មន្ត្រី​សុខាភិបាល​ខេត្ត​ពង្រាយ​កម្លាំង​ដើម្បី​ទប់ស្កាត់​ជំងឺ​ហ្ស៊ី​កា

ខេត្ត​ត្បូងឃ្មុំ ៖ ស្ថិត​នៅ​ក្នុង​ក្តី​កង្វល់​ខ្លាច​មាន​ជំងឺ​ប្រភេទ​ថ្មី​ម្យ៉ាងទៀត​ហៅ​ហ្ស៊ី​កា (ZIKA) រីក​រាលដាល​ពី​ប្រទេស​ជិតខាង​ចូល​មក​កម្ពុជា នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក មន្ត្រី​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ដាក់​ប្រចាំការ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ពិនិត្យ​មើល​ភ្ញៀវ​ទេ​ចរណ៍​ជាតិ​-​អន្តរជាតិ​ដែល​ចេញចូល ក្រែង​មាន​ឆ្លង​នូវ​ជំងឺ​នេះ តែ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ មន្ត្រី​ជំនាញ​នៅ​មិន​ទាន់​រក​ឃើញ​មាន​អ្នក​ណា​ម្នាក់​បាន​ឆ្លង​នៅឡើយ​ទេ ។

លោក ហ៊ាន កាំ​ង មន្ត្រី​ច​តា​ឡី​ស័ក​ប្រចាំ​នៅ​ច្រក​ត្រពាំង​ផ្លុ​ង បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​សំណាក់​លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចាត់​ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​មក​ប្រចាំការ​នៅ​ច្រក​នេះ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​តាមដាន​ពិនិត្យ​មើល​ភ្ញៀវ​ដែល​បាន​ចេញចូល​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក ក្រែង​មាន​អាកា​រៈ​ក្តៅខ្លួន​ខុស​ពី​ធម្មតា​ដោយ​មាន​ផ្ទុក​នូវ​ជំងឺ​ហ្ស៊ី​កា​ដែល​មាន​ភាព​សាហាវ ប្រសិនបើ​ព្យាបាល​មិន​បាន​ទាន់​ពេលវេលា​ទេ​នោះ អាច​ត្រូវ​ស្លាប់​បាត់បង់​ជីវិត  ។

លោក ហ៊ាន កាំ​ង ប្រាប់​បន្ត​ថា រាល់ថ្ងៃ​មាន​រថយន្ត​របស់​ក្រុមហ៊ុន​នៅ​ប្រទេស​កម្ពុជា​បាន​ដឹក​ភ្ញៀវ​ចេញចូល​តាម​ច្រក​ត្រពាំង​ផ្លុ​ង  តាម​ការ​ពិនិត្យ​មិន​ទាន់​ឃើញ​មាន​ពលរដ្ឋ​កម្ពុជា ឬ​វៀតណាម​បាន​ឆ្លង​នូវ​ជំងឺ​នេះ​នៅឡើយ​ទេ ។ នា​ពេល​កន្លង​មក​ធ្លាប់​បាន​ទៅ​ចូលរួម​ប្រជុំ​នៅ​ប្រទេស​វៀតណាម​២​ទៅ​៣​លើក ដោយ​មាន​សំណូមពរ​ថា ប្រសិនណាបើ​រក​ឃើញ​មាន​មនុស្ស​ដែល​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​មាន​ផ្ទុក​ជំងឺ​ហ្ស៊ី​កា នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ភាគី​វៀតណាម​វិញ ដោយសារ​តែ​ប្រទេស​គេ  មាន​សម្ភារ​ទំនើប​គ្រប់គ្រាន់ ហើយ​នៅ​កៀក​ទៀត​ផង ។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ជនបរទេស​៣​នាក់ បាន​ចេញពី​វៀតណាម​ចូល​មក​កម្ពុជា​តាម​ច្រក​ត្រពាំង​ផ្លុ​ង នៅ​ពេល​ដែល​យក​ឧបករណ៍​តេស្ត​កំ​ដៅ​ពិនិត្យ​ឃើញ​ថា ស្ថិត​ក្នុង​លក្ខណៈ​ធម្មតា បាន​អនុញ្ញាត​ឲ្យ​បន្តដំណើ​តទៅ​មុខ​ទៀត ជាមួយ​នោះ​បាន​ផ្តល់​ខិតប័ណ្ណ​ដល់​ជនបរទេស​ទាំងនោះ​ថែម​ទៀត​ប្រសិនបើ​មានកំ​ដៅ​ឡើង​ខុស​ពី​ធម្មតា ត្រូវ​ប្រញាប់​ទូរស័ព្ទ​មក​កាន់​មន្ត្រី​សុខាភិបាល ។

លោក ផា​ន់ គឹ​ម​សន ប្រធាន​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ប្រាប់​ឲ្យ​ដឹង​ថា ចំពោះ​វិធានការ​ទប់ស្កាត់​ជំងឺ​ហ្ស៊ី​កា ក្នុង​នាមរូប​លោក​ជា​ប្រធាន​ច្រក ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ត្រួតពិនិត្យ​ចំពោះ​ភ្ញៀវ​ដែល​បាន​ធ្វើ​ដំណើរ​ចេញចូល ។  រាល់​ថ្ងៃនេះ​តាម​ព័ត៌មាន​ដែល​បានដឹង​ថា ជំងឺ​នេះ​កំពុង​តែ​មានការ​រីក​រាលដាល​នៅ​បណ្តា​ប្រទេស​ជា​ច្រើន​លើ​សកលលោក ដូច្នេះ​រូប​លោក​ព្យាយាម​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​មន្ត្រី​ប្រចាំ​ច្រក​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់ ទប់ស្កាត់​ចៀសវាង​កុំ​ឲ្យ​ឆ្លង​ចូល​មក​កម្ពុជា ។

លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​មន្ត្រី​សុខាភិបាល​ដែល​បាន​ដាក់​ប្រចាំការ​នៅ​ច្រក​ត្រពាំង​ផ្លុ​ង មិនសូវ​មាន​ភ្ញៀវ​ចេញចូល​ប៉ុន្មាន​នោះ​ទេ កត្តា​សំខាន់​ត្រូវធ្វើ​ដូច​ជា ១-​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​កង់​រថយន្ត ២-​អ្នកដំណើរ​ឆ្លងកាត់​ត្រូវ​ស្គ្រី​ន​កំ​ដៅ​មើល ប្រសិនបើ​ឃើញ​ក្តៅ​មាន​ផ្ទុក​ហ្ស៊ី​កា ប្រញាប់​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ ៣-​សារ​អប់រំ​លើ​អ្នកដំណើរ​ទាំងឡាយ ។ ក្នុង​ពេល​ខាង​មុខ រូប​លោក​នឹង​ដាក់​កម្លាំង​បន្ថែម​ទៀត​នៅ​តាម​ច្រក​ដា និង​ច្រក​ទ​ន្លូ​ង ស្រុក​មេមត់ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ ។

សូម​បញ្ជាក់​ថា ហ្ស៊ី​កា ជា​ប្រភេទ​ជំងឺឆ្លង​ដែល​បង្ក​ដោយ​ពពួក​វីរុស ZIKA ហើយ​ភ្នាក់ងារ​ចម្លង​ជា​ប្រភេទ​មូល​ខ្លា ដែល​ដូច​គ្នា​ទៅ​នឹង​ជំ​ងឹ​គ្រុនឈាម ។ មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​ទ្វី​អា​ហ្រិ្វ​ច ទ្វីបអាមេរិក និង​ថ្មី​ៗ​នេះ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​អាស៊ី ៕