លោក អូបាម៉ា ថ្លែងទៅកាន់មេដឹកនាំពិភពលោកជាលើកចុងក្រោយ

នៅក្នុងសុន្ទរកថាចុងក្រោយបង្អស់របស់លោកនៅអ.ស.ប. លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ជាថ្មីម្តងទៀតអំពីការប្តេជ្ញារបស់លោកដល់ ពហុភាពនិយម និងដល់អង្គការពិភពលោកនេះ។

លោកប្រធានាធិបតីបានមានប្រសាសន៍ប្រាប់ពួកមេដឹកនាំពិភពលោកកាលពីថ្ងៃអង្គារថា៖ «យើងអាចជ្រើសរើសដើម្បីជំរុញទៅមុខជាមួយគំរូល្អប្រសើរជាងមុនមួយនៃកិច្ចសហប្រតិបត្តិការនិងការរួមបញ្ចូលគ្នាឬមួយ យើងអាចដកថយទៅក្នុងពិភពលោកមួយដែលបែកបាក់គ្នាយ៉ាងខ្លាំងនិងមានជម្លោះរវាងប្រទេសជាតិដែលមានការខ្វែងគំនិតគ្នាខាងកុលសម្ព័ន្ធ ខាងពូជសាសន៍ និងខាងសាសនា។ ខ្ញុំចង់ស្នើដល់លោកអ្នកនៅថ្ងៃនេះថា យើងត្រូវតែទៅមុខហើយមិនត្រូវថយក្រោយទេ»។

លោក អូបាម៉ា ដែលនឹងចាកចេញពីតំណែងនៅខែមករាខាងមុខ បានមានប្រសាសន៍អំពីការជឿនលឿននៅក្នុងរយៈពេល៨ឆ្នាំដែលលោកកាន់តំណែងជាប្រធានាធិបតីស.រ.អា. ដោយមានរួមបញ្ចូលការកាត់បន្ថយភាពទីទាល់ក្រខ្លាំងបំផុត ការដោះស្រាយបញ្ហាបរមាណូនៃប្រទេសអ៊ីរ៉ង់ ការបើកឱ្យមានទំនាក់ទំនងជាមួយប្រទេសគុយបា និងការយល់ព្រមឱ្យមានកិច្ចព្រមព្រៀងអន្តរជាតិមួយអំពីការប្រែប្រួលអាកាសធាតុ។

លោកប្រធានាធិបតីបានមានប្រសាសន៍ថា៖ «នេះជាការងារសំខាន់មួយ វាបានធ្វើឱ្យមានការខុសប្លែកពិតប្រាកដមួយនៅក្នុងជីវិតរបស់ប្រជារាស្ត្រយើង ហើយទាំងនេះមិនអាចកើតមានបានទេប្រសិនបើយើងមិនធ្វើការជាមួយគ្នា»៕

ប្រភព៖ VOA


Related Posts