មេដឹកនាំ​ពិភពលោក ប្តេជ្ញា​ការពារ «​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​» ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ និពន្ធដោយ : ទេព អ៊ីវិសាល       September-21-2016, 3:55 pm         314

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេដឹកនាំ​ពិភពលោក ប្តេជ្ញា​ការពារ «​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​» ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​មេដឹកនាំពិភពលោក ជួបជុំគ្នានាសម័យប្រជុំពេញអង្គលើកទី៧១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាពដោយ៖ UN News Centre)​ជាង​កន្លះ​ទសវត្សរ៍​ចុងក្រោយ​មកនេះ មាន​ចំនួន​ប្រជាជន​ច្រើន​លើសលប់ បាន​បង្ខំចិត្ត​ចាកចេញ​ពី ប្រទេស ផ្ទះសម្បែង ដោយសារតែ​សង្គ្រាមស៊ីវិល និង​វិបត្តិ​នយោបាយ​ក្នុងស្រុក និង​តំបន់​។ បញ្ហា​នេះ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ពិភពលោក បាន​ជួបជុំគ្នា​នា​សម័យប្រជុំ​លើក​ទី​៧១​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដោយ មេដឹកនាំ​ទាំងនោះ ក៏បាន​អនុម័ត​លើ​សេចក្តីប្រកាស​មួយ​ជា​ប្រវត្តិសាស្ត្រ ជាមួយនឹង​ការបង្ហាញ​ឆន្ទៈ​នយោបាយ​ក្នុងការ​ការពារ​«​សិទ្ធិ​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​», សង្គ្រោះ​អាយុជីវិត និង​បែងចែក​ការទទួលខុសត្រូវ​សម្រាប់​ចលនា​ផ្លាស់ប្តូរ​ជា​សកល​ផងដែរ​។

​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៩ ខែកញ្ញា​កន្លងទៅ បាន​បើក​កិច្ចប្រជុំ​កំពូល​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ស្តីពី​«​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​» និង​បានអនុម័ត​សេចក្តីថ្លែងការណ៍​មួយ ឈ្មោះថា «New York Declaration» ដោយបាន​បញ្ជាក់​ពី​ការប្តេជ្ញា​យ៉ាង​មុតមាំ​របស់​មេដឹកនាំ​លោក​ក្នុងការ​បន្ត​ជជែក​ពី​បញ្ហា​បច្ចុប្បន្ន និង​ការត្រៀមខ្លួន​សម្រាប់​បញ្ហា​ប្រឈម​នាពេល​អនាគត ដែល​រាប់បញ្ចូល​ទាំង​ការចាប់ផ្តើម​ការចរចា​ជំរុញ​ឲ្យ​មាន​សន្និសីទ​អន្តរជាតិ​ជាដើម​នោះ​។

​សេចក្តីថ្លែងការណ៍​នោះ ក៏បាន​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ដើម្បី​ធានា​ពី​ការការពារ​សិទ្ធិមនុស្ស​នៃ​ជនអន្តោប្រវេសន៍ និង​ជនភៀសខ្លួន​, ធានា​ឲ្យ​បាន​ថា រាល់​កុមារ​ដែលជា​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍ អាច​ទទួលបាន​ការអប់រំ​ក្នុង​រយៈ​ពីរ​ឬ​បី​ខែ​នៃ​ការមកដល់​របស់​ពួកគេ​ទៅកាន់​ប្រទេស​នីមួយៗ​, ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​ហិង្សា​ផ្លូវភេទ​, ជ្រោមជ្រែង និង​គាំពារ​រាល់​ប្រទេស​ដែល​កំពុងតែ​សង្គ្រោះ ទទួល និង​ផ្តល់​ទីជម្រក​ដល់​ជនភៀសខ្លួន និង​ជនអន្តោប្រវេសន៍​ជាច្រើន​នាក់ និង​បទបញ្ញត្តិ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជនភៀសខ្លួន និង​ជន​អន្តោ​ប្រវេសន៍​។

​ជុំវិញ​សេចក្តីថ្លែងការណ៍​ប្រវត្តិសាស្ត្រ​នេះ លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​សាទរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​បណ្តា​សមាជិក ដោយ​លោក បាន​អះអាង ថា «​កិច្ចប្រជុំ​កំពូល​ថ្ងៃនេះ បានបង្ហាញ​ពី​ការទម្លាយ​របាំង​ដើម្បី​ចូលរួម​កម្លាំង​ជា​សមូហភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ចលនា​ផ្លាស់ប្តូរ​របស់​មនុស្សជាតិ​»​។

​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនោះ ក៏បាន​បន្ថែម​ដែរ​ថា « ការអនុម័ត​សេចក្តីថ្លែងការណ៍ New York Declaration » ក៏មាន​ន័យ​ដែរ​ថា កុមារ​ជាច្រើន​អាច​ចូលរៀន​នៅ​សាលា​បាន​, កម្មករ​ជាច្រើន អាច​ធានាបាន​ពី​ការស្វែងរក​ការងារ​ក្រៅប្រទេស​, និង​ប្រជាជន​ជាច្រើន អាច​ធានាបាន​ពី​និរន្តរ​ភាព​នៃ​សន្តិភាព​ជាដើម​។

​បន្ថែម​ពី​ការទទូច​ឲ្យ​មេដឹកនាំ​ពិភពលោក​ចូលរួម​អនុវត្ត​សេចក្តីប្រកាស​នោះ លោក​អគ្គលេខាធិការ ក៏បាន​បង្កើត​យុទ្ធនាកា​រ​មួយ​ថ្មី ដែលមាន​ឈ្មោះថា «​ចូលរួម​ទាំងអស់គ្នា គោរព សុវត្ថិភាព និង​កិត្យានុភាព​សម្រាប់​ទាំងអស់គ្នា​» ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ការ​ស្អប់ និង​ផ្លាស់ប្តូរ​ពី​ការភ័យខ្លាច​ឲ្យ​ទៅជា​ក្តីសង្ឃឹម​វិញ​»​ផងដែរ​៕