ នឹងត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ ឬ​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​តាម​ទំហំ​នៃ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត ក្នុងករណី​មិនបាន​អនុវត្តន៍​តាម​វិធានការ​របស់​ក្រសួង៕