របរ​ធាក់​ស៊ីក្លូ​​​ដឹក​​អ្នក​ទេសចរ​​បាន​ចំណូល​តិច​តួច​បំផុត តែ​ចំណាយ​កម្លាំង​ពេញ​មួយ​ថ្ងៃ

ជា​រៀង​រាល់​ថ្ងៃ​​​នៅ​​រាជធានី​ភ្នំពេញ​គេ​​តែង​​​សង្កេត​ឃើញ​មាន ក្រុម​អ្នក​ធាក់​ស៊ីក្លូ​​​​ស្លៀក​ពាក់​អាវ​ពណ៌​​បៃតង​ ដឹក​អ្នក​ទេសចរណ៍​​​​​​ទៅ​ដើរ​លេង​កម្សាន្ត​​នៅ​តាម​ផ្លូវ​មាត់​ទន្លេ មុខ​វាំង​ វត្ត​ភ្នំ វិមាន​ឯករាជ្យ​​​ ​តាំង​ពី​ព្រឹក​​ទល់​​ល្ងាច។ តើ​​​ចំណូល​របស់​ពួក​គាត់​ក្នុង​មួយ​ថ្ងៃ​បាន​ប៉ុន្មាន​ដែរ?

​​​​​​​

របរ​ធាក់​ស៊ីក្លូ​​​ដឹក​​អ្នក​ទេសចរ​​បាន​ចំណូល​តិច​តួច​បំផុត តែ​ចំណាយ​កម្លាំង​ពេញ​មួយ​ថ្ងៃ
 

ទៅ​ស្ដាប់​លោក សេង​ វ៉ាត អាយុ​ជាង​៦០​ឆ្នាំ មក​​​ពី​​ភូមិ​​ជន្លាត់​ដៃ​​ ខេត្ត​តាកែវ​ ​ជា​​អ្នក​ធាក់​​ស៊ីក្លូ​​​​ម្នាក់​ក្នុង​សមាគម​​អភិរក្ស​ស៊ីក្លូ និង​មុខ​របរ​ក្រៅ​ប្រព័ន្ធ​​ បាន​ឲ្យ​ដឹង​ថា​ លោកចាប់​​ផ្ដើម​​របរ​នោះ​​ជា​ច្រើន​​​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​នៅ​វ័យ​២០​ឆ្នាំ​មក​ម្ល៉េះ។ ​​​

 

អ្នក​មក​ពី​ឃុំ​​​រវៀង​ ​​ស្រុក​សំរោង រូប​នេះ​បាន​​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា រៀង​រាល់​ថ្ងៃ​​​​លោក​ចាប់​ផ្ដើម​ការងារ​​ចាប់​ពី​ម៉ោង​ ៥​​ឬ​៦​ព្រឹក​ ​រហូត​ដល់​ម៉ោង​៧​ទៅ​​​៨​​យប់។ ក្នុង​មួយ​ថ្ងៃ​​ លោក​វ៉ាត​ ​ប្រាប់​ថា​អាច​បើក​​លុយ​បាន​ពី​មួយ​ម៉ឺន​ទៅ​ពីរ​ម៉ឺន​រៀល ​ដោយ​គិត​ចាប់​ពី​​ព្រឹក​ព្រលឹម​​រហូត​​​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ បុរស​សម្បុរ​​ស្រអែម​រូប​នេះ​ប្រាប់​ថា ​លោក​​អាច​បើក​​លុយ​​ពី​សមាគម​បាន​ ពី​​​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​ទៅ​ មួយ​ម៉ឺន​ប្រាំ​មួយ​ពាន់​រៀល។

 

ចំពោះ​លុយ​ដែល​បើក​ពី​សមាគម​ អ្នក​ស្រុង​សំរោង​រូប​នេះ ប្រាប់​ថា លោក​អាច​បើក​ជា​ថ្ងៃ ឬ​សន្សំ​ទុក​បើក​កន្លះ​ខែ ឬ​មួយ​ខែ​ក៏​បាន។ ក្រៅ​ពី​ការ​​​​ដឹក​ភ្ញៀវ​ទេស​ចរ​​​ដែល​សមាគម​ជួយ​រក​ឲ្យ លោក វ៉ាត ​​បាន​ប្រាប់​ទៀត​ថា លោក​អាច​ទៅ​​​​​រក​ដឹក​ម៉ូយ​ក្រៅ ឬ​ដឹក​បន្លែ​​តាម​ទី​ផ្សារ​ផង​ដែរ​សម្រាប់​ទ្រ​ទ្រង់​ជីវភាព​។

 

ចំពោះ​​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ​​វិញ លោក​ វ៉ាត​ប្រាប់​ថា​​ ចំណាយ​ជិត​ ១​ម៉ឺន​រៀល​​​​ ​សម្រាប់​ថ្លៃ​អាហារ​ និង​​​​​​ថ្លៃ​ជួល​ស៊ីក្លូ​​​​​ក្នុង​មួយ​ថ្ងៃ​គឺ​៤​ពាន់​រៀល​។

 

 

ចុចអាន៖  ប្រុសៗ​ជក់​បារី​ ស្រីៗ​​ស្រលាញ់​អត់?

 

អត្ថបទ៖ មាន រតនា

​​