ឱ្យ​តែមកដល់កន្លែងនេះ ដឹងតែឈប់មើលនិងថតហើយ

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ពី​តំបន់​អ្នក​លឿង ​ទៅ​កាន់​ទីរួមខេត្ត​ព្រៃវែង ពិតជា​បាន​ទទួល​នូវ​ទស្សនីយ​ភាព​ថ្មី គឺ​វត្តមាន​សត្វ​ស្លាប​ប្រភេទ ននៀល​ខ្ច​ង ​គ្រៀល​ខ្ច​ង កុកទង់ គឺ​រាប់​ម៉ឺន​ក្បាល​មាននៅ​កណ្ដាល​វាល​ស្រែ​របស់​កសិករ ដោយ​ពួក​វា​កំពុង​រកស៊ី​ចាប់​ចំណី​ត្រង់​ចំណុច​ភូមិ​បា​បោង ឃុំ​បា​បោង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​មាន​ចម្ងាយ​​ជាង​៤គីឡូម៉ែត្រ ពី​ទីតាំង​មណ្ឌល​អភិរក្សធនធានធម្មជាតិ «បឹង​ស្នេហ៍​ព្រៃ​ព័ន្ធ​តា​ឡឺ» ។

សត្វ​បក្សី​ទាំងនេះ តែងតែ​ហោះហើរ​ជា​ហ្វូង​ណែន​ណាំ​តាំ​តាប់​តាម​វាលស្រែ​ ហាក់បីដូចជារាល់ថ្ងៃ​ពួក​វា​តែងតែ​ចុះ​នៅ​តាម​វាលស្រែ​របស់​កសិករភូមិ​កំពុង​ភ្ជួរ​រាស់​ធ្វើ​ស្រូវ​នា​រដូវវស្សា​នេះ គឺ​ស្រប​ពេល​ដែល​ទឹក​កំពុង​ឡើង​សន្សឹម​ៗ​ផង​នោះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​ឈប់ ​និង​បង្អន់​ម៉ូតូ រថយន្តឈប់​មើល ខ្លះ​​ចុះ​ថត​យក​រូបភាព​ក៏​មាន​ដែរ​ ព្រោះ​ពួក​គាត់​មិន​ដែល​ធ្លាប់​ប្រ​ទះឃើញ​ទេ ​កាលពីមុន​មក​​ ទើបតែ​បានឃើញ​នៅ​ពេល​នេះ ។

ទាក់ទង​នឹង​រឿង​ថ្មី​មួយ​នេះ​ដែរ លោក ប៉ាន់ យ​ន មន្ត្រី​អង្គការ​ WOMEN នៅ​មណ្ឌល​អភិរក្ស ធនធានធម្មជាតិ​និង​ទេសចរណ៍ បឹង​ស្នេហ៍ ព្រៃ​ព័ន្ធ​តា​ឡី បានឱ្យ​ដឹង​ថា​បឹង​ដែល​អង្គការ លោក​កំពង់​អភិរក្ស​មាន​ទំហំ ៨០ ហិ​កតា ប្រចាំ​ការណ៍​មាន​គ្នា​៥​នាក់ ជា​រៀង​រាល់ថ្ងៃ តែងតែ​ចុះ​ល្បាត​ជា​ប្រចាំ​មិន​ថា ​ពេល​ព្រឹក ពេល​ថ្ងៃ ឬ ពេល​យប់ឡើយ​ ។

ទោះបីជា​មាន​ភ្លៀងផ្គរ ក៏​ក្រុម​លោក​សហ​ការជាមួយ​ក្រុម​សមត្ថកិច្ចចុះ​ត្រួតពិនិត្យ​ដែរ ព្រោះ​ខណៈ​ពេល​មេឃ​កំពុង​មាន​ភ្លៀង​ជា​ឱកាស​អ្នក​ប្រព្រឹត​បទល្មើស​លួច​ទាក់​វាយ​ចាប់​សត្វ និង​នេសាទ កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ ​យើង​បាន​បង្ក្រាបបាន​អ្នក​ដើរវាយ​សត្វ និង​ចាប់​ពស់ បាន​ធ្វើការ​អប់រំ​ណែនាំ​ឱ្យ​គាត់​យល់​ពី​ច្បាប់​ដែន​អភិរក្ស​ផង​ដែរ ចាប់ពី​ឆ្នាំ​២០១៥​ រហូត​មក​ដល់​ឆ្នាំ​២០១៦​ នេះ​ មិន​មាន​បទល្មើស​ដូច​ជាចាប់​សត្វ​ ឬនេសាទ​ត្រី​ឡើយ ។

លោក​បន្ត​ទៀត​ថា ការ​អភិរក្ស​សត្វ​ស្លាប​កន្លង​មក ​របស់​អង្គការ​របស់​លោកមាន​ដូច​ជាសត្វ​គ្រាល​ខ្ច​ង អា​នៀល​ខ្ច​ង  កុក ទុង  ទា​ទឹក លលក ។ល។ ដែល​សរុប​ទាំងអស់ ​គឺ​មាន​ចំនួន​ជាង​២​ម៉ឺន​ក្បាល ហើយ​បើ​សរុប​ទាំង​សត្វ​ស្លាប​បាន​និង​បំលាស់​ទី​មក​កាន់​បឹង​ស្នេហ៍​នេះ ​មាន​ចំនួន​មិន​ក្រោម​ពី​១០​ម៉ឺន​ក្បាល​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​តាម​មាត់បឹង​អភិរក្ស​ទាំងអស់ ​ត្រូវ​ចូលរួម​សហ​ការជាមួយ​អង្គការ​ WOMEN ដើម្បី​រក្សា​ការពារ​សត្វព្រៃ​របស់​យើង​ឱ្យ​នៅ​គង់វង្ស​យូរ​អង្វែង​រ ស់នៅ​តកូនតចៅ ​ប្រែក្លាយ​តំបន់​បឹង​ស្នេហ៍​នេះ ​ឱ្យ​មាន​ភាព​ទាក់ទាញ​ពី​មជ្ឈដ្ឋាន​ភ្ញៀវ​ទេសចរជាតិ និង​អន្តរជាតិ មក​ទស្សនា​ទី​នេះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ មាន​មុខរបរ​រកស៊ី​លក់ដូ លើកកម្ពស់​ជីវភាព​បង្កើន​សេដ្ឋកិច្ច​គ្រួសារ កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​មូល​ដ្ថា​ន ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​ឱ្យ​កាន់តែ​រីក​ចម្រើន​ជា​និរន្ត ​។