ថាមែនមែន! ធ្លាក់ក្នុងល្បិចស្រីស្អាតមែនដំរី «អាម៉ៃ»

ខេត្តមណ្ឌលគិរី  ៖ សេចក្តីរាយការណ៍​ឱ្យដឹងបន្តថា ទីបំផុត​នៅត្រឹមវេលាម៉ោង​១០ ​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា ២០១៦ នេះ សត្វ​​ដំរី​ឈ្មោលចុះប្រេង​​ឈ្មោះ​ «អា​ម៉ៃ» ត្រូវ​បាន​ក្រុម​អ្នកជំនាញ​​ប្រើ​ថ្នាំ​សណ្តំ​បាញ់ឱ្យ​​សន្លប់បានសម្រេចហើយ ស្ថិត​ត្រង់​ចំណុច​​អូរ​ទេ ក្នុងភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំ​ពូ​ម ស្រុក​ពេ​ជ្រា​ដា ​បន្ទាប់ពី​​យក​​ដំរី​ញី​ចំនួន​៥​ក្បាលទៅ​ធ្វើធ្នាក់ ​ឱ្យ​​វា​ចេញពី​ព្រៃ​នោះ ខណៈ​សំងំ​ក្នុង​ព្រៃ​អស់រយៈ​៣​ថ្ងៃ ក្រោយ​ជាន់សម្លាប់​ម្ចាស់​របស់​វា ។

​គួររំលឹកថា ក្រុម​មន្ត្រី​ជំនាញ​ខាង​សត្វ​ដំរីបា​ន​​កៀង​ដំរី​ញី​ចំនួន​៥​ក្បាល​ទៀត ដើម្បី​ជិះ​តាម​ទាក់ដំរី​ឈ្មោល​មួយ​ក្បាល ដែល​បាន​វ័ធ​នឹង​ជាន់​ម្ចាស់​ស្លាប់ កាលពី​ថ្ងៃ​ទី​១៩ កញ្ញា ២០១៦ ។

លោក​បន្ត​ថា ដំរី​ញី​ចំនួន​២​ក្បាល ត្រូវ​ខាង​អង្គការ​សត្វ​ដំរី​យក​មក​ពី​ភូមិ​ពូ​ត្រំ និង​៣​ក្បាល​ទៀត​នៅ​ភូមិ​ពូ​លូ​ង ។ ចំណែក​សមត្ថកិច្ច​រួម​មាន​យោធា និង​ប៉ូលិស ត្រូវ​បាន​ពង្រាយ​តាម​បណ្ដោយ​ផ្លូវ​ចាប់ពី​ផ្លូវបំបែក​ភូមិ​ពូ​លូ​ង រហូត​ដល់​ទីរួមស្រុក​ពេ​ជ្រា​ដា ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ពលរដ្ឋ ដែល​ធ្វើ​ដំណើ​ឆ្លងកាត់​ទីនោះ​ផង​ដែរ ។ លោក​បាន​និយាយ​ទៀត​ថា សត្វ​ដំរី​ឈ្មោល​មួយ​ក្បាល​ដ៏​សាហាវ​នោះ បាន​រត់​ចូល​ព្រៃ​ក្បែរ​ៗ​ដងផ្លូវ​ជិត​ៗ​នោះ  ហើយ​វា​កំពុង​កៀង​ដំរី​ញី​ទៅ​ជាមួយ​ផង​ដែរ ។

លោក​នួន សា​រ៉​ន អភិបាលស្រុក​ពេ​ជ្រា​ដា បានឱ្យ​ដឹង​ដែរ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា នេះ​ថា អាជ្ញាធរ​ស្រុក​បាន​ពង្រាយ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់ពី​ផ្លូវបំបែក ក្នុងភូមិ​ពូ​លូ​ង រហូត​ដល់​ភូមិ​ស្រែ​អំ​ពូ​ង មិន​ឱ្យ​ពលរដ្ឋ ឬ​ភ្ញៀវ​ទេសចរ ឆ្លង់កាត់​តាំងពី​ល្ងាច​ថ្ងៃ​ទី​២០ កញ្ញា​មក​ម្ល៉េះ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ខាង​សត្វ​ដំរី​ធ្វើការ​សិន ខ្លាច​មាន​គ្រោះថ្នាក់​ដោយសារ​ដំរី​ឈ្មោល​មួយ​ក្បាល​នោះ ហើយ​ខាង​មន្ត្រី​ជំនាញ​ខាង​សត្វ​ដំរី​បាន​រៀបចំ​បាញ់ថ្នាំ​សណ្ដំ ដើម្បី​ចាប់​សត្វ​ដំរី ។