តុលាការកំពូលទាត់ចោលបណ្តឹងសាទុក្ខរបស់លោក អ៊ុំ សំអាន តំណាងរាស្រ្តបក្សប្រឆាំង

តុលាការកំពូលនៅព្រឹកថ្ងៃទី២១កញ្ញានេះ បានទាត់ចោលបណ្តឹងសាទុក្ខរបស់តំណាងរាស្ត្រគណបក្សប្រឆាំងលោក អ៊ុំ សំអាន លើនីតិវិធីនៃការចាប់ខ្លួន និងឃុំខ្លួន ដោយចាត់ទុកថា នីតិវិធីរបស់តុលាការថ្នាក់ក្រោម ធ្វើឡើងត្រឹមត្រូវតាមច្បាប់។ លោក អ៊ុំ សំអាន និងមេធាវី បានចាត់ទុកសេចក្តីសម្រេចនេះថា អយុត្តិធម៌។

សេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃនេះ ដោយយោងលើហេតុផល៣ចំណុច ទី១.ករណីរបស់លោក អ៊ុំ សំអាន ត្រូវបានរដ្ឋសភាបោះឆ្នោតអនុញ្ញាតិឲ្យតុលាការបន្តនីតិវិធីរបស់ខ្លួន ទី២.តុលាការកំពូលគ្មានសមត្ថកិច្ចក្នុងការពិនិត្យទៅលើអទិភាពនៃបទល្មើស និងទី៣.គឺតុលាការគ្មានសមត្ថកិច្ចពិនិត្យលើអភ័យឯកសិទ្ធិសភានោះទេ។ សេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃនេះ មានន័យថា គឺជាការបិទផ្លូវនៅក្នុងបណ្តឹងសុំមោឃភាពលើនីតិវិធីនៃការចាប់ខ្លួន និងឃុំខ្លួន លើសមាជិកសភាគណបក្សសង្គ្រោះជាតិដែលនៅមានអភ័យឯកសិទ្ធិនៅឡើយនេះ។

យ៉ាងនេះក្តី លោក ហែម សុជាតិ មេធាវីការពារក្តីលោក អ៊ុំ សំអាន បានបញ្ជាក់ថា ក្រុមមេធាវី៣នាក់របស់លោក អ៊ុំ សំអាន នឹងបន្តប្តឹងទៅក្រុមប្រឹក្សារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យស្ថាប័នកំពូលនេះ បកស្រាយច្បាប់លើមាត្រា៨០ ដែលកំពុងបន្តចម្រូងចម្រាស់គ្នានេះ។

សូមបញ្ជាក់ថា តុលាការកំពូលនៅថ្ងៃទី ២១ កញ្ញានេះ បានបើកសវនការលើបណ្ដឹងសាទុក្ខសុំមោឃភាពនីតិវិធីចាប់ខ្លួននិងឃុំខ្លួនរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញថា ធ្វើឡើងដោយរំលោភលើអភ័យឯកសិទ្ធិសភារបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីយប់ថ្ងៃទី១១ខែមេសា ពីខេត្តសៀមរាប បន្ទាប់ពីលោកបានវិលត្រលប់មកពីសហរដ្ឋអាមេរិកវិញ។ លោកត្រូវបានចោទប្រកាន់ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម) និងបទញុះញង់ឲ្យមានការរើសអើងពាក់ព័ន្ធនឹងការបង្ហោះផែនទីសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១។ មន្ត្រីរដ្ឋាភិបាលបានចាត់ទុកករណីនេះថា គឺជាបទល្មើសជាក់ស្តែង។

នៅព្រឹកមិញ លោក អ៊ុំ សំអាន បានបង្ហាញមុខនៅឯតុលាការកំពូល នឹងបានស្រែកដាក់ក្រុមអ្នកកាសែតថា លោកមិនរំពឹងទទួលបានយុត្តិធម៌នោះទេ។ ចំណែកលោក ហែម សុជាតិ មេធាវីការពារក្តីវិញ បានចាត់ទុកសេចក្តីសម្រេចរបស់តុលាការកំពូលនៅថ្ងៃនេះថា ជាសេចក្តីសម្រេចខ្វះគតិយុត្ត និងអយុត្តិធម៌សម្រាប់កូនក្តីរបស់លោក។

គួរជំរាបជូនដែរថា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញាកន្លងទៅ តុលាការក្រុងភ្នំពេញ បានបើកសវនាការលើអង្គសេចក្តីក្នុងសំណុំរឿងលោក អ៊ុំ សំអាន ហើយសាលក្រមមួយនឹងត្រូវប្រកាសនៅថ្ងៃទី១០ ខែតុលាខាងមុខ។ លោក អ៊ុំ សំអាន គឺជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូបក្នុងចំណោម២២រូប ដែលកំពុងជាប់ឃុំឃាំងនៅក្នុងតុលាការប្រទេសកម្ពុជា៕

ប្រភព៖ RFI


Related Posts