ប្ដូរ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កែប​ និង​ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បន្ទាប់​ពី​គ្រប់គ្រង​ដឹកនាំ​បាន​រយៈពេល​ត្រឹមតែ​១៤​ខែ និង​២៩​ថ្ងៃ ។

តាម​ប្រកាស​របស់​ក្រសួងការពារជាតិ​លេខ​២៥៣​ត​.​ត ចុះ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ ២០១៦ ត្រូវ​បាន​តែងតាំង​លោក​ឧត្តមសេនីយ៍ត្រី អ៊ុ​ក សា​ម៉ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កែប មក​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់ ជំនួស​លោក​ឧត្តមសេនីយ៍ត្រី ខេ​ង ទី​តូ ដែល​ត្រូវ​ផ្ទេរ​ទៅ​កាន់​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កែប​វិញ ។