សម្រាប់​ក្រុង​ព្យុ​ង​យ៉ាង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​ទៅ​ពុំ​រួច​ឡើយ

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ថ្លែង​នា​ថ្ងៃ​ទី​២១ កញ្ញា ថា ស្វែងរក​ឱ្យ​ទទួល​បានការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​របស់​កូរ៉េ​ខាងជើង​សហរដ្ឋ​អាមេ​រិ​ក​នឹង​មិន​សម្រេច​បំណង​នេះ​បាន​ទេ ។

អ្នកនាំពាក្យ​រូប​នោះ​ថ្លែង​បែប​នេះ​ជា​ប្រតិកម្ម​តប​ចំពោះ​សម្តី​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ច​ន ឃ័​រ​រី លើ​លទ្ធភាព​នៃ​ការ​ចរចា​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង​ក្នុង​យថាភាព ដែល​កូរ៉េ​ខាងជើង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ក្រុង​ព្យុ​ង​យ៉ាង​យល់​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​ខិតខំ​សព្វបែបយ៉ាង ដើម្បី​ឱ្យ​សម្រេច​បានការ​រំសាយ​​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​ដោយ​សន្យា​ផ្តល់​រង្វាន់​សម្រាប់​ការ​បោះបង់​ចោលការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​សាកល្បង​បណ្តា​មី​ស៊ី​ល​របស់​ខ្លួន ។ ប្រសិនបើ​គម្រោង​នេះ​ត្រូវ​រៀបចំ នោះ​ក្តី​ស្រមៃ​មួយ​នឹង​ពុំ​សម្រេច​បាន​ដែរ ។ យោង​តាម​អ្នកការទូត​រូប​នោះ​ថា សហរដ្ឋ​អា​មេ​រិ​ក​មាន​បំណង​ដាក់​ក្រោម​ការ​ត្រួតត្រា​របស់​ខ្លួន​នូវ​ឧបទ្វីប​កូរ៉េ​ទាំង​មូល។ អ្នកការទូត​រូប​នោះ​ព្រមាន​ថា ប្រទេស​របស់​លោក​នឹង​បន្ត​បង្កើន​សក្តានុពល​នុយក្លេអ៊ែរ ហើយ​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង ព្រមទាំង​ការ​ចាប់បង្ខំ​របស់​អា​មេ​រិ​ក ដែល​មាន​ចាប់តាំងពី​ជាង​កន្លះ​សតវត្ស​មក​ហើយ ។

ក្នុង​ការ​ជួប​ពិភាក្សា​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ជាមួយ​សម​ភាគី​ជប៉ុន លោក​ហ្វូ​មី​អូ គី​ស៊ី​ដា និង​សម​ភាគី​កូរ៉េ​ខាងត្បូង លោក YUN BYUNG-SE លោក​ច​ន ឃ័​រ​រី បាន​លើក​ឡើង​ពី​ឆន្ទៈ​របស់​សហរដ្ឋ​អា​មេ​រិ​ក​លើក​ឡើង​ជាមួយ​កូរ៉េ​ខាងជើង​ពី​សន្ធិសញ្ញា​មិន​ឈ្លានពាន​គ្នា​មួយ និង​ដំណោះស្រាយ​សន្តិភាព​មួយ​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​លក្ខខណ្ឌ​ដែល​ក្រុង​ព្យុ​ង​យ៉ាង ព្រម​និយាយ​ពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ។ ទោះបី​យ៉ាងណា លោក​គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក ព្រមទាំង​បណ្តា​សម្ព័ន្ធមិត្ត​នឹង​បន្ត​ប្រឆាំង​នយោបាយ​របស់​កូរ៉េ​ខាងជើង ។

កូរ៉េ​ខាងជើង​ធ្លាប់​បាន​រិះគន់​ការ​អំពាវនាវ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ពី​ពិភពលោក​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ថា ជា​ពាក្យពេចន៍​ពោរពេញ​ដោយ​ពុតត្បុត ។

ក្រុង​ព្យុ​ង​យ៉ាង​ថា ការ​អំពាវនាវ​បែប​នេះ តាម​ពិត​ទៅ​គឺ​ចង់​ធ្វើ​ឱ្យ​សក្តានុពល​យោធា​របស់​ប្រទេស​ឯទៀត​ៗ​ចុះ​ខ្សោយ ហើយ​ពង្រឹង​សក្តានុពល​យោធា​របស់​សហរដ្ឋអាមេរិក ៕