ក្រុមអ្នកការទូតនិយាយថាកិច្ចឈប់បាញ់គ្នានៅស៊ីរីមិនទាន់ផុតរលត់ទេ

«កិច្ចឈប់បាញ់គ្នាមិនទាន់ផុតរលត់ទេ» គឺជាការសន្និដ្ឋានរបស់ពួកអ្នកការទូតសំខាន់ៗមួយចំនួនអំពីកិច្ចឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរី ទោះបីជាមានការវាយប្រហារលើក្បួនកុងវ័រមួយដែលដឹកជញ្ជូនជំនួយកាលពីថ្ងៃចន្ទ។

បណ្ដារដ្ឋ និងអង្គការ២០ជាសមាជិកនៃក្រុមអន្តរជាតិគាំទ្រប្រទេសស៊ីរីដែលហៅកាត់ថា ISSG បានជួបប្រជុំគ្នាប្រមាណមួយម៉ោងកាលពីថ្ងៃអង្គារនៅក្នុងបូរី ញូវយ៉ក ហើយបានសម្រេចថានឹងជួបប្រជុំគ្នាទៀតនៅថ្ងៃសុក្រ។

លោក John Kerby អ្នកនាំពាក្យនៃក្រសួងការបរទេសស.រ.អា.បាននិយាយថា «ពួកគេបានយល់ស្របគ្នាថា ទោះណាជាមានអំពើហិង្សាតទៅទៀតក៏ដោយក៏ជាការចាំបាច់ត្រូវធ្វើឱ្យមានការបញ្ឈប់អរិភាពនៅទូទាំងប្រទេសដោយផ្អែកទៅលើកិច្ចសម្រុះសម្រួលដែលបានសម្រេចកាលពីសប្តាហ៍មុន នៅក្នុងក្រុងហ្សឺណែវ រវាងស.រ.អា.និងប្រទេសរុស្ស៊ី»។

លោករដ្ឋមន្ត្រីការបរទេសស.រ.អា. John Kerry បានមានប្រសាសន៍ប្រាប់ពួកអ្នកកាសែតនៅពេលលោកចេញពីការប្រជុំនៃក្រុម ISSG ថា៖ «កិច្ចឈប់បាញ់គ្នាមិនទាន់ផុតរលត់ទេ»។

គេមានជំនឿជាទូទៅថា ការវាយប្រហារមួយតាមអាកាសត្រូវបានធ្វើឡើងដោយយន្តហោះស៊ីរី ឬយន្តហោះរុស្ស៊ីទៅលើក្បួនឡានដឹកជញ្ជូនជំនួយ ដែលមានរថយន្ត៣១គ្រឿងដែលបានបើកចេញពីព្រំដែនប្រទេសតួកគី ទៅកាន់ក្រុង Aleppo នៃប្រទេសស៊ីរី។

បើតាមអង្គការមនុស្សធម៌អឌ្ឍចន្ទក្រហមស៊ីរីនិយាយថា ឡានកាមីញ៉ុង ១៨គ្រឿងក្នុងបណ្តាឡានទាំងនេះបានរងគ្រោះដោយសារការវាយប្រហារនេះ។ ការវាយប្រហារនេះបានបណ្តាលឱ្យជនស៊ីវិល២០នាក់និងប្រធាននៃការិយាល័យក្នុងមូលដ្ឋាននៃអង្គការអឌ្ឍចន្ទក្រហមស៊ីរីស្លាប់៕

ប្រភព៖ VOA


Related Posts