នាង​ខារ៉ាអូខេ​តូចចិត្ត​ដ្បិត​ស្នេហ៍​ខុស​បំណង

នាង​ខារ៉ាអូខេ​តូចចិត្ត​ដ្បិត​ស្នេហ៍​ខុស​បំណង



រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​មាន​អាការ​បែកពពុះមាត់ ទន់ដៃទន់ជើង និង​អង្គុយ​ច្របាច់ក​ខ្លួនឯង​នៅ​លើ​កៅអី ដែល​តាម​ព័ត៌មាន​ថា ដោយសារ​តូចចិត្ត​សង្សារ​មានចិត្ត​មិន​ស្មោះត្រង់ ក៏​លេបថ្នាំ​ប៉ា​រ៉ា​និង​ប្រូ​ខូ​ល​អស់​ជា​ច្រើន​គ្រាប់ ។

ករណី​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា នៅ​ផ្លូវ​ផ្ទះល្វែង​ជម្ពូ​វ័ន​ក្រោយ​ហាង​ថតរូប​ល្អ​ពេញចិត្ត ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ នារី​ដែល​លេបថ្នាំ​ប៉ង​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ភា អាយុ​២០​ឆ្នាំ ជានា​រី​ខារ៉ាអូខេ​នៅ​ហាង​សំនៀង​ត្រជាក់ចិត្ត ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ និង​មានស្រុក​កំណើត​នៅ​ឃុំ​ច្រេស ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា នា​វេលា​ព្រលប់​ថ្ងៃ​នោះ​គេ​ឃើញ​នារី​រង​គ្រោះ​ដើរ​ចេញពី​ម្តុំ​ផ្ទះ​ជួល​នៅ​ជិត​នោះ​ដោយ​យកដៃ​ច្របាច់​បំពង់ក​ទាំង​អាការ​គ្មាន​កម្លាំងកំហែង ។ ខណៈ​ឃើញ​ដូច្នេះ សន្តិសុខ​យាម​នៅ​បុរី​ជម្ពូ​វ័ន​បានឱ្យ​កៅអីអង្គុយ ស្រាប់តែ​នាង​យកដៃ​ច្របាច់ក​ហើយ​បែកពពុះមាត់​ស្កុល ធ្វើ​ឱ្យ​មនុស្ស​ម្នា​ចោមរោម​មើល​និង​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ។ លុះ​ពេល​នគរបាលមក​ដល់​ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​របស់​កងពលតូច​លេខ​៧០ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​សមត្ថកិច្ច​ហៅ​ក្រុម​សង្គ្រោះ​កងពលតូច​លេខ​៧០​មក​ដល់ ក៏​បាន​សង្គ្រោះ​បឋម​ដោយ​ធ្វើ​ចលនា និង​ដាក់​អុក​ស៊ី​សែន​ឱ្យ​នាង​ទាន់​ពេលវេលា រួច​ដឹក​ទៅ​លាង​ក្រពះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

នារី​ដែល​លេបថ្នាំ​នេះ ពេល​ដឹងខ្លួន​វិញ​បាន​ប្រាប់​ទាំង​រវើរវាយ​ថា នាង​មាន​សង្សារ​ម្នាក់​ឈ្មោះ ឌី ដែល​បាន​ស្រឡាញ់​គ្នា​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ។ រូប​នាង​ស្រឡាញ់​សង្សារ​អស់ពី​ចិត្ត ហើយ​ថែម​ទាំង​ខំ​ស្មោះ​ថែម​ទៀត​ផង ទោះបី​នាង​ជានា​រី​ខារ៉ាអូខេ​តែ​មិន​លក់​បេះដូង​ឱ្យ​បុរស​ណា​ឡើយ ។ ផ្ទុយ​ទៅ​វិញ សង្សារ​នាង​តាំងពី​ដើម​មក​តែងតែ​លួចលាក់​មាន​ស្រី​ថ្មី ធ្វើបាប​ចិត្ត​នាង​រហូត និង​ពេល​ខ្លះ​លួច​យក​ស្រី​មក​ដេក​នៅ​បន្ទប់​ជួល​របស់​នាង ហើយ​ចាក់សោ​ពី​ក្នុង​ទុក​ឱ្យ​នាង​អង្គុយ​ក្រៅ​ផ្ទះ​ក៏​មាន​ដែរ ។

ដោយសារ​តែ​ខូចចិត្ត​ខ្លាំង​ពេក មួយ​រយៈ​នេះ​នាង​បាន​លង់ខ្លួន​សេព​គ្រឿងញៀន​ជាមួយ​មិត្តភក្ដិ​ដើម្បី​បំភ្លេច​ទុក្ខ​កង្វល់ ។ លុះ​មក​ដល់​ថ្ងៃ​ទី​១៩ ខែកញ្ញា ដោយសារ​តែ​ដំបៅ​ដួងចិត្ត​ឈឺ​កាន់តែ​រោលរាល​ខ្លាំង ទើប​នាង​មានគំនិត​ធ្វើ​អត្តឃាត​ដោយ​បាន​ទិញ​ថ្នាំ​ជា​ច្រើន​គ្រាប់​មាន​ដូច​ជា​ប្រូ​ខូ​ល និង​ប៉ា​រ៉ា​ជាដើម​យក​មក​លេប​ទើប​បណ្ដាល​ឱ្យ​បែកពពុះមាត់​ដេក​តាម​ផ្លូវ​បែប​នេះ ។

ល្បែង​ស្នេហា មិន​ចាំបាច់​ចាត់​ទុក​ខ្លួន​ថា ជា​ស្ត្រី​ល្អ​ក្នុង​សង្គម​នោះ​ទេ​ដែល​ចង់បាន​ភាព​ស្មោះត្រង់​ពី​គូស្នេហ៍ សូ​ម្បី​នាង​ជានា​រី​ខារ៉ាអូខេ​ក៏​មាន​បេះដូង​ដូច​គ្នា​ដែរ ៕